អគ្គីភ័យលេបត្របាក់ក្តារពុម្ពនៅសំណង់ផ្ទះល្វែងមួយកន្លែង
រាជធានីភ្នំពេញ ៖ ក្ដារពុម្ពជាច្រើនសន្លឹកដែលគេទុកនៅលើជាន់ទី៣ក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង…
រាជធានីភ្នំពេញ ៖ ក្ដារពុម្ពជាច្រើនសន្លឹកដែលគេទុកនៅលើជាន់ទី៣ក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង…
រាជធានីភ្នំពេញ ៖ ក្ដារពុម្ពជាច្រើនសន្លឹកដែលគេទុកនៅលើជាន់ទី៣ក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១ មីនា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាខណ្ឌដង្កោ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ការឆេះនោះគឺនៅក្នុងខណៈពេលដែលម្ចាស់មិននៅហើយបិទទ្វារចាក់សោរចោល ហើយប្រជាពលរដ្ឋបាននាំគ្នាដងទឹកជះពន្លត់ ប៉ុន្តែមិនបានរលត់នោះឡើយរហូតមានរថយន្តពន្លត់អគ្គីភ័យដែលប្រចាំការនៅសាលាខណ្ឌចេញទៅអន្តរាគមន៏បាញ់ពន្លត់ទើបរលត់ទៅវិញ ហើយ មិនបានឆេះរាលដាលដល់កន្លែងផ្សេងទៀតឡើយ ។
នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកជិតខាងបានឃើញមានផ្សែងហុយចេញពីទីតាំងស្ដុកក្ដារពុម្ពខាងលើនោះដែលមុនដំបូងមិនបានដឹងថា ជាការឆាបឆេះឈើក្ដារពុម្ពនោះឡើយ ដោយមានការសង្ស័យក៏បាននាំគ្នាទៅមើលឃើញភ្លើងកំពុងឆាបឆេះក្ដារពុម្ពទាំងនោះ ទើបស្រែកប្រាប់តៗគ្នាបង្កឲ្យ មានការភ្ញាក់ផ្អើលតែម្ដង ។ ភ្លាមៗនោះគេបាននាំគ្នាដងទឹកជះពន្លត់ ប៉ុន្តែភ្លើងមិនបានរលត់នោះឡើយ ព្រោះសុទ្ធតែឈើហើយស្ងួតថែមទៀតធ្វើឲ្យភ្លើងឆេះយ៉ាងពេញទំហឹងតែម្ដងក្រោយមកក៏បានរាយការណ៏ជូននគរបាល និងអាជ្ញាធរមូលដ្ឋានឲ្យជួយអន្តរាគមន៏ ព្រោះមានការព្រួយបារម្ភខ្លាចឆេះរាលដល់លំនៅឋានជាច្រើនខ្នងដែលស្ថិតនៅជិតនោះ ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះកម្លាំងអាជ្ញាធរខណ្ឌដង្កោបានចុះអន្តរាគមន៏ហើយបាននាំយករថយន្តពន្លត់អគ្គីភ័យ ដែលប្រចាំការនៅសាលាខណ្ឌទៅ បាញ់ទឹកពន្លត់ រហូតរលត់ទៅវិញទាំងស្រុង ហើយនៅក្នុងហេតុការណ៏នោះពុំមានមនុស្សណាម្នាក់រងគ្រោះ នោះឡើយតែបានបណ្ដាលឲ្យមានការខូចខាតក្ដារពុម្ពជាច្រើនសន្លឹក ។
ចំណែកការឆេះខាងលើនោះ មិនត្រូវបានគេដឹងពីមូលហេតុអ្វីពិតប្រាកដនោះដែរ ប៉ុន្តែតាមការសន្និដ្ឋានសង្ស័យ អាចបណ្ដាលមកពីមូលហេតុ៣យ៉ាងគឺ ទី១-អាចបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី ទី២-អាចបណ្ដាលមកពី កម្ទេចផ្កាភ្លើងដែល ជាងផ្សាដែក ជ្រុះធ្លាក់លើកម្ទេចកម្ទីរនៅខាងក្រោម ព្រោះសង្ស័យពេលនោះមានជាផ្សារដែកធ្វើការនៅទីនោះ និងទី៣-សង្ស័យភ្លើងកន្ទុយបារី ដែលគេបោះចោលផ្ដេសផ្ដាស់ទៅលើគំនរឈើក្ដារពុម្ពខាងលើនោះ ទើបបង្កជាអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដង ។ ប៉ុន្តែទោះបីជាបែបណានៅមិនទាន់ដឹងមូលហេតុប្រាកដនៅឡើយ ដោយឡែកម្ចាស់ទីតាំងកើតហេតុខាងលើក៏មិនទាន់ដឹងថាឈ្មោះអ្វីនៅឡើយព្រោះគាត់មិនបានស្ថិតនៅកន្លែងនោះឡើយហើយកម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវ រកមូលហេតុដែលនាំឲ្យឆេះនោះ ៕
ចែករំលែកព័តមាននេះ