ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឡាវ​ពិភាក្សា​បង្កើត​ផែនការ​គ្រប់គ្រង​ជលផល​សម្រាប់​ពាណិជ្ជកម្ម​រួម​គ្នា

7 ឆ្នាំ មុន

ក្រុង​វៀងចន្ទន៍ ៖ ដើម្បី​ស្តារ​ធនធាន​មច្ឆជាតិ​ក្នុង​ដែនទឹក​សាប​នៃ​អាង​ទន្លេមេគង្គ និង​ទន្លេសេកុង អ្នកឯកទេស​ជលផល​កម្ពុជា​-​ឡាវ ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​ជួប​ប្រជុំ​គ្នា​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ដើម្បី​

ក្រុង​វៀងចន្ទន៍ ៖ ដើម្បី​ស្តារ​ធនធាន​មច្ឆជាតិ​ក្នុង​ដែនទឹក​សាប​នៃ​អាង​ទន្លេមេគង្គ និង​ទន្លេសេកុង អ្នកឯកទេស​ជលផល​កម្ពុជា​-​ឡាវ ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​ជួប​ប្រជុំ​គ្នា​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ដើម្បី​ពិភាក្សា​ពី​ជំហាន​ចាំបាច់​នានា​សម្រាប់​រៀបចំ​ផែនការ​រួម​មួយ​លើ​ការ​គ្រប់គ្រង​ត្រី​ចំនួន​៥​ប្រភេទ​ធ្វើ​ចរាចរ​ចម្ងាយ​ឆ្ងាយ​ក្នុង​ទន្លេ​ទាំង​ពីរ​នេះ ដែល​មាន​តម្លៃ​សម្រាប់​សន្តិសុខ​ស្បៀង និង​មាន​សារសំខាន់​សម្រាប់​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ។

លោក Chanthachit Amphaychit អគ្គនាយករង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ឡាវ មាន​ប្រសាសន៍​ថា ៖ « ផែនការ​គ្រប់គ្រង​រួម​នេះ​នាំ​ឲ្យ​ប្រទេស​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​រួម​គ្នា​គ្រប់គ្រង​ធនធាន​ជលផល​របស់​យើង​ឲ្យ​បាន​ប្រសើរ​ជាង​មុន ដែល​នឹង​រួមចំណែក​ក្នុង​ការ​បង្កើន​បរិមាណ​ត្រី » ។

លោក​បន្ដ​ថា ត្រី​ស​ចំនួន​៥​ប្រភេទ ដែល​ត្រូវ​បាន​ចាត់ទុកជា​តំណាង​ឲ្យ​សុខភាព​នៃ​ប្រព័ន្ធ​ជលផល​ទឹកសាប​ក្នុង​ទន្លេមេគង្គ និង​ទន្លេសេកុង រួម​មាន ត្រី​ពោ​, ត្រី​កែ​, ត្រី​ព្រួល​, ត្រី​ប៉ា​ស៊ី​អុ​ី និង​ត្រី​ប្រា​កណ្តុរ ។ 

អ្នកជំនាញ​លើក​ឡើង​ថា ការ​កើនឡើង​នៃ​ការ​នេសាទ ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ និង​ការ​រេចរឹល​ទីជម្រក គឺជា​ការ​គំរាមកំហែង​ចម្បង​ចំពោះ​ប្រភេទ​ត្រី​ទឹកសាប​ទាំងនេះ ។ គម្រោង​នេះ​បាន​រក​ឃើញ​បញ្ហា​ដទៃ​ទៀត​ដែល​ដាក់​សម្ពាធ​លើ​ធនធាន​ជលផល​ផង​ដែរ ដូច​ជា ទិន្នន័យ និង​ព័ត៌មាន​អំពី​វិស័យ​នេសាទ​នៅ​មាន​កម្រិត​, សមត្ថភាព និង​ធនធាន​ក្នុង​ការ​គ្រប់គ្រង​ជលផល​នៅ​មាន​កំណត់ ព្រមទាំង​ការ​ប្រឈម​នានា​ក្នុង​ការ​អនុវត្ត​យន្តការគ្រប់គ្រង​រួម​ដែល​មាន​ស្រាប់ ។

លោក ឆេ​ង ផែន ប្រធាន​ស្តីទី​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ធនធាន​ជលផល​ទឹកសាប​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « តាម​រយៈ​ផែនការ​គ្រប់គ្រង​រួម​នេះ យើង​សង្ឃឹមថា នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ស្តារ​ធនធាន​ត្រី​ទាំង​៥​ប្រភេទ​ឡើង​វិញ ដែល​នឹង​ជួយ​ទ្រទ្រង់​សន្តិសុខ​ស្បៀង ផ្តល់​ឱកាស​កាន់តែ​ច្រើន​ជាង​មុន​សម្រាប់​ការ​នេសាទ និង​ជួយ​ឲ្យ​ធនធាន​ត្រី​ទឹកសាប​ក្នុង​ទន្លេមេគង្គ និង​ទន្លេសេកុង​មាន​ភាពល្អ​ប្រសើរ » ។

បន្ថែម​ពីលើ​ការ​បង្កើត​ផែនការ​គ្រប់គ្រង​ជលផល​រួម​គ្នា ក្រុម​ទាំង​ពីរ​បាន​ឈាន​ទៅ​កំណត់​រក​យន្តការ​សម្របសម្រួល​រួម​គ្នា​មួយ រួម​ទាំង​ការ​បង្កើត​ស្ថានភាព​គ្រប់គ្រង​ជលផល​រួម​គ្នា​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព ។ ប្រទេស​ទាំង​ពីរ​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​យន្តការ​សម្របសម្រួល​ឆ្លង​ដែន​ដែល​មាន​ស្រាប់ និង​កំណត់​ពី​តម្រូវការ​ទិន្នន័យ និង​ព័ត៌មាន​នៅ​ថ្នាក់​ជាតិ​សម្រាប់​ការ​រៀបចំ​ឯកសារ​យន្តការ​រួម​មួយ ។

លោក​បន្ត​ថា កម្ពុជា និង​ឡាវ​កំពុងធ្វើការ​ជាមួយ​គ្នា​តាម​រយៈ​គម្រោង​ជលផល​នៅ​ទន្លេមេគង្គ និង​ទន្លេសេកុង ដើម្បី​កែ​លម្អ​ការ​គ្រប់គ្រង​ជលផល​ក្នុង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ពោល​គឺ​ស្ទឹង​ត្រែង និង​ក្រចេះ​នៃ​ប្រទេស​កម្ពុជា និង​ចំប៉ា​សាក់ និង​អត្តា​ពើ នៃ​ប្រទេស​ឡាវ ដែល​ត​ភ្ជាប់​ដោយ​អាង​ទន្លេ​ទាំង​ពីរ​នេះ ៕