ការផ្ទុះមួយបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៨នាក់កាលពីថ្ងៃទី២ មីនា ក្នុងអណ្តូងរ៉ែធ្យូងថ្ម មួយនាភាគខាងលិចអ៊ុយក្រែនជិតក្រុង LVIV ។
តុល្យការដំបូងផ្តល់ឱ្យដោយប្រធានសហជីពកម្មកររ៉ែធ្យូងថ្ម លោក MYKHAILO VOLYNETS រៀបរាប់ពីមនុស្សស្លាប់ដល់១១នាក់ ។
ក្នុងសេចក្តីប្រកាសមួយប៉ូលិសថ្លែងថា យោងតាមទិន្នន័យបច្ចុប្បន្នការបាក់ដីកើតមានដោយសារការផ្ទុះមេតាន ។ កម្មកររ៉ែ៨នាក់ស្លាប់ ៦នាក់របួស ហើយ២០នាក់ត្រូវបានជួយសង្គ្រោះ ។ ព័ត៌មានទាំងនេះត្រូវបានអះអាងដោយក្រសួងសភាពការណ៍បន្ទាន់ ដែលបញ្ជាក់ថា កម្មកររ៉ែទាំងអស់ជាប់នៅក្នុងអណ្តូងបានឡើងមកលើវិញអស់ហើយ។ យោងតាមក្រសួងនេះថា កម្មកររ៉ែប្រមាណជា១៧២នាក់ធ្វើការក្នុងអណ្តូងរ៉ែនេះ ប៉ុន្តែ៣៤នាក់ប៉ុណ្ណោះនៅ បាតអណ្តូងពេលមានការផ្ទុះដែលកើតឡើងក្នុងជម្រៅ៥៥០ម៉ែត្រ ។
គ្រោះថ្នាក់នេះកើតក្នុងអណ្តូងរ៉ែមួយកំពុងធ្វើអាជីវកម្មក្នុងភូមិ GLOUKHIV ចម្ងាយប្រមាណជា៥០គីឡូម៉ែត្រ ខាងជើងទីក្រុង LVIV ជាទីក្រុងសំខាន់មួយនៅភាគខាងលិចអ៊ុយក្រែនក្បែរព្រំដែនប៉ូឡូញ ៕
ចែករំលែកព័តមាននេះ