រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេមេគង្គបន្ទាប់ពីចេញពីរៀនបាត់ខ្លួន អស់មួយយប់ ហើយសមត្ថកិច្ចមានការសង្ស័យថាជាករណីឃាតកម្ម។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយច្រាំងទន្លេមេគង្គចម្ងាយប្រមាណ៣០០ម៉ែត្រ ពីរមណីយដ្ឋានកោះដាច់ ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ហើយនៅវេលារសៀល សមត្ថកិច្ចក៏បានទៅត្រួតពិនិត្យ។
ក្មេងស្រីរងគ្រោះឈ្មោះ ឌឹម តុលា អាយុ១០ឆ្នាំ មានមុខរបរសិស្សថ្នាក់ទី៣(ខ) នៃសាលាបឋមសិក្សាសម្តេចឪ មានទីលំនៅភូមិកើតហេតុខាងលើ។ តាមសម្ដីបុរសឈ្មោះ ឌឹម វ៉ា អាយុ៤៦ឆ្នាំ ជាអ្នកលក់បាយ ត្រូវជាឪពុកក្មេងក្មេងរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់បានបាត់ខ្លួនកាលពីវវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១ ខែមីនា បន្ទាប់ពីចេញពីរៀនមកតូបលក់ដូរ។ បន្ទាប់ពីបាត់ខ្លួន ក្រុមគ្រួសារបានដើររក ក៏បានប្រទះឃើញស្បែកជើង និងកាបូបដាក់សៀវភៅរៀនក្មេងរងគ្រោះនៅលើមាត់ច្រាំងទន្លេ ដោយមានការសង្ស័យថាលង់ទឹក អ្នកភូមិបាននាំគ្នាជួយចុះមុជរាវក្នុងទឹកទន្លេអស់រយៈពេលរហូតដល់ម៉ោង១១យប់ ក៏ប៉ុន្តែរកមិនឃើញឡើយ។
តាមព័ត៌មានបានឲ្យដឹងទៀតថា លុះព្រឹកឡើងនៅវេលម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២ ខែមីនា ទើបប្រជាពលរដ្ឋប្រទះឃើញសពក្មេងរងគ្រោះអណ្តែតទឹកបង្កការភ្ញាក់ផ្អើលឡើង។ នៅវេលារសៀលនគរបាលជំនាញក៏បានចុះទៅពិនិត្យសព បានឲ្យដឹងថា ក្មេងស្រីស្លាប់ជារឿងឃាតកម្មប៉ុណ្ណោះ ដោយសាកសពក្មេងស្រីនោះ មានស្នាមរបួសត្រង់កមានដាច់រលាត់ដោយក្រចក ប្រហែលជាជនល្មើសចាប់ជ្រមុជទឹកឲ្យស្លាប់តែម្ដង៕
ចែករំលែកព័តមាននេះ