ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្តចម្រៀងពីជីវិតក្មេងវត្តនិយាយពីជីវិតសម្តេចតេជោ ពេលនៅជាក្មេងវត្តដាក់បង្ហាញជាផ្លូវការ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាពយន្ត​ចម្រៀង​«​ជីវិត​ក្មេង​វត្ត​» ដែល​ជា​ភាពយន្ត​ចម្រៀង​បង្ហាញ​ពី​ជីវិត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ពេល​ផ្ញើខ្លួន​នឹង​ព្រះសង្ឃ ដើម្បី​សិក្សា​រៀនសូត្រ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​បង្ហាញ​ជូន​សាធារណៈជន​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ភាពយន្ត​ចម្រៀង​«​ជីវិត​ក្មេង​វត្ត​» ដែល​ជា​ភាពយន្ត​ចម្រៀង​បង្ហាញ​ពី​ជីវិត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ពេល​ផ្ញើខ្លួន​នឹង​ព្រះសង្ឃ ដើម្បី​សិក្សា​រៀនសូត្រ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​បង្ហាញ​ជូន​សាធារណៈជន​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​។

ពិធី​សម្ពោធ​ភាពយន្ត​ចម្រៀង «​ជីវិត​ក្មេង​វត្ត​»​នឹង​ត្រូវធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស ព្រមទាំង​អ្នកសិល្បៈ​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។

ភាពយន្ត​ចម្រៀង «​ជីវិត​ក្មេង​វត្ត​» មាន​រយៈពេល​ប្រមាណ​៣០​នាទី​ដែល​ភាពយន្ត​ចម្រៀង «​ជីវិត​ក្មេង​វត្ត​» លាតត្រដាង​ពី​ជីវិត​តស៊ូ​របស់​សម្តេច​តេ​ជោ នៅ​ពី​កុមារភាព​ឃ្លាតឆ្ងាយ​ឪពុក​ម្តាយ និង​ភូមិ​ស្រុក មក​ផ្ញើ​វាសនា​នឹង​ព្រះសង្ឃ​ក្នុង​ទី​អារាម​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្រវា​វិជ្ជា​នឹង​ក្រេប​យកចំណេះ​ដឹង​។

ភាពយន្ត​ចម្រៀង «​ជីវិត​ក្មេង​វត្ត​» នេះ​ចំណាយ​ថវិកា​ផលិត​អស់​ជាង​១២​ម៉ឺន​ដុល្លារ ដែល​ចំណាយពេល​លើ​ការ​ផលិត​ជិត​១​ឆ្នាំ តាំងពី​ការ​រើស​ទីតាំង​ថត តួ​សម្តែង ការ​ថត​រហូត​ដល់​ការ​កាត់ត​ជាដើម​។

លោកស្រី ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នេះ​ជា​វណ្ណ​កម្ម​ដ៏​វិសេសវិសាល​បំផុត ដែល​ផលិតករ​តួ​សម្តែង ក្រុមការងារ​ទាំងអស់​ក៏​ដូច​ជា អ្នក​ឧបត្ថម្ភ​គាំទ្រ ជា​ពិសេស​អ្នកដឹកនាំ​រឿង លោក ហ្វៃ សំអាង រួម​គ្នា​យកចិត្តទុកដាក់​ប្រើ​អស់កម្លាំង​ចិត្ត សមត្ថភាព និង​ធនធាន ដើម្បី​ផលិត ភាពយន្ត​ចម្រៀង ប្រវត្តិសាស្ត្រ​នេះ​ឲ្យ​ល្អ​បំផុត​ព្រោះ​ជា​ប្រវត្តិ​រឿងរ៉ាវ និង​ការ​តស៊ូ​របស់​នាយក​រដ្ឋមន្ត្រី គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទុកជា​គំរូ​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ ពិសេស​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​។

តួអង្គ​សម្តែង​ក្នុង​រឿង​នេះ សុទ្ធ​សឹង​ជា​សិល្បករ​សិល្ប​ការិនី​ល្បី​ៗ ដែល​មានបទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​សម្តែង​បាន​គ្រប់​រសជាតិ​ជីវិត យំ សើច កើតទុក្ខ មុខជូរ​… គឺ​អាច​ធ្វើ​បាន​ទាំងអស់​។

លោកស្រី ផលិតក​រូប​នេះ​បាន​ធ្វើការ​កោតសរសើរ និង​វា​.​យ​តម្លៃ​ខ្ពស់​ដល់​ក្រុមការងារ សិល្បករ​សិល្ប​ការិនី​ដែល​មានការ​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​សម្តែង មិន​ថា ក្តៅ រងារ យប់​ថ្ងៃ ចុះ​បឹង ប្រឡាក់​ភក់​យ៉ាងណា​ក្តី​នៅ​ប្រឹង​រហូត​ជោគជ័យ តួយ៉ាង​កញ្ញា ឌួ​ង ហ្សូ​រី​ដា បាន​លះបង់​សក់​ជាទី​ស្រលាញ់ កាត់​ខ្លី ដើម្បី​តម្រូវ​តាម​សាច់​រឿង​។

លោក ហ្វៃ សំអាង ដែល​ជា​អ្នកដឹកនាំ​ភាពយន្ត​ចម្រៀង ជីវិត​ក្មេង​វត្ត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា វណ្ណ​កម្ម​ប្រវត្តិសាស្ត្រ​ដ៏​វិសេសវិសាល​នេះ មាន​កិច្ចការ​និង​ការ​សម្រេច​ចិត្តធំ​ៗ​ដែល​ត្រូវធ្វើ​ឡើង​យ៉ាង​យកចិត្តទុកដាក់ ទាំង​ភាសា​សន្ទនា ការ​ជ្រើសរើស​តួ​សម្តែង ទីតាំង​ថត ក្រៅពី​នោះ​នៅ​មាន​សម្ភារ​បច្ចេកទេស​ទំនើប បច្ចេកទេស​កាត់ត​ដែល​ត្រូវ​ប្រើប្រាស់​បម្រើ​ដល់​ការ​ផលិត ក្នុង​នោះ​មាន​ក្រុមការងារ​ជំនាញ​ពី​គ្រប់​ផ្នែក​ដែល​មិន​អាច​ខ្វះ​បាន​។

លោក ហ្វៃ សំអាង ក្នុង​នាម​អ្នកដឹកនាំ​សម្តែង​ដែល​មាន​សមត្ថភាព បាន​បង្ហាញ​អារម្មណ៍​រំភើប​ចំពោះ​វណ្ណ​កម្ម ភាពយន្ត​ចម្រៀង ជីវិត​ក្មេង​វត្ត ហើយ​បាន​រំលឹក​ពី​ការ​យកចិត្តទុកដាក់ ផ្តល់​អនុសាសន៍ និង​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត ពី​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែង​ឆ្លើយ​តប និង​ប្រាប់​អំពី​ដំណាក់កាល​នៃ​ជីវិត​ពិត​របស់​សម្តេច ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​តួនាទី​ដ៏​ខ្ពស់ មិន​ត្រឹម​ជាម​គ្គុ​ទេស​ដឹកនាំ​ប្រទេស ស្វែងរក​សន្តិភាព ធានា​នូវ​ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ តែ​សម្តេច​ថែម​ទាំង​មាន​បេះដូង​សិល្បៈ យកចិត្តទុកដាក់​គ្រប់​សេណា​រី​យ៉ោ និង​ម៉ត់ចត់​ជាទី​បំផុត​ទើប​វណ្ណ​កម្ម​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​សម្រេច​យ៉ាង​ជោគជ័យ​ដ៏​ក្រៃ​លែង​។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រ​សូត្រ​នៅ​ថ្ងៃ​អង្គារ​១៥​កើត ព្រះ​ចន្ទ​ពេញបូណ៌មី ខែ​ស្រាពណ៍ ឆ្នាំរោង ចត្វា​ស័ក ព​.​ស ២៤៩៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​១៩៥២ នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធំធាត់ និង​សិក្សា​នៅ​ក្នុង​ស្រុកភូមិ រហូត​ដល់​ឆ្នាំ​១៩៦៤ បាន​មក​រស់នៅ​ក្នុង​វត្ត​នាគ​វ័​ន្ត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រៈ​ទេវី ក្នុង​វ័យ​ទើបតែ ១២​ឆ្នាំ​ប៉ុណ្ណោះ​។​វ័យ​១២​ឆ្នាំ ជា​វ័យ​ដែល​ត្រូវ​ទទួល​បានការ​ថ្នាក់ថ្នម​បីបម​ខ្ពស់​ពី​ឪពុក​ម្តាយ តែ​ដោយសារ​ស្ថានភាព​ស្រុក​ទេស​ខ្វះ​សាលារៀន ក៏​ត្រូវ​បង្ខំ​ឱ្យ​លោកឪពុក​អ្នក​ម្តាយ សម្រេច​បញ្ជូន​កុមា​រា ហ៊ុន បូ​ណា​ល់ (​ឈ្មោះ​ពី​កំណើត​របស់​សម្តេច​តេ​ជោ​) មក​ស្នាក់​នៅ​ក្នុង​វត្ត​នា​រាជធានី​ភ្នំពេញ ដើម្បី​ស្វះ​ស្វែងរក​វិជ្ជា​ជា​ទុន​សម្រាប់​ជីវិត​។

ជីវិត​ជា​កូន​កសិករ​ក្រខ្សត់​មក​រៀន​ក្នុង​រាជធានី​ភ្នំពេញ ដែល​ពោរពេញ​ដោយ​ភាព​ស៊ី​វិ​ល័យ ធ្វើ​ឱ្យ​កុមា​រា ហ៊ុន បូ​ណា​ល់ ជួប​នូវ​សម្ពាធ​ជា​ច្រើន​ក្នុង​ជីវិត​ទាំង​ការ​ហូប​ចុក និង​ការ​សិក្សា​រៀនសូត្រ​។​បន្ថែម​ពីលើ​នោះ​កុមា​រា ហ៊ុន បូ​ណា​ល់​ក៏​ទទួល​រង​ការ​ប្រមាថមើលងាយ​ពី​កូន​មន្ត្រី និង​កូន​អ្នកមាន​ធនធាន​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ផង​ដែរ​។​បទ​ពិសោធន៍​ជីវិត​រង​ការ​ប្រមាថ​មួយ​នេះ ធ្វើ​ឱ្យ​សម្តេច​តេ​ជោ តែង​អប់រំ​កូន​ៗ​ឱ្យ​ចេះ​ឱនលំទោន និង​មិន​ត្រូវ​ប្រមាថមើលងាយ​អ្នកក្រ​ខ្សត់​ជា​ដាច់ខាត​។

បទ​ចម្រៀង «​ជីវិត​ក្មេង​វត្ត​» ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​លើក​បង្ហាញ​នូវ​ជីវិត​តស៊ូ​មួយ​នៅ​ក្នុង​ជីវិត​របស់​សម្តេច ហើយ​ក៏​ជា​ចំណែក​រុញច្រាន​ឱ្យ​ជីវិត​សម្តេច​ទទួល​បាន​ជោគជ័យ និង​មាន​ភាព​ល្បាញ​ល្បី​រហូត​ដល់​សព្វថ្ងៃ​ផង​ដែរ​។ ប្រសិនបើ​សម្តេច​មិន​តស៊ូ និង​ជម្នះ​ការ​លំបាក​ទាំងឡាយ​ក្នុង​វ័យ​កុមារភាព​ទេ​នោះ សម្តេច​តេ​ជោ ក៏​មិន​អាច​ស្វែងរក​ចំណេះ​មក​ទ្រទ្រង់​ជីវិត​ឱ្យ​បាន​ល្បីរ​ន្ធឺ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ