ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆៃ សា​រ៉ា និង​ធី តុង​ហ៊ី ឡើង​កំដរ​ថៃ​លើ​រេញ​ខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៤ មីនា ស្អែកនេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ មិន​មានការ​ប្រកួត​រវាង​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​ដូច​ស​ប្ដា​ហ៍​មុន​ទៀត​ទេ បន្ទាប់​ពីបាន​រក​ឃើញ​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៤ មីនា ស្អែកនេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ មិន​មានការ​ប្រកួត​រវាង​បេក្ខភាព​ដណ្ដើម​ខ្សែក្រវាត់​ដូច​ស​ប្ដា​ហ៍​មុន​ទៀត​ទេ បន្ទាប់​ពីបាន​រក​ឃើញ​បេក្ខភាព​២​រូប​ឡើង​ទៅ​ប្រកួត ដណ្ដើម​ខ្សែក្រវាត់​រួចរាល់ ដើម្បី​ទុក​ពេល​ឱ្យ​បេក្ខភាព​ទាំង​២​ហ្វឹកហាត់​ដំឡើង​ក្បាច់គុន​ឱ្យ​បាន​ច្រើន ។ ទោះបី​យ៉ាងណា ព្រឹត្តិការណ៍​ទាំងមូល​នៅ​តែ​មានការ​ប្រកួត​អន្តរជាតិ ដោយ​ម្ចាស់​ខ្សែក្រវាត់​ឆៃ សា​រ៉ា និង​ធី តុង​ហ៊ី គឺជា​បេក្ខភាព​តំណាង​ឱ្យ​កីឡាករ​កម្ពុជា​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ជា​លក្ខណៈ​មិត្តភាព ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​នេះ ត្រូវ​គេ​មើលឃើញ​ថា មានការ​គាំទ្រ​ដាច់​ឆ្ងាយ​តែ​ម្ដង បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរ​ជាតិ​​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​ទាំង​ខាង​កម្ពុជា និង​ខាង​បរទេស​សុទ្ធតែ​មាន​កម្រិត​ល្អ ហើយ​មើលទៅ​ម្នាក់​ៗ​បញ្ចេញថ្វីដៃ​គួរ​ឱ្យ​ទាក់ទាញ​រៀងខ្លួន ។ ជា​ពិសេស នៅ​ពេល​ការ​ប្រកួត​បាន​សម្រេច​រក​ឃើញ​កីឡាករ​កម្ពុជា​១​រូប និង​ឡាវ​មួយ​រូប​ឱ្យ​ឡើង​ប្រកួត​យក​ខ្សែក្រវាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ស​ប្ដា​ហ៍​ក្រោយ ។ សម្រាប់​ការ​ប្រកួត​រសៀល​នេះ​ក៏​ចាត់​ទុក​ថា នឹង​នៅ​តែ​មានការ​ចាប់អារម្មណ៍​ខ្ពស់​ផង​ដែរ ដោយសារ​តែ​កីឡាករ​ដែល​ចូលខ្លួន​ប្រកួត​កំដរ​រេញ​សុទ្ធតែ​ល្អ ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​អះ​អាង​​ថា សម្ងំ​ហ្វឹកហាត់​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​ចង់​យកឈ្នះ​គូប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ខា​រ៉ា​បាវ ដែល​ជា​សង្វៀន​ប្រដាល់​ចម្រុះ​ដោយ​អ្នក​ប្រដាល់​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​ឈ្នះ​នៅឡើយ​នោះ​ទេ ដោយសារ​តែ​ភាគី​ទាំង​សងខាង​សុទ្ធតែ​បាន​ត្រៀម​ទុក​​ពី​ចម្ងាយ ហើយ​ជាមួយនឹង​ប្រវត្តិ​ចាញ់​ខ្លះ ឈ្នះ​ខ្លះ​សុទ្ធតែ​ជា​លក្ខខណ្ឌ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវការ​ស្ដារ​មុខមាត់ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ជើង​ខ្លាំង​២​រូប​ខាងលើ នឹង​ធ្វើការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជំនួស​ឱ្យ​កីឡាករ​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ។ កីឡាករ ឆៃ សា​រ៉ា ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៦៣,៥​គីឡូក្រាម​មួយ​រូប ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ថា ហាន​អេក ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ ។ លោក​ជឿជាក់​ថា កីឡាករ​កម្ពុជា​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ដោយសារ​តែ​គេ​បើ​ឈ្នះ គឺ​នឹង​ឡើង​ក្រេ​ឌី​ត តែបើ​ចាញ់​គឺ​ស្ពឹក​មុខ ។ កីឡាករ ថា ហាន​អេក ធ្លាប់​ប្រកួត​៨៨​លើក ឈ្នះ​៧៦​លើក  ចាញ់​១០​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ។

សម្រាប់​កីឡាករ ធី តុង​ហ៊ី លោក​ញាណសុធី បញ្ជាក់​ថា គេ​កាន់តែ​ត្រូវការ​ឈ្នះដើម្បី​រក្សា​មុខមាត់ បើ​មិន​ដូច្នោះ​គេ​នឹង​បាក់មុខ​មាត់​កាន់តែ​ខ្លាំង​ប្រសិនបើ​បណ្ដោយ​ឱ្យ​ចាញ់​លើក​នេះ ។ លោក​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភេ​ត ក្វា​ន់​មឿង  ដោយ​ការ​ប្រកួត​មួយ​នេះ​គឺ​ភាគី​ខាង​ណា​ក៏​មិន​ចង់​ចាញ់​នាំ​ឱ្យ​មានការ​រិះគន់ ។ កីឡាករ​ថៃ​រូប​នេះ​លោក​ថា​ធ្លាប់​ប្រកួត​៦៦​លើក ឈ្នះ​៥៤​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​ដល់​៩៩​លើក ឈ្នះ​៧៨​លើក ចាញ់​១៨​លើក និង​ស្មើ​៣​លើក ។ យ៉ាងណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ប្រាកដ​ថា​ធី តុង​ហ៊ី ដែល​មានបទពិសោធន៍​ច្រើន​ជាង​នឹង​ទប់​ជាប់​នោះ​ទេ ក្នុង​ពេល​ដែល​គូប្រកួត​របស់​គេ​ក៏​ត្រូវការ​ឈ្នះ​ដែរ​នោះ ៕