ខេត្តកណ្តាល ៖ រថយន្តដឹកទំនិញមួយគ្រឿងបានបើកវ៉ាជែងគ្នាជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលកំពុងបើកបរបញ្ជ្រាស់ទិសគ្នាទាំងកំរោល បណ្តាលឲ្យស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៤និង៣៥ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
ស្ត្រីរងរគ្រោះឈ្មោះ សឿន ចន្ដា អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ជិះម៉ូតូហុងដាC125 ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-7668 បានរងរបួសធ្ងន់ត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែករថយន្តបង្កម៉ាកHYNO ប្រភេទដឹកទំនិញ ពណ៏ស ពាក់ស្លាកលេខព្រះសីហនុ 3A-2424អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ។
តាមប្រភពពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបានបើកបរទិសដៅពីអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានបើកវ៉ាជែងរថយន្តម៉ាកHYNOដែលបើកស្របទិសគ្នាក៏ជ្រុលចង្កូតទៅម៉ូតូជនរងគ្រោះដែលកំពុងបើកបរបញ្ជ្រាស់ទិសគ្នា (ភ្នំពេញ-អ្នកលឿង)ពេញទំហឹងបណ្តាលឲ្យម៉ូតូគៀបជាប់នៅខាងក្រោមរថយន្តមនុស្សខ្ទាត់បោកទៅនឹងថ្នល់ជាតិរងរបួសធ្ងន់តែម្តង ។
ក្រោយកើតហេតុនគរបាលប៉ុស្ដិ៍សហការជាមួយនគរបាលជំនាញបានចុះអន្ដរាគមន៍ធ្វើការវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ