ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​លើក​ទី​6​នៅ​ខេត្ត​ព្រះ​សីហ​នុ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​៦ នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​៥ មីនា ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​២០០​នាក់​មក​ពី​បណ្ដា​ប្រទេស​នៅ

ខេត្ត​ព្រះ​សីហ​នុ ៖ ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​៦ នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​៥ មីនា ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​២០០​នាក់​មក​ពី​បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក​ចំនួន​៣២​ចូលរួម​បាន​បញ្ចប់​ហើយ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃគណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នៃ​ការ​ប្រកួតនេះ​ទទួល​បាន​កិច្ចសហការ​ពី​ក្រសួង​អប់រំ យុវ​ជន ​និង​កីឡា សាលាខេត្ត​ព្រះ​សីហ​នុ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រចិត្ត ។ សម្រាប់​កម្មវិធី​រត់ប្រណាំងអន្តរជាតិ​ពាក់​កណ្ដាល​​ម៉ា​រ៉ា​តុង​លើក​ទី​៦​ឆ្នាំ​នេះ ហាក់​មាន​សកម្មភាព​ផុលផុស​ជាង​បណ្ដា​ឆ្នាំ​មុន​ៗក្នុង​នោះ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មានការ​កើនឡើង​ជាង​មុន​បន្តិច ។ លោក​ថា មូលហេតុ​ដែល​នាំ​ឱ្យ​កីឡាករ​បរទេស​មានការ​កើនឡើង​យឺត​បែប​នេះ ដោយសារ​តែ​ព្រ​លាន​យន្តហោះ​របស់​យើង​នៅ​មិន​ទាន់​បើក​ជើងមេឃ​ឱ្យ​ទូលាយ ជា​ពិសេស ការ​ហោះហើរ​ត្រង់​ពី​សៀមរាប​មក​ខេត្ត​ព្រះ​សីហ​នុ និង​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ ។

ប៉ុន្តែ​បន្តិចទៀត​នឹង​លែង​មាន​បញ្ហា​ដោយសារ ការ​ជួសជុល​កែ​លម្អ​ព្រ​លាន​យន្តហោះ​ខេត្ត​ព្រះ​សីហ​នុ​កំពុង​តែ​ដំណើរការ​ជា​បណ្តើ​រហើយ ។

លោក​សង្ឃឹមថា សម្រាប់​កម្មវិធី​រត់ប្រណាំងឆ្នាំ​ក្រោយ​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​នឹង​មាន​កំណើន​មិន​ខាន ។ លោក​បានឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​មិនសូវ​មាន​ភ្ញៀវ​បរទេស​មក​ចូលរួម ដោយសារ​បញ្ហា​ការ​ធ្វើ​ដំណើរ​នេះ​ហើយ ។

ចំពោះ​លទ្ធផល​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡាការិនី​កម្ពុជា ហេង មី​ជូ លេខ​២ កីឡាការិនី បូ សំណាង និង​លេខ​៣ កីឡាការិនី Analiese Thomas មក​ពី​ចក្រភព​អង់គ្លេស ។ ផ្នែក​បុរស​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កីឡាករ​កម្ពុជា វ៉ា​ន់ ភា​រ៉ា លេខ​២​កីឡាករ​កម្ពុជា ជា ស​ម្ភ​ស្ស និង​លេខ​៣ កីឡាករ​កម្ពុជា ឈុ​ន ប៊ុ​ន​ធឿ​ន ។

រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​បុរស លេខ​១​បាន​ទៅ​កីឡាករ​កម្ពុជា ម៉ា វី​រូ លេខ​២ កីឡាករអា​មេ​រិ​ក​Brandon Thomas និង​លេខ​៣ កីឡាករ​អូស្ត្រាលី​James Happell ។

លោក សែ​ម ផល្លា មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា រយៈពេល​៦​ឆ្នាំ​មកនេះ ចំនួន​អ្នកចូលរួម​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អ្នក​រៀបចំ​ការ​ប្រកួត​ឡើយ​។ ទោះបីជា​យ៉ាងណា លោក​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ប្រកួត​ទទួល​បាន​ជោគជ័យ ។ លោក​ថា គោលបំណង​សំខាន់​ដែល​យើង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ឆ្នេរសមុទ្រ​ស្អាត​របស់​កម្ពុជា​យើង ក៏​ដូច​ជា​ដើម្បី​ស្វែងរក​ថវិកា​ដើម្បី​បម្រើ​ឱ្យ​សកម្មភាព​មនុស្សធម៌​ផង​ដែរ ៕