ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាប៉ោង​បើកគ្រប CPP ស្វាគមន៍​ក្បាល​ម៉ា​ស៊ី​ន CNRP ថ្មី​សម្រាប់​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​គណបក្ស​សង្គ្រោះជាតិ បាន​ដំណើរការ​សមាជ​វិសាមញ្ញ​ជ្រើសរើស​ក្បាលម៉ាស៊ីន ដឹកនាំ​ថ្មី​របស់​ខ្លួន​ចេញ​ផ្លូវការ​ហើយនៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា

រាជធានី​ភ្នំពេញ ៖ ទីបំផុត​គណបក្ស​សង្គ្រោះជាតិ បាន​ដំណើរការ​សមាជ​វិសាមញ្ញ​ជ្រើសរើស​ក្បាលម៉ាស៊ីន ដឹកនាំ​ថ្មី​របស់​ខ្លួន​ចេញ​ផ្លូវការ​ហើយនៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា តាម​ការ​គ្រោងទុក​ដោយ​ជ្រើសរើស​ប្រធាន​មួយ​រូប អនុប្រធាន​បី​រូប ដើម្បីប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ដែល​ក្រុម​អ្នក​តាមដាន​និយាយ​ថា អាប៉ោ​ង​បាន​បើកគ្រប​ហើយ ។

សម្រាប់​បេក្ខភាព​ថ្មី​នេះ គឺ​មាន​ប្រធាន​លោកកឹ​ម សុខា និង​អនុប្រធាន​មាន​ដល់​ទៅ​បី​រូប​មាន​លោក ប៉ុ​ល ហំ​ម លោក អេ​ង ឆៃ​អ៊ា​ង និង​លោកស្រី មួរ សុខ​ហួរ ។ សមាសភាព​ត្រូវ​បាន​ស្វាគមន៍​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ​នេះ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២ មីនា ថា​យោង​តាម​លទ្ធផល​នៃ​សមាជ​វិសាមញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNPP) នា​ព្រឹក​ថ្ងៃ​ទី​២ មីនា នេះ លោក កឹ​ម សុខា ត្រូវ​បាន​សមាជ​បោះ​ឆ្នោត​គាំទ្រ ជា​ប្រធាន​គណបក្ស លោក ប៉ុ​ល ហំ​ម អេ​ង ឆៃ​អ៊ា​ង និង លោកស្រី មួរ សុខ​ហួរ ជា អនុប្រធាន ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សូម​គោរព​ឆន្ទៈ​នៃ​សមាជ​វិសាមញ​របស់​គណបក្ស សង្គ្រោះ​ជាតិ ហើយ​ចាត់​ទុក​លទ្ធផល​នេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស cnrp ។ លោក​បញ្ជាក់​ថា «​គណបក្ស​ប្រជាជន​កម្ពុជា សូម​ស្វាគមន៍ បេក្ខជន​ដ៏​ខ្លាំង និង​មាន​សក្តានុពល​របស់​គណបក្ស​ដៃគូ​ប្រកួតប្រជែង ដើម្បី​ឲ្យ​ជ័យ​ជំនះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាន់តែ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ថែម​ទៀត​» ។

ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដែល​ត្រូវ​បាន​សមាជ​លើកដៃ​គាំទ្រ​បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​គោលនយោបាយ​អាទិភាព​ចំនួន ៥​ចំណុច ដើម្បី​ធ្វើការ​ឃោសនា​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ឆ្នោត ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​នយោបាយ​ផ្សេង​ៗ ដូច​ជា​៖ ទី​១ ពង្រឹង​សិទ្ធិ​អំណាច​ប្រជាពលរដ្ឋ ទី​២ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍ ទី​៣ សេវា​សាធារណៈ ទី​៤ សន្តិសុខ និង​ទី​៥ វិ​ម​ជ្ឍ​ការ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក កឹ​ម សុខា ក៏​បាន​គូសបញ្ជាក់​ថា សម្រាប់​គោលនយោបាយ ទី​៥ ដែល​និយាយ​ពី​វិមជ្ឈកា គឺ​ការ​ផ្តល់​ថវិកា ចំនួន ៥០​ម៉ឺន​ដុល្លារ ដល់​ឃុំ សង្កាត់​នីមួយ​ៗ នៅ​ពេល​គណបក្ស​លោក ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ឃុំ សង្កាត់ យក​ទៅ​ប្រើប្រាស់​ក្នុង​ឃុំ សង្កាត់ លើ​គ្រប់​វិស័យ​ផង​ដែរ ។

លោក​បញ្ជាក់​ថា «​វិមជ្ឈការ​ថវិកា សំខាន់​ណាស់​! ចង់​ឲ្យ​មាន​អំណាច​ក្នុង​មូលដ្ឋាន ចង់​ឲ្យ​ធ្វើ​កិច្ចការ​ក្នុង​មូលដ្ឋាន​បាន បើ​លុយ​នៅ​ថ្នាក់លើ​ធ្វើ​មិនកើត​ទេ ។ អ​ញ្ចឹ​ង​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា ដើម្បី​ឲ្យ​មូលដ្ឋាន​មាន​ភាព​រស់​រវើក និង​ជា​ឃុំ សង្កាត់​មួយ​មាន​ភាព​ទំនើប ជា​ឃុំ សង្កាត់​មួយ​ដែល​មាន​សកម្មភាព​ពិតប្រាកដ​នោះ ទាល់តែ​ទំលាក់​លុយ​ទៅ ។ ទម្លាក់​យ៉ាងម៉េច គឺ​ទាល់តែ​ទម្លាក់​ថវិការ​៥០​ម៉ឺន​ដុល្លារ​ដល់​ឃុំ សង្កាត់​នីមួយ​ៗ​ក្នុង​១​ឆ្នាំ​» ។

យ៉ាងណា​ក្តី​សម្រាប់​ការ​សន្យា​ទម្លាក់​លុយ​នេះ​ត្រូវ​បាន​លោក កឹ​ម សុខា ថា លោក​មិន​អួត​មិន​អាង​នោះ​ទេ តែ​លោក​ថា កាល​លោក កែម ឡី នៅ​មានជីវិត​លោក​និយាយ​ថា ក្នុង​សង្កាត់​មួយ​ត្រូវការ​លុយ​១​លាន​ដុល្លារ ។

លោក កឹ​ម សុខា បាន​សន្យា​ថា នៅ​ពេល​ដែល​គណ​ក្ស​សង្គ្រោះ​ជាតិ​ទទួល​ជ័យ​ជំនះ នឹង​ធ្វើ​អ្វី​ដែល​គោលនយោបាយ​ដាក់​ជូន​នៅ​ថ្ងៃនេះ ឬ​អាច​ច្រើន​ជាង​នេះ​ទៅ​ទៀត ។
ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈាន​ដល់​ធ្វើ​សមាជ​វិ​សាម​ញ្ញា​នេះ ត្រូវ​បាន​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា ដោយសារ​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា មក​ពី​ការ​លា លែង​តំណែង​របស់​លោក សម រ​ង្ស៊ី ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​សមាជ​វិសាមញ្ញ គឺ​មាន​របៀបវារៈ​ ៖
១-​ពិភាក្សា និង​អនុម័ត វិសោធនកម្ម​លក្ខន្ដិកៈ​គណបក្ស ប្រការ​៤៥ និង​ប្រការ​៤៧
២-​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន និង​អនុប្រធាន​គណបក្ស
៣-​អបអរសាទរ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ
៤-​ពិភាក្សា និង​អនុម័ត​គោលនយោបាយ​អាទិភាព​៥​ចំណុច សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ។

សមាសភាព​ចូលរួម​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ រួម​មាន​៖
១-​គណៈកម្មាធិការ​អចិន្ដ្រៃយ៍
២-​គណៈកម្មាធិការ​នាយក
៣-​ក្រុមការងារ រាជធានី​-​ខេត្ត ទាំង​២៥
៤-​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត (​អចិន្ត្រៃយ៍​៥​រូប​) ទាំង​២៥
៥-​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ក្រុង ស្រុក ខណ្ឌ
៦-​ប្រធាន​ចលនា​យុវជន​ខេត្ត
៧-​ប្រធាន​ចលនា​ស្ត្រី​ខេត្ត ។

បើ​តាម​ការ​សង្កេត​ចំពោះ​ការ​ធ្វើ​សមាជ​លើក​នេះ មិនឃើញ​មាន​វត្ត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​ចូលរួម​ដូច​កាលពី​ធ្វើ​សមាជ​លើក​មុន​នោះ​ទេ ។ ជាង​នេះ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ក៏​មិនឃើញ​វត្ត​មាននៅ​សមាជ​វិសាមញ្ញ​នេះ​ដែរ ។

សម្តេច​តេ​ជោ ជូនពរ​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជវិសាមញ្ញ​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧ ប្រធាន​មួយ​រូប អនុប្រធាន​បី​រូប ដើម្បី​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត នៅ​ពេល​ខាង​មុខ​នេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​លិខិត​ជូនពរ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ មីនា បាន​ស​សេរ​លិខិត​មួយ​ច្បាប់ ជូនពរ​លោក កឹ​ម សុខា ដែល​ត្រូវ​បាន​សមាជ​វិសាមញ្ញ​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

លិខិត​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា «​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​សួ​ម​ជូនពរ​ឯកឧត្តម​មាន​សុខភាព​ល្អ និង​សុភមង្គល​ក្នុងគ្រួសារ​» ៕