រាជធានីភ្នំពេញ ៖ គូស្នេហ៍មួយគូសំងំប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ជួល ត្រូវបានសមត្ថកិច្ចសហការជាមួយកម្លាំងប្រជាការពារខណ្ឌសែនសុខធ្វើការឃាត់ខ្លួន និងដកហូតបានថ្នាំញៀនមួយកញ្ចប់តូច ឧបករណ៍ប្រើប្រាស់មួយចំនួននិងម៉ូតូមួយគ្រឿងផងដែរ ។ ការឃាត់ខ្លួនខាងលើកើតឡើងកាលពីវេលាម៉ោង២២យប់ថ្ងៃទី៣ មីនា ត្រង់ចំណុចផ្ទះជួលម្ដុំផ្សារក្រមួន ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មានក្រុមក្មេងស្ទាវជាច្រើននាក់កំពុងពួនសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះជួលខាងលើ ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមូលកម្លាំងប្រជាការពារចុះធ្វើការឆែកឆេរបន្ទប់ជួលខាងលើ រហូតឈានដល់ការឃាត់ខ្លួនជាក់ស្ដែងនៅក្នុងបន្ទប់ជួលនោះ ឃាត់បានជនសង្ស័យប្រុស-ស្រី២នាក់ ហើយដកហូតថ្នាំញៀនមួយកញ្ចប់តូច ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងដកហូតម៉ូតូម៉ាកMSX មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FX-8360 ផងដែរ ។
លោក ដួង វណ្ណះ នាយប៉ុស្ដិ៍ស្ដីទីភ្នំពេញថ្មីបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ទី១-ឈ្មោះ ហួរ បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកឡាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងទី២-ឈ្មោះ ម៉េង ស្រីលក្ខណ័ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅផ្ទះជួល ស្រុកកំណើតសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោចង្វារ ស្នាក់នៅម្ដុំផ្សារក្រមួន ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពេលកើតហេតុជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ