យោងតាមក្រុងមូស្គូថា កងទ័ពស៊ីរីទើបវាយដណ្តើមយកបានទីក្រុងប្រវត្តិសាស្ត្រ PALMYRE ជាថ្មីទៀត ហើយពីពួកជីហាដក្រុមរដ្ឋអ៊ិស្លាមដែលទទួលរងការវាយបកខាងយោធាថ្មីមួយទៀតកាលពីថ្ងៃទី២ មីនា ។
គាំទ្រដោយការវាយប្រហារតាមអាកាសរបស់កងទ័ពរុស្ស៊ី កងទ័ពស៊ីរីកាលពីថ្ងៃទី១ មីនា បានលុកចូលដល់ក្រុងបុរាណនេះដែលស្ថិតនៅភាគកណ្តាលប្រទេស ។ ក្រោយត្រូវក្រុមរដ្ឋអ៊ិស្លាមវាយដណ្តើមយកបានកាលពីខែមីនា ឆ្នាំ២០១៥ ក្រុង PALMYRE ត្រូវបានកងទ័ពស៊ីរីដណ្តើមយកបាននាខែមីនា ឆ្នាំ២០១៦ មុនពេលធ្លាក់ក្នុងដៃពួកជីហាដវិញនាខែធ្នូ ។
រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី លោកស័រហ្គេយ ឆយហ្គូ អះអាងថា កងទ័ពស៊ីរីបានបង្ហើយប្រតិបត្តិការដែលសំដៅវាយដណ្តើមយកក្រុង PALMYRE ។ កងទ័ពនេះកំពុងតែបោសសម្អាតគ្រាប់មីននៅតាមតំបន់ជាយក្រុង ។
ការបាត់បង់ក្រុង PALMYRE បន្ថែមលើការបាត់បង់ទីតាំងធំៗជាច្រើនរបស់ពួកជីហាដលើបណ្តាដែនដីដែលពួកគេដណ្តើមយកបានចាប់តាំងពីឆ្នាំ២០១៤មកនៅស៊ីរី និងអីុរ៉ាក់ ។ ក្រុមរដ្ឋអ៊ិស្លាមក៏កំពុងជួបការលំបាកធំនៅក្រុងម៉ូសស៊ុលអីុរ៉ាក់ និងក្រុងរ៉ាកាស៊ីរី ៕
ចែករំលែកព័តមាននេះ