ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ព្រៃ​នប់​ក្លាយជា​តំបន់ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ រំលោភ​បំពាន​ព្រៃ​លិច​ទឹក

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រាជរដ្ឋាភិបាល​បានសម្រេច​លុប​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន​៧​ប័ណ្ណស្មើនឹង​ទំហំ​៤៨​ហិ​កតា ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់

ខេត្ត​ព្រះ​សីហ​នុ ៖ រាជរដ្ឋាភិបាល​បានសម្រេច​លុប​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន​៧​ប័ណ្ណស្មើនឹង​ទំហំ​៤៨​ហិ​កតា ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា
ហាន់ ឃៀង ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា​ប័ណ្ណកម្មសិទ្ធិ​ទាំងនោះ​គឺជា​ប័ណ្ណ​កើតឡើង​ពី​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​រំលោភ​បំពានលើ​ដី​ព្រៃ​លិច​ទឹក ។

ការ​ដកហូត​នេះ​ក៏​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ផង​ដែរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជា​ពិសេស​គឺ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុកព្រៃ​នប់​តែ​ម្តង ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត គឺ​សកម្មភាព​ថ្មី​នៃ​ការ​កាប់​បំផ្លាញ​និងការ​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក នៅ​តែ​បន្ត​កើត​មានយ៉ាង​រលូន​នៅ​ក្នុង​តំបន់​ខាងលើ​នេះ​ដដែល ដោយ​ក្រុម​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក​ទាំងនោះ​អះអាង​ថា ពួក​គេ​មានច្បាប់​ត្រឹមត្រូវ​ក្នុង​ការ​កសាង​ផ្លូវ​ពី​ផ្លូវជាតិ​លេខ​៣​ទៅ​កាន់​មាត់សមុទ្រ (Sic) ។

បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​មេការ​មើល​ការ​ខុស​ត្រូវ​នៅ​ការដ្ឋាន​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក​ខាងលើ បាន​និយាយ​យ៉ាង​ឡូយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​ចាក់​ដី​លើ​ព្រៃ​លិច​ទឹក​នេះ ក្រុមហ៊ុន​គេ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​កសាង​ផ្លូវ​ប្រវែង​៣​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៣​ទៅ​កាន់​មាត់សមុទ្រ ។ ចំពោះ​ការ​សង្ស័យ​ពី​ច្បាប់​អនុញ្ញាត​យ៉ាងណា​នោះ សូម​លោក​អ្នក​សារព័ត៌មាន​ទៅ​រក​មើល​ដោយ​ខ្លូ​ន​ឯង​ទៅ ពីព្រោះ​ឯកសារ​ពាក់ព័ន្ធ​ក្រុមហ៊ុន​បាន​ដាក់​ចូល​ទៅ​អាជ្ញាធរ​ខេត្ត  អាជ្ញាធរ​ស្រុក និង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​អស់​ទៅ​ហើយ មុន​នឹង​ចាប់ផ្តើម​ចាក់​ដី​ធ្វើ​ផ្លូវ ។

លោក ទិ​ត វុ​ទ្ធី អភិបាលស្រុក​ព្រៃ​នប់ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក​ខាងលើ គឺជា​ក្រុមហ៊ុន H.K.T មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ធ្វើ​រោងចក្រ​ចម្រាញ់​ប្រេង ហើយ​ការ​ចាក់​ដី​បែប​នេះ​កន្លង​មក​បាន​ធ្វើ​ម្តង​រូ​ចម​ក​ហើយ និង​ក្រោយមក​ក៏​ផ្អាក​ទៅ​វិញ​អស់​មួយ​រយៈ​ដោយ​មិនដឹង​ថា ក្រុមហ៊ុន​មាន​មូលហេតុ​អ្វី​នោះ​ទេ ទើបតែ​ពេល​នេះ​ចាប់ផ្តើម​ចាក់​បន្ត ប៉ុន្តែ​ការ​ចាក់​ដី​លើក​នេះ លោក​មិន​បានដឹង​ឡើយ ។   

លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​បញ្ជាក់​ថា ដី​ចំណុច​ខាងលើ​នេះ ជា​តំបន់​ព្រៃ​លិច​ទឹក ហើយ​ពាក់​ព​ន្ធ័​នឹងច្បាប់​អនុញ្ញាត​យ៉ាងណា​នោះ​លោក​មិន​ទាន់ឃើញ​ទេរ​ហូត​មក​ដល់​ពេល​នេះ ។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​ក្រុមហ៊ុន​មាន​ត្រឹមតែ​គោលការណ៍​អនុញ្ញាត​ច្បាប់​របស់​រាជរដ្ឋាភិបាល គឺ​ក្រុមហ៊ុន​មិន​អាច​យក​គោលការណ៍​អនុញ្ញាត​នោះ​មក​ធ្វើ​សកម្មភាព​បាន​ទេ ។

គោលការណ៍​នេះ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ដូច​ជា​មន្ទីរ​បរិ​សា្ថ​ន មន្ត្រី​ជលផល អាជ្ញាធរ​ខេត្ត​-​ស្រុក សិក្សា​ពី​ផល​ប៉ះពាល់​ជា​មុន​សិន ទើប​អាច​ធ្វើ​សកម្មភាព​បាន ។ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​សង្ស័យ​ថា បាន​តែ​គោលការណ៍​ច្បាប់​អនុញ្ញាត​ក៏​ចាប់ផ្តើម​ធ្វើ​សកម្មភាព​តែ​ម្តង នេះ​ជា​បញ្ហា​មួយ​ដែល​មិន​គួរ​កើត​មាន​នោះ​ទេ ។

គួរ​បញ្ជាក់​ថា តំបន់​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុងស្រុក​ព្រៃ​នប់​រាប់​ពាន់​ហិ​កតា បច្ចុប្បន្ន​ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​ចាប់តាំងពី​មន្ត្រី​ថ្នាក់​មួល​ដ្ឋា​នមន្ត្រី​ជំនាញ អាជ្ញាធរ​ស្រុក រហូត​ដល់​ខេត្ត បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​រំលោភ​យក​អស់​ទៅ​ហើយ ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​ក្រសួង​ពាក់ព័ន្ធ មេត្តា​ធ្វើការ​ពិនិត្យ​ឡើង​វិញ ដើម្បី​ដកហូត​យក​ដី​ព្រៃ​លិច​ទឹក​នោះ​មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ។ បើ​មិន​ដូ​ច្នេ​ាះ​ទេ ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ជីវិត​ប្រចាំ​ថ្ងៃ​ដោយ​ពឹងផ្អែក​ទៅ​លើ​តំបន់​ព្រៃ​លិច​ទឹក ច្បាស់​ជា​យ៉ាប់​ហើយ ៕