ជនជាតិហ្ស៊កដានី១៥នាក់ដែលមានទោសប្រហារជីវិតពីបទភេរវកម្ម និងបទឧក្រិដ្ឋផ្សេងៗត្រូវប្រហារជីវិតដោយព្យួរ.កកាលពីព្រឹកព្រលឹមថ្ងៃទី៤ មីនា នៅប្រទេសហ្ស៊កដានី ដែលនេះជាការប្រហារជីវិតមនុស្សជាក្រុមធំមួយកម្រមានក្នុងព្រះរាជាណាចក្រនេះ ដែលរងការវាយប្រហារភេរវកម្មយ៉ាងបង្ហូរឈាមនានាកាលពីឆ្នាំ២០១៦ ។
ការប្រហារជីវិតជាក្រុមចុងក្រោយនៅហ្ស៊ក ដានីកើតមានកាលពីខែធ្នូ ឆ្នាំ២០១៤ ដែលពេលនោះអ្នកទោសប្រហារជីវិត១១នាក់ ពីបទឧក្រិដ្ឋពុំទាក់ទិនជាមួយនយោបាយ ឬភេរវកម្មត្រូវគេព្យួរ.ក ។
ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន PETRA លោក MAHMOUD AL MOMANI អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋលេខាធិការក្រសួងព័ត៌មានហ្ស៊កដានីបញ្ជាក់ថា អ្នកទោស១៥នាក់ ត្រូវប្រហារជីវិតក្នុងពន្ធនាគារ SOUAGA ស្ថិតនៅចម្ងាយ៧០គីឡូម៉ែត្រខាងត្បូងក្រុងអាម៉ង់ ។ ក្នុងចំណោមអ្នកទោសទាំងនេះ១០នាក់ជាសមាជិករបស់ក្រុមភេរវកម្មមួយទទួលខុសត្រូវលើការវាយប្រហារជាច្រើន ក្នុងនោះមានការវាយប្រហារប្រឆាំងបណ្តាការិយាល័យផ្នែកស៊ើបការណ៍ បណ្តាសមាជិកកងកម្លាំងសន្តិសុខ ពួកអ្នកទេសចរ ព្រមទាំងប្រឆាំងស្ថានទូតហ្ស៊កដានីប្រចាំក្រុងបាដាដកាលពីឆ្នាំ២០០៣ ។ អ្នកនាំពាក្យរូបនេះចង់និយាយសំដៅជាពិសេសការវាយប្រហារកាលពី ឆ្នាំ២០០៦ ប្រឆាំងបណ្តាអ្នកទេសចរនៅទីក្រុងអាម៉ង់ ព្រមទាំងការវាយប្រហារកាលពីខែមិថុនា ឆ្នាំ២០១៦ ប្រឆាំងពួកភ្នាក់ងារស៊ើបការណ៍នៅភាគខាងជើងក្រុងអាម៉ង់ បណ្តាលឱ្យមនុស្សស្លាប់៥នាក់ ។
អ្នកទោស៥នាក់ទៀតជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងសែនទារុណនានាក្នុងនោះរួមមានការចាប់រំលោភ ។
យោងតាមប្រភពតុលាការថា មនុស្ស៩៤នាក់មានទោសប្រហារជីវិតនៅហ្ស៊កដានី ភាគច្រើនពីបទឧក្រិដ្ឋចាប់រំលោភ ៕
ចែករំលែកព័តមាននេះ