ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SEA-TV ប្រកាស​បើក​សង្វៀន​អន្ដរជាតិ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២ មីនា ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​(SEA-TV) បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​បើក​ការ​ប្រដាល់​មួយ​ថ្មី ដោយ​អះអាង​ថា​ បណ្ដាល​មក​ពី​តម្រូវការ​អ្នក​ទស្សនា​កើនឡើង និង​ជា​ការ​ចង់

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២ មីនា ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​(SEA-TV) បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​បើក​ការ​ប្រដាល់​មួយ​ថ្មី ដោយ​អះអាង​ថា​ បណ្ដាល​មក​ពី​តម្រូវការ​អ្នក​ទស្សនា​កើនឡើង និង​ជា​ការ​ចង់បាន​របស់​ម្ចាស់​ស្ពុ​ន​ស័​រ ។ ព្រឹត្តិការណ៍​ថ្មី​ដែល​នឹង​លេចឡើង​នេះ គឺ​មានឈ្មោះ​ថា ប្រដាល់​មិត្តភាព​អន្តរជាតិ​ស្រា​អា​ឡិច​ហ្ស​ង់ ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រចាំ​សា្ថ​នី​យ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុនស្រា​អា​ឡិច​ហ្ស​ង់ នឹង​ចាប់​ដំណើរ​ការ​​នៅ​ថ្ងៃអាទិត្យ​ទី​៥ មីនា ស​ប្ដា​ហ៍​នេះ​ហើយ ដោយ​នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​ជំនួស​ឱ្យ​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ​ហ្គេ​ង​ប៊ឺ​គ ដែល​ផ្លាស់​ប្ដូរ​ម៉ោង ។ លោក​ថាបើ​និយាយ​ពី​ពេលវេលា ព្រឹត្តិការណ៍​ដែល​បើក​ដំណើរការ​នេះ មិនមែន​ជា​ការ​ប្រកួត​ថ្មី​នោះ​ទេ ដោយសារ​តែ​រាល់​អាទិត្យ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​ជា​ប្រចាំ​មក​ហើយ ប៉ុន្តែ​បើ​សំដៅ​ពី​ឈ្មោះ​កម្មវិធី និង​ទម្រង់​កម្មវិធី​គឺជា​សង្វៀន​ថ្មី​សុទ្ធសាធ សម្រាប់​ស្ថាប័ន​របស់​លោក ។ ការ​ប្រកួត​នេះ នឹង​តម្រូវ​ឱ្យ​មាន​គូ​អន្តរជាតិ​តែ​មួយគូ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រកួត​រៀង​រាល់​ស​ប្ដា​ហ៍ ហើយ​គូប្រកួត​នីមួយ​ៗ​ត្រូវ​សម្រាំង​ខុស​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​មុន​ៗ ។ លោក​ថា ព្រឹត្តិការណ៍​ប្រដាល់​របស់​ស្រា​អា​ឡិច​ហ្ស​ង់ និង​លេច​រូបរាង​ដោយ​មាន​វត្តមាន​កីឡាករ​ឡៅ ច​ន្ទ្រា បើក​ឆាក​មុនគេ ទើប​ក្នុង​វេទិកា​ប្រកួត​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​សម្រេច​ឱ្យ​កីឡាករ​រូប​នេះ មក​បង្ហាញខ្លួន​ក្នុង​វេទិកា​សន្និ​សីទកាសែត ។ លោក​ថា ការ​រំលេច​ព្រឹត្តិការណ៍​ថ្មី​នេះ នឹង​ជួយ​ឱ្យ​វិស័យ​កីឡា​មាន​តម្រូវការ​កីឡាករ​ច្រើន​យ៉ាង ដែល​មិន​ខុស​ពី​ធ្វើ​ឱ្យ​កីឡាករ​ម្នាក់​មាន​ទីផ្សារ​រីក​ធំ ។

យ៉ាងណាមិញ ការ​បារម្ភ​ពាក់ព័ន្ធ​នឹង​កង្វះ​កីឡាករ​ល្អ​សម្រាប់​ឡើង​ប្រកួត​ក៏​កើត​មាន​ដែរ ដោយសារ​តែ​វិស័យ​ប្រដាល់​នា​ពេល​បច្ចុប្បន្ន គឺ​កីឡាករ​ថៃ​ដែល​ត្រូវ​យក​មក​ប្រកួត​កាន់តែ​មាន​សមត្ថភាព ហើយ​កីឡាករ​កម្ពុជា​ល្អ​ក៏​ចេះ​តែ​ចាស់វស្សា​ខ្លាំង​ឡើង​ដែល​ធ្វើ​ឱ្យ​កម្រិត​ប្រកួត​របស់​ពួក​គេ​ចុះ​ខ្សោយ ។

អីុចឹង​ហើយ​ទើប​កីឡាករ​ឡៅ ច​ន្ទ្រា និង​កីឡាករ​វ័យក្មេង​ជា​ច្រើន​ទៀត នឹង​ត្រូវ​លើក​ស្ទួយ​ដើម្បី​ឱ្យ​វិស័យ​ប្រដាល់​នៅ​តែ​មានការ​គាំទ្រ ។

លោក​ថា ព្រឹត្តិការណ៍​អន្តរជាតិ​អា​ឡិច​ហ្ស​ង់នឹង​ប្រែក្លាយ​កីឡាករ​ក្មេង​ៗ​ឱ្យ​ឈាន​ឡើង ដើម្បី​បង្កើត​ធនធាន​អ្នក​ប្រដាល់​នៅ​លើ​សង្វៀន ។ លោក​ស្នើ​ឱ្យ​កីឡាករ​គ្រប់​រូប​ប្រឹង​ប្រែង​ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​ដោយ​អះអាង​ថា ការរំពឹង​តែ​លើ​មានការ​ផ្គូផ្គង​ទើប​ចូល​ហ្វឹកហាត់ ​គឺជា​រឿង​ដែល​មិន​គួរ​មាន ដោយសារ​តែ​កីឡាករ​ត្រូវ​ហ្វឹកហាត់​ជា​ប្រចាំ ​ទើប​មាន​សមត្ថ​ភាពល្អ ។ យ៉ាងណាមិញ លោក​ក៏​ទទួលស្គាល់​ថា​បញ្ហា​ខ្វះខាត​លុយកាក់​បំប៉ន​សុខភាព​ជា​ប្រចាំ ក៏​ជា​ហេតុផល​ដែល​កីឡាករ​កម្ពុជា មិនសូវ​ចង់​ហ្វឹក​ហាត់​ជា​ប្រចាំ នៅ​ពេល​ការ​ផ្គូផ្គង​មិន​ទាន់​កើត​មាន​នោះ​ផង​ដែរ ។ លោក​ថា មាន​តែ​ឆន្ទៈ​របស់​កីឡាករ​ប៉ុណ្ណោះ​ទើប​អាច​ដំណើរការ​ពង្រីក​សមត្ថភាព ក្នុង​ពេល​ដែល​កីឡាករ​គ្រប់​រូប​ក៏​មាន​ចំណូល​ល្អ​ជាង​មុន​ដែរ​នោះ ។

លោក ញាណ សុធី បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ហ្គេ​ង​ប៊ឺ​គ​ដែល​ប្ដូរ​ទៅ​ប្រកួត​នៅ​យប់​ថ្ងៃ​សៅរ៍​វិញ នឹង​ចាប់ផ្ដើម​ដំណើរការ​ពី​ថ្ងៃ​សៅរ៍​ទី​៤ មីនា ពី​ម៉ោង​៨​យប់​ដូច​គ្នា​នឹង​ការ​ប្រកួត​អន្តរជាតិ​របស់​ស្រា​បៀរ​ប្លេ​ក​ខេត ដោយ​គ្រាន់តែ​ខុស​ថ្ងៃ​គ្នា ។ លោក​ថា ការ​ប្រកួត​នៅ​យប់​ថ្ងៃ​សៅរ៍​នោះ ក៏​ចាត់ជា​កម្មវិធី​ប្រដាល់​ថ្មី​ផង​ដែរ ដោយសារ​តែ​បើក​ការ​ប្រកួត​នៅ​ក្នុង​ពេលវេលា​ថ្មី ដែល​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មិន​ទាន់​មាន ។ ក្នុង​នោះ​ចំពោះ​ទម្រង់​ប្រកួត​ក៏​មានការ​ប្រែប្រួល​ខ្លះ​ដែរ ដោយ​រាល់​ស​ប្ដា​ហ៍​ត្រូវ​ប្រកួត​អន្តរជាតិ ហើយ​រាល់​២​ស​ប្ដា​ហ៍​ម្ដង គឺ​មានការ​ប្រកួត​អន្តរជាតិ​ដណ្ដើម​ប្រាក់​លាន​ម្ដង ។ លោក​ថា ការ​តម្កល់​ប្រាក់​លាន​ហើយ​តម្រូវ​ឱ្យ​កីឡាករ​កម្ពុជា និង​ថៃ​ដណ្ដើម​គ្នា នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​មួយ​នេះ បើ​ទោះជា​ត្រូវ​ប្ដូរ​ពេល​ទៅ​ប្រកួត​ពេល​យប់​ថ្ងៃ​សៅរ៍​ក៏​នៅ​តែ​មានការ​ចាប់អារម្មណ៍​ខ្ពស់ មិន​ខុស​ពី​ការ​ប្រកួត​រាល់​ព្រឹក​ថ្ងៃអាទិត្យ ។

កីឡាករ ឡៅ ច​ន្ទ្រា បាន​អះអាង​ថា នៅ​ចុង​ស​ប្ដា​ហ៍​នេះ លោក​នឹង​ប្រកួត​បើក​ឆាក​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ស្រា​អា​ឡិច​ហ្ស​ង់ ហើយ​លោក​ក៏​សប្បាយចិត្ត​ណាស់​ដែរ​ដែល​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បើក​ការ​ប្រកួត​មួយ​សង្វៀន​ថ្មី ហើយ​ជួយ​ឱ្យ​កីឡាករ​គ្រប់​រូប​មាន​ទីផ្សារ​ល្អ​ជាង​មុន ។ លោក​ថា ខ្លួន​នឹង​ប្រឹង​ប្រកួត​ឱ្យ​អស់ពី​សមត្ថ​ភាព​សម្រាប់​ការ​បើក​ឆាក​នៅ​ថ្ងៃ​ខានស្អែក ដើម្បី​ឱ្យ​អ្នកគាំទ្រ​ទទួលយក​បាន ៕