ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់ស្វាយចន្ទី​ស្រស់​មាន​ហាងឆេង​ខ្ពស់ ខណៈ​ទិន្នផល​ធ្លាក់​ចុះ

7 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គី​រី ៖ ហាងឆេង​គ្រាប់ស្វាយចន្ទី​ស្រស់​ឆ្នាំ​នេះ មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ​ទ្វេ​ដង តែ​ទិន្នផល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល ដូច​ជា​អាកាសធាតុ​ចុះ​ត្រជាក់ ខ្យល់ និង​

ខេត្ត​មណ្ឌល​គី​រី ៖ ហាងឆេង​គ្រាប់ស្វាយចន្ទី​ស្រស់​ឆ្នាំ​នេះ មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ​ទ្វេ​ដង តែ​ទិន្នផល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល ដូច​ជា​អាកាសធាតុ​ចុះ​ត្រជាក់ ខ្យល់ និង​មាន​ភ្លៀង​កក់ខែ​ជាដើម​ដែល​ធ្វើ​ឲ្យ​ដំណាំ​នេះ​ហុច​ផល​មិន​បាន​ច្រើន​ដូច​ឆ្នាំ​មុន ។

កង្វះខាត​ទិន្នផល​ស្វាយចន្ទី​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ហក់​ឡើង​ខ្ពស់​ផង​ដែរ ខណៈ​ដែល​ធ្វើ​ក្រុម​ឈ្មួញ​កំពុង​ដណ្ដើម​គ្នា​ទិញ ស្រប​ពេល​រដូវ​ប្រមូល​ផល​បាន​ចាប់ផ្តើម​ពេញលេញ​នៅ​ដើមខែ​មីនា​នេះ ។ ទោះបី​យ៉ាងណា ក៏​មាន​អ្នក​ម៉ៅ​ចម្ការ​ស្វាយចន្ទី​ខ្លះ​ខកចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ ដោយសារ​តែ​ទិន្នផល​មិន​បាន​ដូច​ការ​គ្រោងទុក ថែម​ទាំង​ខាតបង់​ដើមទុន​យ៉ាងច្រើន ។

កសិករ​ម្នាក់​រស់នៅ​ស្រុក​កែវ​សីមា ឈ្មោះ សៅ សា​មាន បាន​និយាយ​ថា បច្ចុប្បន្ន​តម្លៃ​គ្រាប់ស្វាយចន្ទី​ស្រស់​លក់​បាន​៧.៨០០​រៀល ក្នុង​១​គីឡូក្រាម ធៀប​នឹង​ឆ្នាំ​មុន តម្លៃ​ត្រឹមតែ ៥.២០០​រៀល​ប៉ុណ្ណោះ ។ លោក​មាន​ចម្ការ​ស្វាយចន្ទី​ទំហំ​៤​ហិ​កតា អាច​ប្រមូល​ផល​បាន​ចាប់ពី​១៥០​ទៅ​២០០​គីឡូក្រាម​ក្នុង​១​ថ្ងៃ ។ លោក​ថា ៖ «​ទោះបី​ស្វាយចន្ទី​ឆ្នាំ​នេះ​មិន​ទទួល​បាន​ផល​ច្រើន តែ​មាន​តម្លៃ​ខ្ពស់ ធ្វើ​ឲ្យ​លោក​រីករាយ​សប្បាយចិត្ត និង​អាច​ទទួលយក​បាន » ។

ឈ្មួញកណ្ដាល​ដែល​ដើរ​ទិញ​គ្រាប់ស្វាយចន្ទី​បាន​និយាយ​ថា តម្លៃ​ឆ្នាំ​នេះ​គឺ​ជិត​៨​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ជា​តម្លៃ​មួយ​ខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​កាលពី​ឆ្នាំ​មុន​ៗ តម្លៃ​គ្រាប់ស្វាយចន្ទី​មាន​តម្លៃ​ចន្លោះ​ពី​២​ពាន់​ទៅ​៥​ពាន់​រៀល​ប៉ុណ្ណោះ ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី  លោក សុង ឃាង បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ដាំ​ស្វាយចន្ទី​នៅ​ខេត្តមណ្ឌលគិរី​មាន​ចំនួន​តិច​នៅឡើយ ហើយ​ខាង​មន្ទីរ​នៅ​ពុំ​ទាន់​មាន​តួលេខ​ជាក់លាក់​នៅឡើយ​ទេ ប៉ុន្តែ​ចំពោះ​តម្លៃ​វិញ គឺ​ពិតជា​ឡើងថ្លៃ​ជាង​ឆ្នាំ​មុន​មែន ។

ចំណែក លោក ផា​ន់ មុ​ន្ថា អនុប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ដាំ​ស្វាយចន្ទី​នៅ​ស្រុក​កែវ​សីមា មាន​ចំនួន​៨០០​ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​មុន​កើនឡើង​ច្រើន ដោយ​ឆ្នាំ​មុន​មាន​ត្រឹមតែ​៥០០​ហិ​កតា​ប៉ុណ្ណោះ ។ លោក​ថា ៖ « ពេល​នេះ កសិករ​រីករាយ​នឹង​លក់​ទិន្នផល​ដែល​ពួក​គេ​ប្រមូល​បាន​ណាស់ ព្រោះ​ឈ្មួញ​ចាំ​ទទួល​ទិញ​ដល់​ចម្ការ និង​បន្ត​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម » ។

ដោយឡែក​នៅ​ខេត្ត​រតនគីរី​ឯណោះ​វិញ ក៏​មិន​ខុស​គ្នា​ដែរ ផល​ស្វាយចន្ទី​ក្នុងឆ្នាំនេះ​បាន​ធ្លាក់​ចុះ ធ្វើ​ឲ្យ​អ្នក​ម៉ៅ​ចម្ការ​ស្វាយចន្ទី​ខកចិត្ត និង​ខាតបង់​លុយកាក់​យ៉ាងច្រើន​។ ការ​ខូចខាត​ទិន្នផល​ដំណាំ​ស្វាយចន្ទី​ឆ្នាំ​នេះ​ត្រូវ​គេ​និយាយ​ថា​កម្រ​នឹង​ជួប​ណាស់ គឺ​ផ្កា​ស្វិត​ក្រៀម​ទង​ផ្កា និង​រុះ​រោយ​អស់ មិន​មាន​ក្តិ​ប​គ្រប់​ចម្ការ​នៅ​ក្នុង​ខេត្តរតនគិរី​នេះ​។

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត លោក សយ សូ​ណា មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ដោយសារ​កត្តា​ខ្យល់​ខ្លាំង​ពេក ត្រជាក់​ពេក និង​ភ្លៀង​ចុងឆ្នាំ​ច្រើន​ពេក។ ឆ្នាំ​២០១៧​នេះ ដំណាំ​ស្វាយចន្ទី​មានការ​កើនឡើង​ជាង​២​ពាន់​ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​ផ្ទៃដី​ដាំ​មាន​២៧.០០០​ហិ​កតា​ជាង ហើយ​ការ​ប្រមូល​ផល​ក្នុង​ឆ្នាំ​២០១៦​បាន​លើ​ផ្ទៃដី​ជាង​១៩.០០០​ហិ​កតា​។ ចំណែក​តម្លៃ​ក៏​កើនឡើង​មួយ​ជា​ពីរ​ដែរ​នៅ​ឆ្នាំ​២០១៧​នេះ គឺ​តម្លៃ​ពី​៨.០០០​រៀល​ទៅ​៩.០០០​រៀល​ក្នុង​១​គីឡូក្រាម ។

ការ​ធ្លាក់​ទិន្នផល និង​តម្លៃ​កើនឡើង​នេះ ក្រុម​អ្នក​ម៉ៅ​ចម្ការ​ស្វាយចន្ទី​បាន​រអ៊ូរទាំ​ថា ពួក​គេ​ពិតជា​ខាត​ចូល​ដើម ពីព្រោះ​ស្វាយចន្ទី​ម៉ៅ​ទិញ​ក្នុង​១​ហិ​កតា​តម្លៃ​ជាង​១.០០០​ដុល្លារ តែ​ទ​ន្និ​ផល​ក្នុង​១​ហិ​កតា​ប្រមូល​បាន​តិចតួច​គឺ​៧​ហិ​កតា​រើស​ក្នុង​រយៈពេល​២​ថ្ងៃ​បាន​តែ​១៥​គីឡូក្រាម​ទេ ដែល​ខុស​ឆ្ងាយ​ពី​ឆ្នាំទៅមិ​ញ ៥​ហិ​កតា​រើស​ក្នុង​១​ថ្ងៃ​១០០​គីឡូក្រាម​។

ពួក​គាត់​និយាយ​ថា ប្រាក់​ដែល​យក​មក​ម៉ៅ​ចម្ការ​ស្វាយចន្ទី​គឺ​បាន​មក​ពី​ខ្ចី​ធនាគារ ដូច្នេះ​មិនដឹង​ជា​រំពឹង​ថា​នឹង​បាន​ប្រាក់​ពី​ណា​ដើម្បី​សង​ធនាគារ​វិញ​ទេ បើ​ចូល​ដើម​ទៅ​ហើយ​នោះ​។

ក្រុម​អ្នកទិញ​ស្វាយចន្ទី​បាន​ត្អូញត្អែរ​ថា កាលពី​ឆ្នាំ​២០១៦ ការ​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ក្នុង​១​ថ្ងៃ​ពី​១០០​បាវ​ទៅ​២០០​បាវ ដែល​ចាប់ផ្តើម​ទិញ​ក្នុង​កំឡុង​ខែមករា ។ ដោយឡែក​ឆ្នាំ​នេះ ក្នុង​១​ថ្ងៃ​ទិញ​គ្រាប់ស្វាយចន្ទី​បាន​តែ​៣​បាវ​ទៅ​៥​បាវ​ប៉ុណ្ណោះ ហើយ​ការ​ប្រមូល​ទិញ​ក្នុង​ឆ្នាំ​កន្លង​ទៅ​បាន​ប្រមាណ​ជាង​១.០០០​តោន​ឯណោះ​ក្នុង​១​រដូវ​។
ពួក​គាត់​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ស្វាយចន្ទី​ឡើងថ្លៃ​គឺ​ដោយសារ​តែ​ឆ្នាំ​នេះ​ស្វាយចន្ទី​ពុំ​មាន​ផ្លែ ដែល​បណ្តាល​មក​ពី​កត្តា​ធម្មជាតិ​ដ៏​អាក្រក់​។

ពុំ​មានការ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​អ្នកជំនាញ​ដំណាំ​ស្វាយចន្ទី​នោះ​ទេពី​បាតុភាព​នា​ឆ្នាំ​នេះ ហើយអ្នក​ទទួល​រង​គ្រោះ​មិនមែន​អ្នក​ដែល​មាន​ចម្ការ​ស្វាយចន្ទី​នោះ​ទេ គឺជា​អ្នក​ម៉ៅ​ចម្ការ​ដែល​ជា​អ្នក​រើស​យក​ផល ៕