ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ហាក់​មិន​ចាប់អារម្មណ៍​នឹង​ការ​ព្រមាន​របស់​សម្តេច​តេ​ជោ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ទោះបីជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ថា​នឹង​ទម្លាយ​សម្លេង​ទាំងអស់ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួលស្គាល់​សំឡេង​ដែល​

រាជធានី​ភ្នំពេញ​ ៖ ទោះបីជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ថា​នឹង​ទម្លាយ​សម្លេង​ទាំងអស់ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួលស្គាល់​សំឡេង​ដែល​បែកធ្លាយ​ក្នុង​ជំនួប​ពិភាក្សា​តាម​ទូរស័ព្ទ​យ៉ាងណា​ក្តី លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​សម្តែង​ការ​មិន​ចាប់​អា​ម្មរណ៍​នោះ​ទេ ។

នៅ​ក្នុង​ជំនួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃ​ទី​០៦ មិ​នា ២០១៧ លោក​កឹ​ម សុខា បាន​បញ្ជាក់​ថា​«​យើង​ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់ ស្គាល់​ខ្លួនឯង​ច្បាស់​ណាស់​ថា “​យើង​កើត​ចេញ​មកពីណា បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ណា ហើយ​យើង​ធ្វើ​ដំណើរ​ទៅ​ណា និង​ដើម្បី​អ្វី?​”​។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក​កឹ​ម សុខា បាន​បន្ត​ថា ៖ « យើង​បន្ដដំណើរ​រួម​គ្នា​ទៅ​មុខជា​និច្ច អ្វី​ៗ​ទុក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​វិនិច្ឆ័យ​ចុះ អ្នក​ណា​ត្រូវ អ្នក​ណា​ខុស?។ ខ្ញុំ​យល់​ឃើញ​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​បាន​តាមដាន​ស្ថានភាព​នយោបាយ​ដោយ​យកចិត្តទុកដាក់ មាន​ភាព​វៃឆ្លាត និង​យល់​ដឹង​ច្រើន​ហើយ​»​។

មេ​បក្ស​ប្រឆាំង​ដែល​ទើប​ឡើង​កាន់​តំណែង​ផ្លូវការ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជំនួស លោក សម រ​ង្ស៊ី កាលពី​ស​ប្តា​ហ៍​មុន​បាន​បញ្ជាក់​ថា «​គណបក្ស​សង្គ្រោះ​ជាតិ កើតឡើង​ពី​ការ​រួបរួម​គ្នា ។ អ្វី​ៗ​យើង​តែងតែ រួម​គ្នា​គិត រួម​គ្នា​ធ្វើ រួម​គ្នា​សម្រេច ដើម្បី​ផលប្រយោជន៍​រួម សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​»​។

សូម​បញ្ជាក់​ថា នៅ​ក្នុ​​ង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​២ និង​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​២ កំណាត់​ទី​១ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មិ​នា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ថា​នឹង​ទម្លាយ​សារ​ឆ្លើយឆ្លង​ទាំងអស់​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នៅ​កម្ពុ​ជាមួយ​នេះ នៅ​តែ​ផ្គើន​មិន​ទទួលស្គាល់​សារ​សំឡេង​សន្ទនា​រវាង​សម្តេច និង​លោក កឹ​ម សុខា ដែល​បាន​បែកធ្លាយ​កាលពី​ស​ប្តា​ហ៍​មុន​នោះ​ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​អ្នកឯង​ចង់​សាក​ហ្ហេ​! បើ​ចង់​សាក​ខ្ញុំ​ទម្លាយ​ចេញ​ទាំងអស់​ ។ តាំងពី​ក្នុង WhatApp SMS តិច​អ្នកឯង​ថា ខ្ញុំ​ជា​មនុស្ស​មិន​បានការ​ ។ គ្រាន់តែ​ឯកសារ​ស្តុក ដែល​អ្នកឯង SMS មក​ខ្ញុំ អ្នកឯង Whatapp មក​ខ្ញុំ អ្នកឯង Telegram មក​ខ្ញុំ អ្នកឯង Line មក​ខ្ញុំ​ ។ អ្នកឯង​ចង់​ឲ្យ​ខ្ញុំ​បញ្ចេញ? ខ្ញុំ​នឹង​បញ្ចេញ​ឲ្យ​អ្នកឯង​មើល​ទាំងអស់​ ។ នៅ​ស្រុក​ខ្មែរ​មាន​នរណា​ជេរ ហ៊ុន សែន ថា អា​យ៉ង ក៏​ប៉ុន្តែ​មក​ធ្វើ​ជា អា​យ៉ង របស់​ហ៊ុន សែន​»​ ។

គួរ​រំ​ឮ​កថា កាលពី​ថ្ងៃ ទី​០៤ មីនា ២០១៧ Facebook ឈ្មោះ «​សីហា​» បាន​ទម្លាយ​សារ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​មួយ​រវាង សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ ក្នុង​សារ​សំឡេង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង លោក កឹ​ម សុខា បាន​ពិភាក្សា​គ្នា​ពី​ការ​រក​ច្រក​ឲ្យ​លោក កឹ​ម សុខា បាន​រួច​ផុត​ពី​ទោសទណ្ឌ ជា​ពិសេស​ផែនការ​ជួយ​ឲ្យ​លោក កឹ​ម សុខា ដណ្តើម​បាន​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​លោក សម រ​ង្ស៊ី ផង​ដែរ ​។

ក្នុង​សារ​សន្ទនា​បែកធ្លាយ​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា​ជា​សំឡេង​ពិតប្រាកដ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ពី​ការ​ខឹងសម្បា​ខ្លាំង​ជាមួយ​លោក សម រ​ង្ស៊ី ដែល​បាន​ចោទប្រកាន់​ភរិយា​និង​កូន​របស់​សម្តេច ថា​ ជា​កូន​របស់​មេដឹកនាំ​វៀតណាម ឡេ ឌឹ​ក​ថ ។ ត្រង់​ចំណុច​នេះ ត្រូវ​បាន​លោក កឹ​ម សុខា បន្ទរ​តប​បង្ហាញ​ការ​មិន​ពេញចិត្ត​ជាមួយនឹង​លោក សម រ​ង្ស៊ី ផង​ដែរ​ ។

ការ​បែកធ្លាយ​សំឡេង​នេះ មិន​មានការ​ចេញ​បដិសេធ ឬ ប្រតិកម្ម​ណាមួយ​ពី​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ តែ​លោក សម រ​ង្ស៊ី ដែល​ទើប​លាលែង​តំណែង បាន​ចេញ​មក​ថ្លែង​អំពាវនាវ​ឲ្យ​សាធារណជន កុំ​ចាប់​អាម្ម​ណ៍​ទៅ​លើ​សារ​សំឡេង​នោះ​ ។ លោក សម រ​ង្ស៊ី បាន​ហៅ​សំឡេង​សន្ទនា​បែកធ្លាយ​នោះ​ថា ជា​សំឡេង​កាត់ត និង​ប្រឌិត​ឡើង​ក្នុង​បំណង​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ ។

អតីត​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​គ​ដោយ​បញ្ជាក់​ថា​ «​សូម​បងប្អូន កូនក្មួយ កុំ​ឲ្យ​តម្លៃ ទៅ​លើ​ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​ជា​សម្លេង ដែល​គេ​ប្រឌិត ឬ​កាត់ត យក​មក​ផ្សព្វផ្សាយ ក្រៅ​បរិបទ​របស់​វា ហើយ​ក៏​កុំ​ជឿ​ការ​បកស្រាយ​អកុសល និង​ការ​ញុះញង់​ទាំងឡាយ ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​ប៉ុនប៉ង​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​»​ ។

លោក​សម រ​ង្ស៊ី បន្ថែម​ថា តាម​ការ​ពិត គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រឹង​មាំ​ដដែល ពីព្រោះ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ស្រលាញ់​យុត្តិធម៌​ទាំងអស់ យល់​ច្បាស់​ថា ការ​ឯកភាព​ជា​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​សង្គ្រោះ​ជាតិ​យើង​ទាំងអស់​គ្នា​ ។ គ្រប់​កាលៈទេសៈ ទោះជា​មាន​តំណែង​ជា​ប្រធាន ឬ​គ្មាន​តំណែង​អ្វី​ក្នុង​បក្ស​ក៏​ដោយ លោក កឹ​ម សុខា និង​រូប​ខ្ញុំ សម រ​ង្ស៊ី នៅ​តែ​ជា​មនុស្ស​តែ​មួយ គឺជា​ដៃគូ​ស្លាប់​រស់ ដើម្បី​សង្គ្រោះ​ជាតិ​យើង​ ។ ដោយសារ​តែ​ខាងគេ​ម្ខាង​ទៀត​នោះ រក​វិធី​អ្វី​មិន​បាន ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ខ្សោយ ពួក​គេ​មាន​តែ​ប្រើ​ល្បិច​កាន់តែ​ថោកទាប​ទៅ ថោកទាប​ទៅ តែ​នៅ​ទី​បញ្ចប់ ត្រូវ​តែ​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មិន​ខាន ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​ឲ្យ​សេចក្តី​សង្ឃឹម កិត្តិយស និង​ភាព​ថ្លៃថ្នូរ របស់​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល ៕