ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស ធា​រ៉ា តស៊ូ​ហ្វឹកហាត់​ខ្លាំង​ណាស់​មុន​ពេល​ជាប់​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេ​ម ២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ឈ្មោះ​កីឡាករ​ជម្រើ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀមខ្លួន ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​នោះ ក៏​មាន​វត្តមាន​កីឡាករ​វ័យ​១៤​ឆ្នាំ ស ធា​រ៉ា ម្នាក់​ផង​ដែរ​។

ក្មេង​ប្រុស​កំព្រា​ឪពុក ម៉ា​ប់ ធា​រ៉ា ឬ​ត្រូវ​បាន​គេ​ស្គាល់​លើ​សង្វៀន​ប្រដាល់​ថា ស ធា​រ៉ា កើត​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០០៨ នៅ​ខេត្តកំពង់ចាម​។

យុវជន​រូប​នេះ ត្រូវ​បាន​ឪពុក​លាចាក​លោក​ចោល​តាំងពី​ដើរ​មិន​ទាន់​ត្រង់​ផ្លូវ ហើយ​ត្រូវ​បាន​បង្ខំចិត្ត​ផ្លាស់​ទីលំនៅ មក​រស់​ក្នុងភូមិ​ស្វាយ​ជ្រំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល តាំងពី​ឆ្នាំ​២០១៣​។
ស ធា​រ៉ា បច្ចុប្បន្ន​រស់នៅ​ពីរ​នាក់​បងស្រី​អាយុ​១៦​ឆ្នាំ ឈ្មោះ ម៉ា​ប់ ស្រី​មួយ ខណៈ​ដែល​ម្ដាយ​ឈ្មោះ ផាត់ ចិន្តា បច្ចុប្បន្ន​កំពុងធ្វើការ​នៅ​ភ្នំពេញ យូរ​ៗ​ទើបបាន​ទៅ​លេង​កូន​ទាំង​ពីរ​ម្ដង​។

លោក ស សី បាន​ដើរតួ​ជា​ឪពុក​ផង គ្រូ​ផង ដើម្បី​បណ្ដុះបណ្ដាល​ក្មេង​នេះ ឲ្យ​ចាប់ផ្ដើម​ហាត់​ប្រដាល់​កាលពី​អាយុ​១២​ឆ្នាំ ពោល​គឺ​ហាត់​នៅ​ឆ្នាំ​២០២០​។ ពេល​នោះ គេ​ហាត់​ហាលភ្លៀង ហាលខ្យល់ អស់​រយៈពេល​ប្រហែល​១​ឆ្នាំ ក៏​ចាប់ផ្ដើម​អាច​ឡើងប្រកួត​បាន ។ រហូត​មក​ដល់​ឆ្នាំ​២០២២ គេ​ក៏​ចាប់ផ្ដើម​មាន​សមត្ថភាព អាច​ប្រកួត​ទល់​កីឡាករ​ថៃ​បាន ពិសេស​កាលពី​ពេល​ថ្មី​ៗ​នេះ កីឡាករ​ក្របី​យន្ត​ដែល​ជា​រហស្សនាម​របស់ ស ធា​រ៉ា បាន​ចេញ​ទៅ​វាយ​ដល់​ថៃ​ផង​ដែរ ។

ក្នុង​ប្រភេទ​ទម្ងន់​៤៥​គីឡូក្រាម​នេះ នៅ​ខ្មែរ ក្មេង​ប្រុស​រូប​នេះ​អាច​ចាត់​ទុក​ថា ល្អ​ស្ទើរតែ​រក​គូ​វ៉ៃ​លែង​មាន​ហើយ​។ និយាយ​ពី​ការ​សិក្សា​វិញ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​រូប​នេះ មិន​បាន​ចូល​រៀន​ដូច​ក្មេង​ដទៃ​ឡើយ ពោល​គឺ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៧ ប៉ុណ្ណោះ​។ នេះ ក៏​ព្រោះតែ​ម្ដាយ​មិន​មាន​លទ្ធភាព​ឲ្យ​កូន​បាន​រៀនសូត្រ ដូច​ក្មេង​ដទៃ​។

ជុំវិញ​ការ​តស៊ូ​របស់ ស ធា​រ៉ា ត្រូវ​បាន​លោក ស សី ទម្លាយ​ថា ក្មេង​នេះ​ខុស​ពី​ក្មេង​ដទៃ ព្រោះ​គេ​មានការ​តាំងចិត្ត​ហ្វឹកហាត់​ខ្ពស់​ណាស់ មិន​ដែល​ត្អូញត្អែរ​ថា​លំបាក​អ្វី​សោះឡើយ​។ បើ​ទោះ​ពេល​ខ្លះ គ្មាន​អី​ហូប​គ្រប់គ្រាន់ មាន​តែ​ត្រីងៀត​មួយ​ដុំ​តូច ហូប​ពីរ​នាក់​បងប្អូន ឬ​ជាមួយ​មិត្ត​រួម​អាជីព ក៏​គេ​មិន​ដែល​ត្អូញ​ប្រាប់​អ្នក​ណា​នោះ​ទេ ។ រីឯ​ជីវភាព​វិញ​គឺ​កម្សត់​លើស​ពី​កម្សត់ ពោល​ពេល​ខ្លះ ធា​រ៉ា ត្រូវ​ដើរ​បេះ​កញ្ឆែត​លក់​ក៏​មាន ដើម្បី​បាន​លុយ​ចាយ​ខ្លះ នៅ​ពេល​គ្មាន​គូ​វ៉ៃ​លើ​សង្វៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ