ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC តែងតាំង​លោក Leonardo Luis ជា​គ្រូ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាណត្តិ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក Leonardo Luis ជនជាតិ​ប្រេ​ស៊ី​ល អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) សម្រេច តែងតាំង​ជា​គ្រូ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា អាណត្តិ​ថ្មី រយៈពេល​

រាជធានី​ភ្នំពេញ ៖ លោក Leonardo Luis ជនជាតិ​ប្រេ​ស៊ី​ល អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) សម្រេច តែងតាំង​ជា​គ្រូ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា អាណត្តិ​ថ្មី រយៈពេល​១​ឆ្នាំ​ជំនួស​លោក Lee Tea Hoon ដែល​ត្រូវ​បាន​បញ្ចប់​អាណត្តិ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ប្រកាស​តែងតាំង​គ្រូ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាណត្តិ​ថ្មី​នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ មីនា​កន្លង​មកនេះ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា លោក Leonardo Luis ជា​គ្រូបង្ហាត់​មានចិត្ត​សាស្ត្រ បច្ចេកទេស និង​សមត្ថភាព​ខ្ពស់​ដែល​អាច​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ។

នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​សម្រេច​ជ្រើសរើស​គ្រូ​ជនជាតិ​ប្រេ​ស៊ី​ល​និង​គ្រូ​ជំនួយ​ជនជាតិ​ប្រេ​ស៊ីល​២​រូបទៀត​មក​ជួយ​បង្ហាត់​ដល់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ។ FFC ផ្តល់​ប្រាក់ខែ​ក្នុង​១​ខែ​១២.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​គ្រូ​ម្នាក់ ព្រមទាំង​ផ្ដល់​កន្លែង​ស្នាក់​នៅ​ហូប​ចុក មធ្យោបាយ​ធ្វើ​ដំណើរ និង​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​មួយ​ឆ្នាំ​ម្ដង​ហើយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជា​អ្នករ៉ាប់រង​ទាំងអស់ ។

លោកនាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​លោក​ជ្រើសរើស​យក​គ្រូ​ប្រេ​ស៊ីល​មក​បង្ហាត់​ដោយ​លោក​យល់​ឃើញ​ថា វិស័យ​កីឡាបាល់ទាត់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​មានការ​រីក​ចម្រើន​ខ្លាំង មាន​វិធីសាស្ត្រ​និង​ចិត្តសាស្ត្រ​ល្អ​ធ្វើ​ឱ្យ​លោក​មាន​ទំនុកចិត្ត​លើ​គាត់​ក្នុង​ការ​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ឱ្យ​ទទួល​ជោគជ័យ​ពេល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ។

លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀតថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​បេស​កកម្ម​សំខាន់​មួយ​ចំនួន និង​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​យុវជន​ថ្នាល​នៅ​ក្នុង​ឆ្នាំ​២០០៦ ជា​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA) ។ ម្យ៉ាងវិញទៀត រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កីឡាបាល់ទាត់​របស់​យើង​មានការ​ប្រែប្រួល​ច្រើន ដូច្នេះ​សម្រាប់​គ្រូបង្ហាត់​ក៏​មានការ​ប្រែប្រួល​ដែរ​ដើម្បី​ដើរ​ឱ្យ​ទាន់សភាពការណ៍​នៃ​ការ​អភិវឌ្ឍ​កីឡាបាល់ទាត់​។

លោក Leonardo Luis បាន​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​មក​កម្ពុជា ដោយសារ​តែ​លោក​មើលឃើញ​ថា​កម្ពុជា​មាន​ផែនការ​ច្បាស់លាស់​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ។ កីឡាករ​បាល់ទាត់​កម្ពុជា​មាន​ទេព​កោសល្យ​ល្អ និង​មានការ​គាំទ្រ​ពី​មហាជន​ច្រើន ។ ចាបពី​ពេល​ដែល​លោក​មក​ធ្វើ​ជា​គ្រូ​លោក​មិន​ផ្ដោត​ទៅ​លើ​កីឡាករ​ណា​ម្នាក់​នោះ​ទេ និយាយ​រួម​មិន​ឱ្យ​មាន​កីឡាករ​Super Star តែ​ម្នាក់​នោះ​ឡើយ សំខាន់​ផ្ដោត​ទៅ​លើ​ការ​លេង​ជា​ក្រុម​ទើប​ជា Super Star ក្នុង​ចិត្ត​របស់​លោក ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ លោក​មាន​បំណង​ចង់​ជួយ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ទាំង​កម្រិត​ថ្នាល​និង​ឈុត​ធំ ។

លោក SOMWANG MANPIMONGCHAI នាយក​ក្រុមហ៊ុន SCG ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​នៅ​ប្រទេស​ថៃ​មក​វិនិយោគ​នៅ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​បង្ហាញ​មោទន​ភាព​និង​សម្ដែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។ កន្លង​មក ក្រុមហ៊ុន​របស់​លោក​តែងតែ​រួមចំណែក​នៅ​ក្នុង​សង្គម និង​មាន​កិច្ចសហការ​ល្អ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ៕