ក្នុងវីដេអូមួយចាក់ផ្សាយពីអីុរ៉ាក់ ក្រុមរដ្ឋអ៊ិស្លាមអះអាងពីការស្វែងរកជ្រើសរើសយុទ្ធជនពួកគេក្នុងចំណោមជនអ៊ិស្លាមចិន២០លាននាក់ ។
ជាលើកដំបូងវីដេអូមួយរបស់ក្រុមរដ្ឋអ៊ិស្លាមត្រូវបានចេញផ្សាយកាលពីថ្ងៃទី២៧ កុម្ភៈ កន្លងទៅនេះ ជាភាសាអ៊ួយហ្គួរ ជាភាសាប្រហែលៗគ្នានឹងភាសាតួួកគីដែលគេនិយាយនៅភាគខាងលិចចិន ហើយដែលសរសេរបែបលក្ខណៈភាសាអារ៉ាប់ ។ ក្នុងវីដេអូនេះគេឃើញពួកយុទ្ធជនមានដើមកំណើតនៅខេត្តស៊ីនជាំង មានពួកអ៊ួយហ្គួរភាគច្រើនធ្វើការឃោសនាពីការប្រយុទ្ធរបស់ពួកគេនៅអីុរ៉ាក់មុនពេលអារ.ក បុរសពុំស្គាល់អត្តសញ្ញាណម្នាក់ដែលគេចោទជាអ្នកលួចផ្តល់ព័ត៌មាន ។ ពួកយុទ្ធជនទាំងនេះក៏គំរាមកំហែងផងដែរចំពោះពួកជ្វីហ្វ និងពួកគ្រឹស្ត ។ ពួកគេថ្លែងសំដៅផ្ទាល់ចំពោះក្រុងប៉េកាំងដោយសន្យាបង្កើតស្ទឹងឈាមទាំងឡាយនៅចិន ។
កាលពីពេលកន្លងមក ក្រុមរដ្ឋអ៊ិស្លាមធ្លាប់រិះគន់រួចហើយដល់ការបង្ក្រាបពួកអ៊ួយហ្គួរ តែពុំដែលធ្វើការគំរាមកំហែងដោយត្រង់បែបនេះចំពោះចិនឡើយ ។ វាជាសញ្ញាដំបូងបង្ហាញពីយុទ្ធសាស្ត្ររបស់ក្រុមរដ្ឋអ៊ិស្លាមវាតទីដល់ទ្វីបអាស៊ី ៕
ចែករំលែកព័តមាននេះ