ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បន្ត​កាត់​សោ​រឹបអូស​ម៉ូតូ​ប្រមាណ​១៤១​គ្រឿង​ទៀត​នៅ​ឃ្លាំង​កុងស៊ីបញ្ចាំ​៣​ទីតាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

ម៉ូតូ​ប្រមាណ​១៤១​គ្រឿង ត្រូវ​បាន​អាជ្ញា​ធរ​​កាត់​សោ​បន្ត​រឹបអូស​យក​ចេញពី​ឃ្លាំង​កុងស៊ីបញ្ចាំ​ចំនួន​៣​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង និង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ប្រមាណ​១៤១​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​កាត់​សោ​បន្ត​រឹបអូស​យក​ចេញពី​ឃ្លាំង​កុងស៊ីបញ្ចាំ​ចំនួន​៣​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង និង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ បន្ទាប់​ពី​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ បាន​តែ​ប៉ុន្មាន​ថ្ងៃ​។

ប្រតិបត្តិការ​ខាងលើ​នេះ ដឹកនាំ​ដោយ​លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក ជា ពិសី អភិបាល​ខណ្ឌទួលគោក និង​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក លឹ​ម ប៊ុ​ន ហេង ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ឃ្លាំង​កុងស៊ីបញ្ចាំ ចំនួន​៣​ទីតាំង ត្រូវ​បាន​អាជ្ញាធរ​ចុះ​កាត់​សោ​ឆែក​ឆេរ និង​ដកហូត​ជា​បន្តបន្ទាប់ នៅ​ព្រឹក និង​រសៀល​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ​។ នៅ​ក្នុង​នោះ ទីតាំង​ទី​១ គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣២៤ ក្នុង​សង្កាត់​បឹង​សាឡា​ង ក្រោយ​អធិការដ្ឋាន ខណ្ឌទួលគោក រក​ឃើញ​ម៉ូតូ​ចំនួន​៤៥​គ្រឿង និង​ទីតាំង​ទី​២ នៅ​ហាង​បញ្ចាំ​យីហោ «​ហុ​ក រ៉ា​ស៊ី​ង​» ផ្ទះ​លេខ​៣៥​បេ ផ្លូវ​១៩២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ចំណែក​ទីតាំង​ទី​៣ គឺ​នៅ​ឃ្លាំង​ស្តុ​ប​ម៉ូតូ​គ្មាន​លេខ ស្ថិត​នៅ​ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​៣​។ សរុប​ទាំង​៣​ទីតាំង​នេះ សមត្ថកិច្ច​រក​ឃើញ​ម៉ូតូ ចំនួន​១៤១​គ្រឿង កំពុង​ដកហូត​។

គួរ​បញ្ជាក់​ថា នៅ​តំបន់​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក មាន​ឃ្លាំង​កុងស៊ី បញ្ចាំ​ចំនួន​៦០​ទីតាំង ហើយ​ត្រូវ​បាន​អាជ្ញាធរ​ដឹកនាំ​ដោយ លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ជា​បន្តបន្ទាប់​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​ចុះ​បង្ក្រាប​ចំនួន​១៣​ទីតាំង ព្រមទាំង​ដកហូត​ម៉ូតូ​សរុប​ចំនួន​១១១៣​គ្រឿង​, ដកហូត​រថយន្ត​សរុប​ចំនួន​១៤​គ្រឿង​, ដកហូត Passapp សរុប​ចំនួន​១២​គ្រឿង និង​ដកហូត​ម៉ូតូ​កង់​បី​សរុប​ចំនួន​០៩​គ្រឿង រួច​បញ្ជូន​ទៅ​កាន់​ឃ្លាំង​មួយ​កន្លែង នៅ​តំបន់ OCIC ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ព្រមទាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ បាត់​ម៉ូតូ រក​ម៉ូតូ​ឃើញ និង​ប្រគល់​អោយ​ម្ចាស់​ចំនួន​១០​គ្រឿង​។

គួរ​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​នោះ ម្ចាស់​កុងស៊ី និង​អ្នក​មើល​ការ​ចំនួន​៩​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ហើយ​ត្រូវ​បាន​តុលាការ​ចេញ​ដីការ​ឃុំខ្លួន​ជា​បណ្តោះ​អាស​ន្ត​ហើយ​។ បន្ទាប់​ពី​ចប់​បុណ្យ​ភ្ជុំបិណ្ឌ អាជ្ញាធរ​ក៏​បាន​បន្ត​ឆែកឆេរ រឹបអូស​ដកហូត​ម៉ូតូ​បន្ត​ទៀត​។

តាម​លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា បញ្ហា​កុងស៊ីបញ្ចាំ​ខុសច្បាប់​ជា​ប្រភព​នាំ​ឲ្យ​មាន​បទល្មើស និង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាជន​មាន​ចំណូល​ទាប​។ ហើយ​បេសកកម្ម​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ កុងស៊ីបញ្ចាំ​ខុសច្បាប់ ជា​ភារៈកិច្ច​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​អនុវត្តន៍​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។

លោក ឃ្លាំង ហូត ក៏​បាន​បញ្ជាក់​ថា កុងស៊ី​ទទួល​បញ្ចាំ​ដែល​ត្រូវ​មាន​វិធានការ​ដាក់ទោស​តាម​ច្បាប់ គឺ​មាន​ទទួល​បញ្ចាំ​របស់​ចោរ​,​ទទួល​បញ្ចាំ​របស់​គ្មាន​ឯកសារ​, ទទួល​បញ្ចាំ​យកការប្រាក់​ខ្ពស់​ខុសច្បាប់​, ទទួល​បញ្ចាំ​មិន​បង់​ពន្ធដារ​ជូន​រដ្ឋ​។

លោក ឃ្លាំង​ហួត ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម​សហការ​ជា​ពលរដ្ឋ​ល្អ​ក្នុង​យុទ្ធនាការ​បោសសម្អាត​កុងស៊ីបញ្ចាំ​ខុសច្បាប់ ដើម្បី​លុប​បំបាត់​អំពើ​ចោរកម្ម​នានា លុប​បំបាត់​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ ការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ទូ​ទាំង​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ