ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្លឹ​ប​កម្សាន្ត​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​នឹង​បង្កាន់ដៃស្ពាន​រង​របួសធ្ងន់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ពី​នាក់​ទើបតែ​ចេញពី​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ខណៈ​ពេល​មក​ដល់​ចំណុច​ផ្លូវ​កោង​ប្រឹង​បត់​ខ្លាំង​ពេក បណ្តាល​ឱ្យ​រអិល​ដួល​បោក​ក្បាល…

រាជធានី​ភ្នំពេញ ៖ បុរស​ពី​នាក់​ទើបតែ​ចេញពី​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ខណៈ​ពេល​មក​ដល់​ចំណុច​ផ្លូវ​កោង​ប្រឹង​បត់​ខ្លាំង​ពេក បណ្តាល​ឱ្យ​រអិល​ដួល​បោក​ក្បាល​ទៅ​និង​បង្កាន់ដៃស្ពាន​រង​របួសធ្ងន់​ម្នាក់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងលើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ពី​នាក់​បើ​បរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខន ពណ៌​ខ្មៅ​លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1AA-4597 ទើបតែ​ចេញ​មក​ពី​ក្លឹ​ប​កម្សាន្តបំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី និង​បាន​ធ្វើ​ដំណើរ​រួម​ជាមួយ​មិត្តភក្តិ​ប្រមាណ​៦​ទៅ​៧​ម៉ូតូ​ទៀត តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​តែ​ផ្លូវ​មាន​ស្ថានភាព​កោង​ខ្លាំង​ពេក ខណៈ​ពេល​ដែល​បុរស​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ខាងលើ​បាន​ងាក​ក្រោយ​រក​មើល​គ្នីគ្នា​ដែល​ធ្វើ​ដំណើរ​ជាមួយ ហើយ​បាន​កាច់ចង្កូត​បត់​ខ្លាំង​ពេក​ក៏​រអិល​ដួល​បណ្តាល​ឱ្យ​បុរស​ដែល​បើកបរ​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​បង្គាន់​ដៃ​ស្ពាន​រង​របួសធ្ងន់ រីឯ​ម៉ូតូ​រង​ការ​ខូចខាត់​បន្តិចបន្តួច ភ្លាម​ៗ​នេះ​បុរស​ម្នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ​ពីក្រោយ​បាន​ឡើង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​ចេញ​ទៅ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​យក​ទៅ​រក្សា​ទុក​រង​ចាំ​សាច់ញាតិ​មក​ទទួលយក​ត្រលប់​ទៅ​វិញ ៕