ពលរដ្ឋក្រុងបាត់ដំបង បង្ហាញការព្រួយបារម្ភ ពីជនចម្លែករាតត្បាត
ខេត្ដបាត់ដំបង ៖ រយ:ពេលជាងមួយសប្ដាហ៍មកហើយ ដែលអ្នករស់នៅក្នុងសង្កាត់មួយចំនួនក្នុងក្រុងបាត់ដំបង មានការភ្ញាក់ផ្អើល
ខេត្ដបាត់ដំបង ៖ រយ:ពេលជាងមួយសប្ដាហ៍មកហើយ ដែលអ្នករស់នៅក្នុងសង្កាត់មួយចំនួនក្នុងក្រុងបាត់ដំបង មានការភ្ញាក់ផ្អើល
ខេត្ដបាត់ដំបង ៖ រយ:ពេលជាងមួយសប្ដាហ៍មកហើយ ដែលអ្នករស់នៅក្នុងសង្កាត់មួយចំនួនក្នុងក្រុងបាត់ដំបង មានការភ្ញាក់ផ្អើល រហូតមានអាណាព្យាបាលខ្លះស្ទើរមិនហ៊ានឲ្យកូនចៅទៅសាលារៀនទៀតផង បន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បង្ហាញសកម្មភាពដ៏ចម្លែកជិះម៉ូតូចូលតាមភូមិចាប់ក្មេងស្រីតូចៗសួរនាំស្ងាត់ៗគួរឲ្យសង្ស័យ និងធ្វើឲ្យពលរដ្ឋមួយតាមឃ្លាំមើលសកម្មភាពជនចម្លែកនោះទៀតផង ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មានអ្នករស់នៅក្នុងភូមិមួយចំនួនក្នុងសង្កាត់ក្ដុលដូនទាវ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានជួបហេតុការណ៍នេះដោយផ្ទាល់ ។ ប្រភពដដែលបន្តថា ជនចម្លែកនោះជាបុរសអាយុជិត៣០ឆ្នាំ ក្នុងឯកសណ្ឋានដូចភ្នាក់ងារឥណទាន ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ តែពេលខ្លះស៊េរីឆ្នាំ២០០៩ និងពេលខ្លះស៊េរីឆ្នាំ២០១១ ។
ជាងមួយសប្ដាហ៍ហើយ ដែលគេប្រទះឃើញជនចម្លែកនោះជិះម៉ូតូចូលភូមិតាព្រូច ភូមិចុងព្រែក ភូមិអូរតានប់ ក្នុងសង្កាត់ក្ដុលដូនទាវ និងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង រីឯនៅភូមិដទៃទៀតក៏មានរឿងបែបនេះដែរ ។
លោកថៃ តារារ័ត្ន អាយុ៣៣ឆ្នាំ នៅភូមិចុងព្រែក សង្កាត់ក្ដុលដូនទាវ ដែលបានជួបហេតុការណ៍ផ្ទាល់និយាយថា កាលពីថ្ងៃទី២៥ ខែកុម្ភ: កន្លងទៅ គាត់បានឃើញជនចម្លែកនោះជិះម៉ូតូចូលក្នុងភូមិចំនួន២លើក ក្នុងឯកសណ្ឋានដូចភ្នាក់ងារឥណទាន ។ គាត់ឃើញជននោះជិះម៉ូតូឈប់ក្នុងភូមិ ហើយបក់ដៃហៅក្មេងស្រីម្នាក់មកក្បែរខ្លួន ។ ឃើញសកម្មភាពបែបនេះ គាត់ក៏ជិះម៉ូតូទៅឈប់ទល់មុខ ហើយសួរជននោះថា តើមករកអី ? ជននោះម្ដងប្រាប់ថា ខ្លួនមករកបងប្អូន.. និងម្ដងថា ខ្លួនជាភ្នាក់ងារអង្គការ តែគ្មានកាតសម្គាល់ខ្លួនទេ ព្រោះទើបចូលថ្មី ។
លោក តារារ័ត្ន បញ្ជាក់ថា ដោយឆ្លើយមិនសមហេតុផល គាត់ក៏និយាយគំរាមថា បើមកក្នុងបំណងមិនល្អ ឃើញមកលើកក្រោយប្រយ័ត្នអ្នកភូមិឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ទើបជននោះជិះម៉ូតូចេញបាត់ទៅ ។
ដោយឡែកលោក លួន ណាត អាយុ៥០ឆ្នាំ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង និយាយថា នៅថ្ងៃទី២៦ ខែកុម្ភ: ជនចម្លែកនោះបានជិះម៉ូតូមកដល់ជិតផ្ទះគាត់ ។ លុះឃើញកូនស្រីគាត់កំពុងដើរទៅទិញនំដល់កន្លែងស្ងាត់ ស្រាប់តែជននេះឈប់ម៉ូតូ ហើយចាប់ក្របួចកអាវកូនគាត់ ។
គាត់និយាយថា ភ្លាមនោះកូនស្រីគាត់បានរើបម្រះ ហើយអ្នកភូមិម្នាក់ឃើញទាន់ក៏ស្រែកសួរនាំ ធ្វើឲ្យជននេះភ័យក៏ជិះម៉ូតូគេចបាត់ទៅ តែគាត់មិនដឹងថា ជនចម្លែកនោះចាប់កូនស្រីគាត់ក្នុងបំណងអ្វីទេ ។ ប៉ុន្តែប៉ុន្មានថ្ងៃកន្លងទៅនេះមានការលេចឮតៗគ្នាថា មានមនុស្សចម្លែកជិះម៉ូតូចាប់ក្មេងវះយកក្រលៀន ទើបធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ឥឡូវប៉ះលើកូនស្រីគាត់តែម្ដង ។
ជាមួយនឹងការភ្ញាក់ផ្អើលខាងលើនេះ កុមារី ឈឿត សៃហ្វុង អាយុ១២ឆ្នាំ និងកុមារី អាន វិជ្ជរ៉ា អាយុ៦ឆ្នាំ នៅភូមិអូរទំនប់ បាននិយាយដែរថា ពួកនាងធ្លាប់ត្រូវជននោះហៅ៣លើកដែរ ហើយធ្លាប់ឲ្យលុយពួកនាង១.០០០រៀលទៀតផង។ លើកចុងក្រោយ ជននោះបានបក់ដៃហៅនាង ហើយចាប់អង្អែលដៃនាង លុះអ្នកភូមិឃើញស្រែកសួរនាំ ស្រាប់តែជននោះជិះម៉ូតូគេចខ្លួនភ្លាម ។
អ្នកភូមិបានបញ្ជាក់ដែរថា ក្រោយពីជនចម្លែកនោះចេញផុត ស្រាប់តែពួកនាងមានអាការស្ងួតបំពង់ក ងងុយដេក និងរឹងថ្គាម រហូតអាណាព្យាបាលបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ ។ អ្នកភូមិនិយាយថា សកម្មភាពដ៏ចម្លែករបស់ជនខាងលើនេះ ធ្វើឲ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង ដោយគិតថាសកម្មភាពជនចម្លែកនោះអាចជាសកម្មភាពចាប់ក្មេងវះយកក្រលៀន ។
ទោះជាយ៉ាងណា ជុំវិញការភ្ញាក់ផ្អើលនេះ ត្រូវបានអធិការនគរបាលក្រុងបាត់ដំបង លោក ប៉ាង ហៀង បដិសេធថា មិនមានរឿងដូចការអះអាងរបស់អ្នកភូមិនោះទេ ។ លោកថា កម្លាំងមូលដ្ឋានបានចុះស្រាវជ្រាវអំពីរឿងនេះ តែបើតាមព័ត៌មានដែលលោកទទួលបាន ភិនភាគជនចម្លែកនោះគឺជាជនមានសតិមិនប្រក្រតី ។ លោកបញ្ជាក់ថា រឿងនេះមិនពិតទេ ប៉ុន្តែទោះជាបែបណា មន្ត្រីរបស់លោកកំពុងតាមស្វែងរកជនចម្លែកនោះហើយ ៕
ចែករំលែកព័តមាននេះ