កាលពីយប់ថ្ងៃទី២៨ កុម្ភៈ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងជាលើកដំបូងក្នុងសភាចាប់តាំងពីលោកឡើងកាន់អំណាចមក ដោយសេចក្តីថ្លែងការណ៍របស់លោកមិនប្រើវោហាសាស្ត្រដូចពេលឃោសនាបោះឆ្នោតគឺមានការថ្លឹងថ្លែងជាវោហាសាស្ត្រទន់ភ្លន់ ។ ថ្លែងរយៈពេល៦០នាទី លោកត្រាំ ចៀសវាងវោហាសាស្ត្រដុតរោលនានា ខុសពីទម្លាប់ ហើយគ្មានការប្រមាណជារឿងដ៏កម្រមួយសម្រាប់មនុស្សម្នាក់ដែលមានចរិតមាត់គ្មានគម្របដូចលោក ។
ក្នុងសុន្ទរកថានេះ លោកត្រាំ សាកល្បងប្រើវោហាសាស្ត្រវិជ្ជមាន ។ ដូចប្រធានាធិបតីមុនៗដែរ លោកលើកពីបញ្ជីយ៉ាងវែងនៃការកែទម្រង់ រៀបរាប់ពីបណ្តាប្រវត្តិសាស្ត្រឈឺចាប់ទាំងឡាយរបស់អាមេរិក ព្រមទាំងពីអនាគតរុងរឿងរបស់អាមេរិក ។ លោកមានប្រសាសន៍ថា រលកសុទ្ធិដ្ឋិនិយមថ្មីមួយកំពុងតែធ្វើឱ្យក្តីស្រមៃទាំងឡាយរបស់យើងក្លាយទៅជាការពិត ។ លោករៀបរាប់លម្អិតពីតុល្យការការងាររបស់លោករយៈពេលមួយខែកន្លងមក ដូចជាការវិនិយោគរបស់បណ្តារោងចក្រ ដែលនឹងបង្កើតការងារជាច្រើនសិបពាន់ ។ ការតែងតាំងចៅក្រមមួយរូបសម្រាប់តុលាការកំពូលអាមេរិក ហើយពិសេសពីការកែទម្រង់របស់លោកខាងអន្តោប្រវេសន៍ ។
អង្គុយក្បែរស្ត្រីទីមួយថ្មីអាមេរិក លោកស្រីមីឡានីញ៉ា មាននារី២នាក់ និងបុរសម្នាក់ដែលបាត់បង់សាច់ញាតិដោយសារស្នាដៃជនអន្តោប្រវេសន៍គ្មានលិខិតស្នាម ។
នៅមុខសភា លោកត្រាំ សម្តែងការអបអរសាទរចំពោះការលេចចេញនៃមោទនភាពជាតិថ្មី ហើយសន្យាប្រកាន់ជំហរម៉ឺងម៉ាត់បំផុតចំពោះអន្តោប្រវេសន៍ ព្រមទាំងការកែទម្រង់ពន្ធដារជាប្រវត្តិសាស្ត្រ ដោយធ្វើការធានាដល់អូតង់ពីការគាំទ្ររបស់លោក ។
លោកបន្តថា ដោយទីបំផុតអនុវត្តច្បាប់របស់យើងស្តីពីអន្តោប្រវេសន៍ យើងនឹងបង្កើនប្រាក់បៀវត្ស នឹងជួយដល់បណ្តាអ្នកឥតការងារធ្វើ សន្សំសំចៃប្រាក់ជាច្រើនពាន់លានដុល្លារ ហើយនឹងពង្រឹងសន្តិសុខរបស់បណ្តាសហគមន៍យើង ។ យើងនឹងស្តារឡើងវិញបូរណភាព ហើយអនុវត្តច្បាប់នៅតាមព្រំដែនរបស់យើង ។ សម្រាប់ហេតុផលនេះ យើងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ កសាងជញ្ជាំងព្រំដែនធំមួយតាមបណ្តោយព្រំដែនខាងត្បូងរបស់យើង ។
ក្រុមសេដ្ឋកិច្ចរបស់យើងកំពុងរៀបចំការកែទម្រង់ពន្ធដារជាប្រវត្តិសាស្ត្រដែលនឹងកាត់បន្ថយពន្ធរបស់បណ្តាសហគ្រាសយើង ដើម្បីឱ្យសហគ្រាសទាំងនេះអាចធ្វើការប្រកួតប្រជែងជាមួយអ្នកណាក៏ដោយ ព្រមទាំងនៅគ្រប់ទីកន្លែង ។ ទន្ទឹមនឹងនេះ យើងនឹងកាត់បន្ថយយ៉ាងច្រើនពន្ធសម្រាប់វណ្ណៈមធ្យម ។ ដើម្បីជំរុញការកសាងប្រទេស ខ្ញុំនឹងស្នើដល់សភាឱ្យអនុម័តច្បាប់មួយដែលនឹងបោះទុនវិនិយោគ១.០០០ពាន់លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក ដែលនឹងបង្កើតការងារច្រើនលានដោយសារមូលធនទាំងរបស់រដ្ឋ ទាំងរបស់ឯកជន ។
លោកបន្តថា យប់នេះខ្ញុំសូមអំពាវនាវដល់សភាឱ្យលុបចោល ហើយជំនួសផែនការ OBAMACARE ជាមួយនឹងការកែទម្រង់នានាដែលនឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់ការព្យាបាលជំងឺ ហើយនឹងកាត់បន្ថយតម្លៃ ៕
ចែករំលែកព័តមាននេះ