ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប កាលពីថ្ងៃទី២៨ កុម្ភៈ ទទួលបរាជ័យក្នុងការអនុម័តគម្រោងដំណោះស្រាយមួយ ដែលសំដៅដាក់ទណ្ឌកម្មស៊ីរីពីបទប្រើប្រាស់អាវុធគីមី ដោយសាររុស្ស៊ី និងចិនប្រើវេតូជំទាស់ ។
សមាជិក៩របស់ក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតគាំទ្រគម្រោងដំណោះស្រាយនេះ ដែលតាក់តែងដោយអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ។ សមាជិកអចិន្ត្រៃយ៍២ប្រើសិទ្ធិវេតូគឺរុស្ស៊ី និងចិន ហើយប្រទេសបូលីវីបោះឆ្នោតប្រឆាំង ។ ប្រទេសកាហ្សាក់ស្ថាន អេហ្ស៊ីប និងអេត្យូពីបោះឆ្នោតអនុប្បវាទ ។
ប្រសិនបើគម្រោងដំណោះស្រាយនេះត្រូវអនុម័តនោះ នឹងមានការផ្អឹបទុកបណ្តាទ្រព្យសម្បត្តិ ព្រមទាំងហាមឃាត់ការធ្វើដំណើរប្រឆាំងបណ្តាបុគ្គល និងអង្គការដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលស៊ីរី ក្រោយការអះអាងនានាពីការវាយប្រហារអាវុធគីមីរបស់កងទ័ពរដ្ឋាភិបាល ។ ការអះអាងទាំងនេះធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេតរួមរបស់ អ.ស.ប និងអង្គការហាមឃាត់អាវុធគីមី OIAC ។
ក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនការស៊ើបអង្កេតរួមនេះធ្វើការសន្និដ្ឋានថា រដ្ឋាភិបាលស៊ីរីចូលរួមប្រើសារធាតុគីមីពុលជាអាវុធប្រយុទ្ធយ៉ាងតិច៣លើក និងថា ក្រុមរដ្ឋអ៊ិស្លាមក៏ប្រើអាវុធគីមីគឺឧស្ម័នពុល MOUTARDE យ៉ាងតិចក៏មួយលើកដែរ ។
ឯកអគ្គរដ្ឋទូតចិនប្រចាំ អ.ស.ប លោក LIU JIEYI ថ្លែងក្នុងក្រុមប្រឹក្សាសន្តិសុខក្រោយការបោះឆ្នោតថា ការស៊ើបអង្កេតលើការប្រើប្រាស់អាវុធគីមីកំពុងធ្វើនៅឡើយ និងថាវាជាការប្រញាប់ប្រញាល់ពេកសម្រាប់ធ្វើការសន្និដ្ឋានជាស្ថាពរ ។ លោកគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខត្រូវលើកទឹកចិត្តដល់គណៈកម្មការស៊ើបអង្កេតរួមឱ្យធ្វើការប្រកបដោយវិជ្ជាជីវៈ ហើយឱ្យធ្វើការសន្និដ្ឋានផ្អែកលើភស្តុតាងពិតប្រាកដរឹងមាំ និងលម្អិត ។ យើងប្រឆាំងចំពោះការប្រើប្រាស់អាវុធគីមី ដោយគ្រប់រដ្ឋ អង្គការ ឬបុគ្គលទោះក្នុងកាលៈទេសៈណាក្តី ។
ការបោះឆ្នោតលើគម្រោងដំណោះស្រាយនេះធ្វើឡើង ខណៈការចរចាអន្តរស៊ីរីកំពុងប្រព្រឹត្តទៅនៅក្រុងហ្សឺណែវ ។ ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំ អ.ស.ប លោកវ្ល៉ាឌីមៀរ ស្កាហ្វ្រុនកូវ ថ្លែងថា គម្រោងដំណោះស្រាយដាក់ផ្អែកលើជំហររបស់ប្រទេសលោកខាងលិចមួយចំនួនប៉ុណ្ណោះ ដោយពុំគិតដល់ការខិតខំប្រឹងប្រែងបច្ចុប្បន្ននៅក្រុងហ្សឺណែវ ដើម្បីដោះស្រាយវិបត្តិស៊ីរី ។ យើងចាត់ទុកគម្រោងដំណោះស្រាយនេះថាជាការប៉ុនប៉ងរារាំងការខិតខំប្រឹងប្រែងខាងនយោបាយ និងការទូតបច្ចុប្បន្ន ។ គម្រោងដំណោះស្រាយក៏ហាមឃាត់ផងដែរមិនឱ្យផ្តល់ឧទ្ធម្ភាគចក្រដល់រដ្ឋាភិបាលស៊ីរី ហើយលោកសាហ្វ្រុនកូវ និយាយថា វិធានការបែបនេះនឹងធ្វើឱ្យចុះខ្សោយដល់ការខិតខំប្រឹងប្រែងតស៊ូប្រឆាំងភេរវកម្ម និងជំនួយមនុស្សធម៌នៅស៊ីរី ៕
ចែករំលែកព័តមាននេះ