ខេត្តបន្ទាយមានជ័យ ៖ នគរបាលស្រុកស្វាយចេកឃាត់យុវជនម្នាក់សង្ស័យបែកថ្នាំ ក្រោយពីបានធ្វើសកម្មភាពលួចចូលលំឋាន និងវា.យបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនៅវេលាម៉ោង០៣និង១៦នាទីទាបភ្លឺថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ៖ ជនបង្កឈ្មោះ ទិត្យ មិញស៊ឺ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិភាសជើង ឃុំសារង្គស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នៅមុនពេលកើតហេតុជននេះបានលួចចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ប៉េង សវ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួចបានយកញញួរវា.យកញ្ចក់ទ្វារផ្ទះបែកស្រាំ និងបង្អួចបែកមួយចំហៀង។
លោកអធិការបានបញ្ជាក់ថា ៖ ក្រោយទទួលបានបណ្តឹងពីម្ចាស់ផ្ទះកម្លាំងនគរបាលយើងបានឃាត់ខ្លួនឈ្មោះ ទិត្យ មិញស៊ឺ មកសួរនាំគេបានសារភាពថា ការដែលគេរត់ចូលក្នុងបរិវេណផ្ទះ និងវា.យកញ្ចក់ទ្វារបង្អួចនេះ ដើម្បីឲ្យម្ចាស់ផ្ទះជួយ ព្រោះមានអ្នកតាមដេញវា.យខ្លួន។



លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់បន្ថែមថា ៖ យោងតាមការធ្វើតេស្តរកសារធាតុញៀន គឺមានវិជ្ជមាន ដូច្នេះជននេះសង្ស័យបែកថ្នាំ បច្ចុប្បន្នបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនិតិវិធីហើយដែរ៕
ចែករំលែកព័តមាននេះ