ខេត្តកំពង់ឆ្នាំង ៖ បទល្មើសដាក់សម្រាស់យ៉ាងច្រើនស្អេកស្កះ ក្នុងទន្លេក្នុងភូមិសាស្ត្រ ឃុំផ្លូវទូក និងឃុំប្រឡាយមាស ដែលមកដល់ពេលនេះ មិនទាន់ឃើញមានសមត្ថកិច្ចចុះបង្ក្រាបឡើយ ផ្តើមចេញពីភាពអសកម្មខាងលើនេះ ត្រូវបានប្រជាពលរដ្ឋចោទថា សមត្ថកិច្ច និងមន្ត្រីជំនាញ លួចបើកភ្លើងខៀវឲ្យមានបទល្មើសបែបនេះខុសនឹងច្បាប់ស្តីពីជលផល។ បទល្មើសដាក់សម្រាស់ធំៗរាប់រយកន្លែងយ៉ាងអនាធិបតេយ្យ នេះបានកើតឡើងនៅចំណុចព្រែកសាច់ស្ពៃ ព្រែកអន្លុងកញ្ចុះ ព្រែកស្វាយកាប នៅក្នុងឃុំប្រឡាយមាស នៅចំណុចព្រែកក្នុង ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង។
ចំណែកនៅចំណុចព្រែកសាច់ស្ពៃ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ជាសម្រាស់របស់ជនជាតិវៀតណាមម្នាក់ នៅក្នុងភូមិចុងកោះ មានសម្រាស់ចំនួន៦កន្លែងធំៗ ដែលមានអ្នករត់ការបង់លុយឲ្យជំនាញពាក់ព័ន្ធរាប់ពាន់ដុល្លារ ទើបអាចហ៊ុំសម្រាស់ចាប់ត្រីនៅពេលយប់បាន។ ជុំវិញបញ្ហានេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានប្រាប់នៅរសៀលថ្ងៃទី០២ ខែមីនានេះថា លោកទទួលស្គាល់ថា បទល្មើសដាក់សម្រាស់ពិតជាមានមែន ក្នុងភូមិសាស្ត្រខាងលើនេះ ប៉ុន្តែគ្មានការឃុបឃិតណាមួយនោះទេ គ្រាន់តែដោយសារស្ថានភាពសព្វថ្ងៃសមត្ថកិច្ច និងមន្ត្រីជំនាញ កំពុងមមាញឹកបង្ក្រាបបទល្មើសដាក់របាំងសាច់អួនខុសច្បាប់តែប៉ុណ្ណោះ។
លោកបានបញ្ជាក់ដែរថា កន្លងទៅមិនមែនថា សមត្ថិកិច្ច និងមន្ត្រីជំនាញ មិនបង្ក្រាបបទល្មើសដាក់សម្រាស់នោះទេ គឺបានបង្ក្រាបបានខ្លះដែរ ពេលដែលជនល្មើសយកអួន ចុះទៅហ៊ុំសម្រាស់ គ្រាន់តែចាប់មិនបានជនល្មើសកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង គ្រាន់តែពីរសប្តាហ៍កន្លងទៅនេះ សមត្ថកិច្ច និងមន្ត្រីជំនាញ បានបង្ក្រាបបទល្មើសហ៊ុំសម្រាស់បានសាច់អួនជាង១០វង់ដែរ និងបន្តធ្វើទៀតបើសិនទទួលបានព័ត៌មានពីការហ៊ុំសម្រាស់នេះ ព្រោះបទល្មើសនេះលួចធ្វើតែពេលយប់ទេ។
លោកបានបន្តថា ខាងមុខនេះនឹងស្នើសុំគោលការណ៍ គណៈបញ្ជាការឯកភាពខេត្ត ចុះបង្ក្រាបបទល្មើសដាក់សម្រាស់ នៅចំណុចខាងលើនេះជាបន្តទៀតជាមិនខាន។ មន្ត្រីជលផលធ្លាប់ពន្យល់ប្រជាពលរដ្ឋថា សូមកុំប្រព្រឹត្តបទល្មើសដាក់សម្រាស់ ព្រោះបានធ្វើឲ្យប៉ះពាល់ដូចជា កាប់បំផ្លាញព្រៃលិចទឹក យកមកធ្វើជាសម្រាស់ដាក់ក្នុងទន្លេ ធ្វើឲ្យទឹកគោករាក់ និងធ្វើឲ្យត្រី និងវារីសត្វកុំជាដើម។ យោងតាមច្បាប់ស្តីពីជលផល មានត្រា១០០ ជនណាប្រព្រឹត្តបទល្មើសដាក់សម្រាស់ចាប់ត្រី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១ឆ្នាំទៅ៣ឆ្នាំ ពិន័យប្រាក់ពី៥លាន ទៅ៥០លានរៀល៕
ចែករំលែកព័តមាននេះ