ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក ៖ ពួក​យើង​អាច​នឹង​មិន​ខ្វល់​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​លិខិត​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ពុធ រដ្ឋាភិបាល​លោក Trump បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​មិន​ត្រូវ​បាន​ចង​ភ្ជាប់​ជាមួយ​ការ​សម្រេចចិត្ត​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

សហរដ្ឋអាមេរិក ៖ ក្នុង​លិខិត​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ពុធ រដ្ឋាភិបាល​លោក Trump បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​មិន​ត្រូវ​បាន​ចង​ភ្ជាប់​ជាមួយ​ការ​សម្រេចចិត្ត​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) លើ​ជម្លោះ​ពាណិជ្ជកម្ម​ទេ ។ នេះ​គឺជា​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​អតីត​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ពី​មុន​មក។

លិខិត​ខាងលើ​អះអាង​ថា ៖ « បើ​ទោះជា​ការ​សម្រេចចិត្ត​របស់​គណៈវិនិច្ឆ័យ​ក្តី​ទាក់ទិន​នឹង​ជម្លោះ​របស់ WTO បាន​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​នោះ ការ​សម្រេចចិត្ត​បែប​នេះ ក៏​មិន​មាន​ន័យ​ថា នឹង​នាំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ច្បាប់ និង​ការ​អនុវត្ត​របស់​សហរដ្ឋអាមេរិក​ដោយ​ស្វ័យប្រវត្តិ​ដែរ ។ រដ្ឋាភិបាល​លោក Trump នឹង​ការពារ​យ៉ាង​ខ្លាំងក្លា​នូវ​អធិបតេយ្យភាព​របស់​អា​មេ​រិ​ក​ទាក់ទិន​នឹង​គោលនយោបាយ​ពាណិជ្ជកម្ម » ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ប្រទេស​ចំនួន​១៦៤ ក្នុង WTO រួម​ទាំង​ទាំង​ប្រទេស​ចិន​យល់​ស្រប​ថា នឹង​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​តាម​រយៈ​គណៈវិនិច្ឆ័យ​ក្តី WTO ។ រដ្ឋាភិបាល​លោក Obama បាន​កសាង​ក្តី​ជា​ច្រើន​ប្រឆាំង​នឹង​ប្រទេស​ចិន​ក្នុង WTO ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​លើ​ដែកថែប​របស់​ចិន​កាលពី​ឆ្នាំ​មុន ។

លោក​ប្រធានាធិបតី Trump បាន​និយាយ​ក្នុង​សភា​កាលពី​ថ្ងៃ​អង្គា​រថា ការ​ចូល​ជា​សមាជិក​របស់​ប្រទេស​ចិន​ក្នុង WTO នា​ឆ្នាំ​២០០១ គឺ​ទាក់ទិន​នឹង​ការ​បាត់បង់​រោងចក្រ​ក្នុង​សហរដ្ឋអាមេរិក ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការពារជាតិ​របស់​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួក​គេ​ប្តេជ្ញា​ថា នឹង​សហការ​តាម​រយៈ WTO និង​ការពារ​តំណែង​ដ៏​សំខាន់​របស់​អង្គការ​នេះ​ក្នុង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ពិភពលោក ។

ប្រសិនបើ​រដ្ឋាភិបាល​លោក Trump មិន​ចង់​សហការ​ជាមួយ WTO ទេ​នោះ ឥទ្ធិពល​របស់ WTO នឹង​ត្រូវ​បាន​ប៉ះពាល់ ។ ប្រទេស​ជា​សមាជិក​អាច​នឹង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង និង​ប្រកាន់​គំនិត​ការពារ​និយម ។

ប៉ុន្តែ​លិខិត​នេះ​ទទួលស្គាល់​ថា គ្មាន​ការ​ខាតបង់​អ្វី​ឡើយ​សម្រាប់​សហរដ្ឋអាមេរិក បើ​ពួក​គេ​គោរព​តាម​ច្បាប់​របស់ WTO ។ ប្រសិនបើ​សហរដ្ឋអាមេរិក​ចាញ់ក្តី​ក្នុង WTO ហើយ​សហរដ្ឋអាមេរិក​មិន​ព្រម​កែប្រែ​ច្បាប់​ឬ​ការ​អនុវត្ត​នោះ ប្រទេស​ដែល​ឈ្នះ​មាន​សិទ្ធិ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​សហរដ្ឋអាមេរិក ៕