ខេត្តប៉ៃលិន ៖ យុវជន៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលដែលស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿនលុះដល់ត្រង់ចំណុចផ្លូវកោងមិនបានបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុកនឹងដើមឈើយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ទាំងអស់តែម្តង ។ ក្រោយពេលកើតហេតុគេបានពិនិត្យឃើញយុវជនម្នាក់ធ្លាក់ទៅក្នុងទឹកស្រះស្លាប់ និងយុវ ជន២នាក់ទៀតស្លាប់នៅក្បែរគល់ឈើ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ មីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរផ្លូវជាតិលេខ៥៩ ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ចាវ ភេទប្រុស អាយុ២១ឆ្នាំ, ទី២-ឈ្មោះ កែវ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣ ឈ្មោះ កុល ភេទប្រុស អាយុ២១ឆ្នាំ ។ អ្នកទាំងបីរស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញយុវជន៣នាក់បានជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-1879 ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុបួងចង្កូតមិនទាន់ក៏រេធ្លាក់ផ្លូវ ហើយជ្រុលទៅបុកនឹងដើមឈើ១ដើមបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ប្រភពដដែលបញ្ជាក់ថា ពេលនោះគេឃើញជនរងគ្រោះ២នាក់ដេកស្លាប់នៅក្បែរដើមឈើ រីឯម្នាក់ទៀតដេកស្លាប់នៅក្នុងទឹកប្រឡាយ ។ ក្រោយពេលកើតហេតុសពជនរងគ្រោះទាំងបីត្រូវបានសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ