ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ មក​ដល់​ប្រទេស​កម្ពុជា​វិញ​ ប្រកបដោយ​សុវត្ថិភាព

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល ថ្ងៃ​២៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល ថ្ងៃ​២៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ដំណើរ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ​ដោយ​សុវត្ថិភាពហើយ បន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ ​លើក​ទី​៧៧ នៅ​សហរដ្ឋអាមេរិក​,​ ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយ​បា និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​របស់ឯកឧត្តម អា​បេ ស៊ី​ន​ហ្សូ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​២៨ ខែកញ្ញា ឆ្នាំ​២០២២​ ។

ជា​លទ្ធផល នៃ​បេសកកម្ម​នៅ​ក្រៅប្រទេស​របស់សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រយៈពេល​ពេញ​មួ​យស​ប្តា​ហ៍​កន្លង​ទៅ​នេះ គឺ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​សម្រាប់​ជាតិ​មាតុភូមិ​ ។ ក្នុង​នោះ ទាក់ទង​ទៅ​នឹង​សម័យប្រជុំ​លើក​ទី​៧៧ នៃ​កិច្ច​ពិភាក្សា​ទូទៅ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ​របស់​កម្ពុជា នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ។ បទ​អន្តរាគមន៍​នេះ បាន​ផ្តោត​លើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ ក្នុង​ការ​គាំទ្រ​ពហុភាគី​និយម​ផ្អែក​លើ​គោលការណ៍​ច្បាប់ ការ​រួម​សហការ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង ផ្នែក​សន្តិសុខ​ជាស​កល​ ដែល​កំពុង​បន្ត​កើត​មាន ការ​ប្រែប្រួល​អាកាសធាតុ ការ​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី គោលនយោបាយ​ឌី​ជី​ថ​ល ​និង​សេដ្ឋកិច្ច​បៃតង ព្រមទាំង​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​ការ​រក្សា​បាន​នូវ​និរន្តរភាព ​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​យូរអង្វែង ​។

ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​ញូ​វ​យ៉​ក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ជួប​ជា​បន្តបន្ទាប់​គ្នា ជាមួយ​ថ្នាក់ដឹកនាំ​អង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អឺរ៉ុប និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ ជា​ច្រើន​ទៀត​ផង​ដែរ ​។

សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​គុយ​បា សម្ដេច​តេ​ជោ បាន​ទទួល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​គុយ​បា​សំខាន់​ៗ​ ដូច​ជា ឯកឧត្តម​ប្រធានាធិបតី​គុយ​បា ប្រធានរដ្ឋសភា​គុយ​បា និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ ជា​ច្រើន​ទៀត រួម​ទាំង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ ចំនួន​០៣​ផង​ដែរ សម្រាប់​បម្រើ​ប្រយោជន៍​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នា​ពេល​ខាង​មុខ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​ ។

សម្រាប់​កម្មវិធី​ចុង​ក្រោយ ​សម្ដេច​តេ​ជោ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​របស់ ឯកឧត្តម ស៊ី​ន​ហ្សូ អា​បេ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន ដែល​បាន​ទទួលមរណភាព​កាលពី​ពេល​ថ្មី​ៗ​ កន្លង​ទៅ​នេះ​ ។ ជាមួយ​គ្នា​នោះ​សម្ដេច​តេ​ជោ​ក៏​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ជា​ច្រើន​ទៀត​របស់​ប្រទេស​ជប៉ុន​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ