ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ APSF ​ជឿជាក់​លើ​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ASEAN Para Sport Federation(APSF)​

រាជធានី​ភ្នំពេញ ៖ ប្រធាន​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ASEAN Para Sport Federation(APSF)​លោក​Osoth Bhavilai​បាន​បង្ហាញ​ការ​ជឿជាក់​លើ​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​មលើក​ទី​១២​ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​នា​ពេលខាង​មុខ​ទទួល​បាន​ជោគជ័យ ។ លោក​Osoth Bhavilai បង្ហាញ​ការ​ជឿជាក់​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​កីឡា​អាស៊ី​អាគ្នេយ៍​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ឆ្នាំ​២០២២​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ដូច​ជា​ប្រទេស​ម៉ា​ឡេ​ស៊ី វៀតណាម ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​សិង្ហ​បូ​រី ដែល​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​។

ទន្ទឹម​គ្នា​នេះ​ដែរ សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍​(APSF)​បាន​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ដើម្បី​ធានា​គ្រប់​វិញ្ញាសា​ដែល​ត្រូវ​ដាក់​ឱ្យ​ចូលរួម​ប្រកួត​។

លោក​Osoth Bhavilai​បាន​មាន​ប្រសាសន៍ក្នុង​ឱកាស​នោះ​ថា​៖«​យើង​ពិត​មានការ​ជឿជាក់យ៉ាង​ពេញទំហឹង​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ានប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣​នៅ​រាជធានី​ភ្នំពេញ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​នាម​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​»​។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ធ្លាប់​បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​ការ​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា​ថា មាន​កីឡា​ចំនួន​១២​ប្រភេទ​ដែល​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​រួម​មាន កីឡា​ប៊ូល កីឡាបាល់ទះ​ម្ខាង​៥​នាក់ កីឡាបាល់បោះ​ពិការភ្នែក កីឡាវាយកូនឃ្លីលើតុ កីឡាបាល់ទះ​អង្គុយ កីឡា​អុក កីឡាបាល់ទាត់​ម្ខាង​៥​នាក់ អត្តពលកម្ម ហែល​ទឹក កីឡា​លើក​ទម្ងន់ និង​កីឡាបាល់ទះ​លើ​ក្ដារ​។

ក្រៅពី​កីឡា​ទាំង​១២​ប្រភេទ​ដែល​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​រួច​ហើយ​នោះ ប្រភេទ​កីឡា​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ