បែកធ្លាយសំឡេង សម្តេចតេជោទទួលស្គាល់ការនិយាយជាមួយលោក កឹម សុខា តាម Whats App
រាជធានីភ្នំពេញ ៖ ក្រោយពីមានការលើកឡើងពីការសន្ទនារវាងសម្តេចតេជោហ៊ុន សែន ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថា
រាជធានីភ្នំពេញ ៖ ក្រោយពីមានការលើកឡើងពីការសន្ទនារវាងសម្តេចតេជោហ៊ុន សែន ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថា
រាជធានីភ្នំពេញ ៖ ក្រោយពីមានការលើកឡើងពីការសន្ទនារវាងសម្តេចតេជោហ៊ុន សែន ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថា ជាសំឡេងមិនពិតឬជាសំឡេងកាត់តនោះ សម្តេចតេជោ បានប្រកាសជាសាធារណៈថា ពិតជាបានពិភាក្សាតាម WhatsApp ជាមួយលោក កឹម សុខា ប្រាកដមែន ។
ការប្រកាសអះអាងរបស់សម្តេចតេជោ ជាការឆ្លើយតបទៅកាន់វិទ្យុអាស៊ីសេរី ដែលលើកឡើងថា សំឡេងនោះអាចជាការកាត់ត។ យោងតាមគេហទំព័រ Fresh News នៅថ្ងៃទី៥ ខែមីនា សម្តេចតេជោបានអះអាងសំឡេងដែលបែកធ្លាយ និងខ្លឹមសារនៃកិច្ចសន្ទនាទាំងនោះថា ពិត១០០ភាគរយ មិនមានការកាត់តក្លែងក្លាយអ្វីនោះទេ នេះជាសារជូនសាធារណមតិជ្រាប ។
សម្តេចបានបន្តថា សម្តេចទទួលស្គាល់សំឡេងនោះ តែប្រសិនបើលោក កឹម សុខា ហ៊ានចេញមុខមកបដិសេធ សម្តេចនឹងបបួលលោក កឹម សុខា ទៅស្បថនៅមុខព្រះអង្គដងកើតែម្តង ។ សម្តេចតេជោ បានបញ្ជាក់ថា ៖ «ខ្ញុំសូមផ្ញើទៅកាន់អាស៊ីសេរីថា នោះជាសំឡេងពិត និងខ្លឹមសារ១០០ភាគរយ ដែលខ្ញុំនិយាយជាមួយលោក កឹម សុខា ។ ខ្ញុំសូមជូនសាធារណមតិជ្រាប។ លោក កឹម សុខា ពិតជាបានធ្វើអ្វីតាមការណែនាំរបស់ខ្ញុំ ដូចជាការបង្ហោះសារលើហ្វេសបុក, ចេញសេចក្តីថ្លែងការណ៍, ទៅចុះឈ្មោះបោះឆ្នោត ។ល។ នេះជាលទ្ធផលនៃកិច្ចពិភាក្សារវាងលោក កឹម សុខា និងខ្ញុំ ។ លោកតែងតែផ្ញើព័ត៌មានផ្សេងៗមកខ្ញុំជាមុនដូចជា ការចេញសេចក្តីថ្លែងការណ៍ និងអ្វីផ្សេងៗមួយចំនួនទៀត» ។
សម្តេចសង្កត់ធ្ងន់ថា «ដោយសារនៅស្រុកខ្មែរមានជឿលើអបិយជំនឿ ហើយប្រសិនបើ លោក កឹម សុខា ហ៊ានចេញមុខមកបដិសេធសំឡេងនៃការសន្ទនានេះ ខ្ញុំនឹងបបួលលោកទៅស្បថនៅមុខព្រះអង្គដងកើតែម្តង» ។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោក្រោយពីបានឆ្លើយតបភ្លាមៗតាមរយៈចូល Comment នៅលើ Facebook គេហទំព័រមួយថា៖ «ខ្ញុំទទួលស្គាល់នូវសំឡេង និងខ្លឹមសារដែលខ្ញុំបាននិយាយជាមួយលោក កឹម សុខា ហើយតែត្រង់លោក កឹម សុខា ទទួលស្គាល់ ឬអត់សុំសួរទៅគាត់ផ្ទាល់»។
សម្តេចនាយករដ្ឋមន្ត្រីដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Hun Sen» បានចូល Comment មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ «ខ្ញុំទទួលស្គាល់ថានេះជាសំឡេងខ្ញុំពិតប្រាកដមែន ។ ខ្ញុំបាននិយាយឆ្លងឆ្លើយជាមួយលោក កឹម សុខា ច្រើនលើក និងឆ្លងឆ្លើយតាម WhatsApp ច្រើនដង ។ ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះម្ចាស់ផេកសីហា ដែលមានសមត្ថភាពលួចស្តាប់ការសន្ទនារបស់ខ្ញុំជាមួយលោក កឹម សុខា ដែលម៉ាស៊ីន បែបនេះមានតែនៅអាមេរិក អ៊ីស្រាអែល អាល្លឺម៉ង់ទើបមាន ដែលចារកម្មអាមេរិកលួចស្តាប់មេដឹកនាំអាល្លឺម៉ង់ និងអឺរ៉ុបមួយចំនួន ។ ឃើញបងប្អូនមួយចំនួនលើកឡើងថា ជាសំឡេងដែលគេបន្លំធ្វើជាខ្ញុំ(ហ៊ុន សែន) បងប្អូនកុំវិនិច្ឆ័យលើសំឡេងតែត្រូវវិនិច្ឆ័យលើខ្លឹមសារសន្ទនាវិញ»។ «តើអ្នកណាទៅដែលមានលទ្ធភាពនិយាយពីនយោបាយទូទៅបែបនេះ? កុំថាឡើយអ្នកបន្លំ សូម្បីតែថ្នាក់ឧបនាយករដ្ឋមន្ត្រីក៏មិនមានសិទ្ធិ និងលទ្ធភាពនិយាយបែបនេះដែរ ។ សូមកុំចោទខ្ញុំថា ខ្ញុំទិញក្បាលគេ ព្រោះក្បាលមនុស្សមិនអាចកាត់លក់បានទេ តែបើគេចង់ពិគ្រោះយោបល់ជាមួយខ្ញុំ ច្បាស់ណាស់ខ្ញុំផ្តល់យោបល់ជូន តែធ្វើតាមឬមិនធ្វើជាសិទ្ធិរបស់គេ ។ មានមតិមួយចំនួនចោទខ្ញុំថាមានល្បិច ខ្ញុំចង់សួរទៅវិញថា តើអ្នកនិយាយជាមួយខ្ញុំ គេត្រូវការល្បិចមែនទេ? ហើយអ្នកមួលបង្កាច់ ប្រពន្ធនិងកូនដ៏កំសត់របស់ខ្ញុំថាជាភរិយានិងជាកូនរបស់មេដឹកនាំវៀតណាម តើនេះជាល្បិច ហើយថោកទាបទេ ?
សម្តេចបន្តថា ៖ «យើងជាមនុស្សដូចគ្នា បើគេមួលបង្កាច់ប្រពន្ធ កូន ម្តាយ ក្មួយ ឬខ្លួនយើងផ្ទាល់ (ប្រសិនជានារី) ថាជាស្រីខូច ស្រីសំផឹង ស្រីមិនបរិសុទ្ធ តើយើងខឹងទេ?
(រឿងនេះមិនទាន់ចប់ត្រឹមនេះទេ ប្រសិនបើគ្មានដំណោះស្រាយពីខាងអ្នកចោទ) ពួកអ្នកមិនអាចធ្វើភ្លេចបានទេ ។ ខ្ញុំទទួលស្គាល់នូវសំឡេងនិងខ្លឹមសារដែលខ្ញុំបាននិយាយជាមួយលោក កឹម សុខា ហើយតែត្រង់លោកកឹម សុខា ទទួលស្គាល់ ឬអត់សុំសួរគាត់ផ្ទាល់» ។
គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៤ មីនា បានចេញសេចក្តីថ្លែងការណ៍មួយបានសរសេរថា គណបក្សសង្គ្រោះជាតិ បានសង្កេតឃើញថា មួយរយៈចុងក្រោយនេះមានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនតែងតែ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឯកសារប្រឌិតបែបមួលបង្កាច់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងបន្តុះបង្អាប់ ឆ្កឹះឆ្កៀល បំបែកបំបាក់គណបក្សសង្គ្រោះជាតិ ។
គណបក្សនេះក៏បានអំពាវនាវដល់សាធារណជនក៏ដូចជាសកម្មជនគណបក្ស ត្រូវមានការប្រុងប្រយ័ត្នចៀសវាងការភាន់ច្រឡំចាញ់បោកការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំទាំងនេះ ៕
ចែករំលែកព័តមាននេះ