ខេត្តកំពង់ចាម ៖ យ៉ាងហោចណាស់ លំនៅឋានប្រជាពលរដ្ឋប្រមាណ៣០ផ្ទះ ត្រូវបានទឹកភ្លៀងហូរចូលនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយសារតែភ្លៀងបានបង្អល់ធ្លាក់មកខ្លាំងជាងពេលណាៗទាំងអស់។ ក្រោយពីទទួលរងគ្រោះធម្មជាតិនេះ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំកម្លាំងចុះពិនិត្យដោយផ្ទាល់ផងដែរ។
![Picture]()
លោក ម៉ន់ ហេន ចៅសង្កាត់វាលវង់ មានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២នេះថា តាមរយៈមេភូមិមួយចំនួនដែលបានរាយការណ៍មករូបលោក ដោយល្ងាចថ្ងៃទី២៦ ខែកញ្ញា ភ្លៀងមួយមេធំបានធ្លាក់មកលើក្រុងកំពង់ចាម ដែលជាហេតុធ្វើឲ្យផ្លូវថ្នល់មួយចំនួន រួមនឹងផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានទឹកហូរចូល គឺភាគច្រើននៅភូមិទី៥ និងទី៦។
![Picture]()
ចៅសង្កាត់វាលវង់ មានប្រសាសន៍បន្តថា តាមការកត់សម្គាល់ ភ្លៀងនេះគឺធំជាងពេលណាណាទាំងអស់ ធ្វើឱ្យដងផ្លូវត្រូវទឹកលិច រហូតទៅដល់៦តឹក ដែលរថយន្តមិនអាចបើកបរបាននោះទេ។ ក្រោយពីទទួលបានព័ត៌មាននេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយប្រធានមន្ទីរសាធារណការខេត្ត ព្រមទាំងមន្ត្រីសាលាខេត្តជាច្រើននាក់ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា បានចុះមកពិនិត្យនៅភូមិទី៥ និងទី៦ ដែលជាទីតាំងដែលលិចលង់ជាងគេ។
![Picture]()
ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យមន្ត្រីក្រោមឱវាទត្រូវរៀបចំកសាងប្រព័ន្ធលូបង្ហូរទឹកថ្មីដែលមានមុខកាត់មួយម៉ែត្រកន្លះ ដោយធ្វើឡើងរាងអក្សរអ៊ុយ សង្ឃឹមថានៅឆ្នាំ២០២៣ ក្រោយពីស្ថាបនា លុះរួចរាល់ទឹកភ្លៀង នឹងត្រូវបានហូរលឿនចាកទៅបឹងស្នាយលែងស្ទះដូចលើកមុនទៀតហើយ។ ជាមួយនោះ ឯកឧត្តមបានខេត្តបានអញ្ជើញចុះទៅពិនិត្យមណ្ឌលកុមារកំព្រា ដែលត្រូវបានទឹកភ្លៀងជនលិចផងដែរ។
![Picture]()
លោក ម៉ន ហេង ចៅសង្កាត់វាលវង់ បានបញ្ជាក់ថា ចំពោះទីតាំងនៅភូមិទី៥ និងទី៦ មានរាងដូចបាតខ្ទះ ហើយគ្រប់ផ្លូវ គឺមានដាក់ប្រព័ន្ធលូ ប៉ុន្តែដោយសារទំហំលូមានមុខកាត់តូច ពេលដែលមានភ្លៀងធ្លាក់មកម្ដងៗនៅតំបន់ជុំវិញតែងតែនាំទឹកហូរចូលមកតំបន់នេះ ដែលជាហេតុធ្វើឲ្យទឹកហូរចូលទៅប្រព័ន្ធលូមេកាត់ទទឹងផ្លូវជាតិលេខ៧ គឺហូរមិនទាន់ ត្រូវស្ទះជាច្រើនម៉ោង កត្តានេះដែលធ្វើឱ្យលិចហូចូលលំនៅឋានរបស់ប្រជាពលរដ្ឋទៀតផង។ ហើយផ្លូវថ្នល់ដែលអ៊ុតស្អាត ត្រូវបានរបើកខូចទៅវិញដោយសារតែដក់ទឹកភ្លៀងខ្លាំងពេក។
![Picture]()
ជាមួយនោះ រដ្ឋបាលខេត្តគ្រោងនឹងកសាងជាផ្លូវបេតុងវិញ សង្ឃឹមថា ប្រព័ន្ធលូថ្មីធំដែលស្ថាបនារួចរាល់ពេលខាងមុខ នៅក្នុងភូមទី៥ និងទី៦ លែងជាបញ្ហាចោទទៀតហើយ។ ក្នុងនាមអាជ្ញាធរ សូមថ្លែងអំណរគុណចំពោះឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តវ័យក្មេង ដែលមានភាពឆ្លាតវៃ និងរហ័សរហួនក្នុងការងារសង្គមបម្រើប្រជាពលរដ្ឋនៅគ្រប់ទិសទីក្នុងខេត្តកំពង់ចាម។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ