រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ដោយមិនត្រឹមតែលើការថែរក្សា ការពារ និងអភិរក្សឲ្យបានគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមគ្នាបន្តលើកតម្កើង និងអភិវឌ្ឍវប្បធម៌ឲ្យកាន់តែមានជីវិតរស់រវើកថែមទៀតផង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍បែបនេះនារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅសាលសន្និសីទចតុម្មុខក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ» ៣ មីនា លើកទី១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ » និងពិធីបិទមហោស្រពសិល្បៈ យុវជនទូទាំងប្រទេសលើកទី៣ ។
សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ថា លទ្ធផលដែលទទួលបាននៅថ្ងៃនេះ គឺមានអត្ថន័យមិនត្រឹមតែជាការផ្តល់នូវពានរង្វាន់ជូនជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវការខិតខំអភិរក្ស និងបង្កើតស្នាដៃ ថ្មីៗនៃទម្រង់សិល្បៈរបាំ និងឈុតល្ខោនអប់រំតាមវប្បធម៌ខ្មែរទៀតផង ។
ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ក្នុងគោលបំណងបណ្តុះសេចក្តីស្រឡាញ់ និងឆន្ទៈថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែនផ្តល់អនុសាសន៍មួយចំនួនដូចតទៅ ៖
ទី១-កម្លាំងយុវជន គឺជាកម្លាំងសកម្មរបស់សង្គម ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងគិតគូរឲ្យបានត្រឹមត្រូវហ្មត់ចត់តាមរយៈការផ្ទេរមរតកពីអ្នកជំនាន់មុនឲ្យអ្នកបន្តវេន ហើយអាចទទួលយកបានដោយមោទនភាព ។ ជារួមទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយត្រូវធ្វើការឲ្យស៊ីចង្វាក់គ្នា ទាំងការផ្ទរ និងការទទួលយក សំដៅរួមគ្នាថែរក្សា ការពារអត្តសញ្ញាណវប្បធម៌ជាតិឲ្យបានគង់វង្សស្ថិតស្ថិរជាអមតៈ ។
ទី២-រៀងរាល់មហោស្រពសិល្បៈ នីមួយៗត្រូវចេះចម្រាញ់យកខ្លឹមសារ និងរូបភាពដ៏សម្បូរបែបមកបង្ហាញឲ្យមានភាពទាក់ទាញ និងសមស្របតាមបរិការណ៍សង្គម ដោយឈរលើមូលដ្ឋានអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឃលើមូលដ្ឋានអភិរក្ស ពោលគឺរក្សាចាស់បង្កើតថ្មី ប៉ុន្តែថ្មីត្រូវបំពាក់ដោយអត្តសញ្ញាណជាតិ ។
ទី៣-ជនជាតិកម្ពុជាជាពូជអ្នកកសាង ជាពូជអ្នកច្នៃប្រឌិតបង្កើតថ្មី ក្នុងទម្រង់រចនាបថរបស់ខ្មែរ ហេតុនេះយើងត្រូវខិតខំបណ្តុះនូវគ្រាប់ពូជនេះឲ្យរីកសាយភាយកាន់តែច្រើនឡើង ពិសេសការបង្កើតស្នាដៃថ្មីដែលជាស្នាដៃរបស់ខ្មែរយើងផ្ទាល់ ចៀសវាងការលួចចម្លងទាំងដុលពីបរទេស ដែលជាភាពអាប់អោនប៉ះពាល់ដល់កិត្យានុភាពជាតិ។ ម្យ៉ាងទៀតបរិស្ថានវប្បធម៌ក្នុងចរន្តសាកលភាវូបនីយកម្មក្នុងសម័យបច្ចុប្បន្ន ដែលកំពុងហូរចូលយ៉ាងគំហុកពីគ្រប់ទិសទីអាចជះឥទ្ធិពលអវិជ្ជមានមកលើស្រទាប់យុវវ័យយើង។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់តាមដាន និងមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ទី៤-ត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវឲ្យបានទូលំទូលាយស៊ីជម្រៅអំពីវប្បធម៌នានានៅកម្ពុជា ពិសេសវប្បធម៌ជនជាតិភាគតិច ដើម្បីប្រមូលចងក្រងទុកជាសម្បត្តិវប្បធម៌មួយរបស់កម្ពុជាឲ្យស័ក្តិសមជា «ព្រះរាជាណាចក្រនៃវប្បធម៌» ជាសួនច្បារចម្រុះពណ៌ ។
ទី៥-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវផ្សព្វផ្សាយ និងបង្ហាញខ្លឹមសារអំពីការងារវប្បធម៌ កាលបរិច្ឆេទនានា ដូចជាទិវាវប្បធម៌ កាលបរិច្ឆេទនៃការបញ្ចូលរមណីយដ្ឋានតំបន់អង្គរប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក របាំព្រះរាជទ្រព្យ ល្ខោនស្រមោល ស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិតាមរយៈបណ្តាញសារព័ត៌មាន និងប្រតិទិនជាដើម ។
ទី៦-ក្រសួងគួរពិនិត្យលទ្ធភាពដើម្បីរៀបចំការផលិតផ្សព្វផ្សាយនូវតន្ត្រី និង ចំរៀងវប្បធម៌ដែលមានចរិតស្នេហាជាតិ ស្នេហាទឹកដី ព្រៃព្រឹក្សា ធម្មជាតិខ្មែរ ប្រទេសខ្មែរ និងភាពល្អប្រសើរនៃទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ល។ ដើម្បីអប់រំស្មារតីកូនខ្មែរឲ្យចេះស្រឡាញ់ ចេះអភិរក្សសម្បត្តិវប្បធម៌ជាតិ និងស្មារតីពលកម្មក្នុងការថែរក្សា ការពារជាតិមាតុភូមិយើង ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែគាំទ្រ និងបានផ្តល់អាទិភាពខ្ពស់លើការងារវប្បធម៌នេះដោយចាត់ទុកថា វប្បធម៌គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណខ្មែរដែលមានតម្លៃមហាសាលពុំអាចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គមធ្វើឲ្យប្រជារាស្ត្រខ្មែរចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាគ្មានការរើសអើង ៕
ចែករំលែកព័តមាននេះ