រាជធានីភ្នំពេញ ៖ ក្រោយការប្រកាសថា សម្រេចចិត្តលក់ម៉ូតូបើកហាងបាយដើម្បីរកចំណូល កីឡាករ ឡុង សុភី និងភរិយាក៏បានដំណើរការមុខរបរលក់បាយកុម្ម៉ង់ និងអាហារកញ្ចប់ដូចការគ្រោងទុកមែន ។ មុខរបរនេះត្រូវបានប្រកាសថាចំណេញក្នុងមួយថ្ងៃមិនក្រោម១៥ម៉ឺនរៀលនោះទេ ដោយចាត់ទុកថាជោគជ័យ ប៉ុន្តែដំណើរការបានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ក៏ត្រូវគេឱ្យបិទចោលដោយសារតែមានចម្រូងចម្រាសកើតឡើង ។
អ្នកប្រដាល់ល្បីឈ្មោះលោក ឡុង សុភី បានអះអាងថា ដោយសារតែការប្រឹងប្រែងឡើងប្រដាល់ញឹកញាប់ក្នុងមួយរយៈពេលមុន ទើបលោក និងភរិយា តស៊ូបើកបានហាងបាយមួយកន្លែងនៅម្ដុំផ្សារដីហុយភ្នំពេញថ្មី ដោយបានចំណាយអស់ដើមច្រើនគួរសមទម្រាំតែអាចបើកចេញ ។ លោកជួលផ្ទះនោះតម្លៃមួយខែ២៥០ដុល្លារ ប៉ុន្តែបើកបានតែមួយរយៈខ្លីក៏មានបញ្ហា ។ លោកថា តាំងពីបើកហាងនោះមកមានរឿងឈឺក្បាលជាប្រចាំ ជាពិសេសពាក់ព័ន្ធនឹងការចតម៉ូតូបណ្ដាលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ចរាចរណ៍នៅត្រង់ប្រជុំជនផ្សារដីហុយនោះ ដែលបង្ខំឱ្យខាងអាជ្ញាធរមាត់ធំមាត់តូចដល់ម្ចាស់ផ្ទះជាច្រើនលើកច្រើនសា ។ លោកថា អាជីវកម្មទទួលជោគជ័យ ប៉ុន្តែដោយសារតែមិនចង់ឱ្យម្ចាស់ផ្ទះមានបញ្ហា និងមិនចង់មានបញ្ហាជាមួយម្ចាស់ផ្ទះដោយសារតែរឿងរ៉ាវនោះ ទើបលោកសម្រេចចិត្តបិទចោល ដោយភាគីម្ចាស់ផ្ទះយល់ព្រមផ្ដល់ឱ្យលោកចំនួន៣០០ដុល្លារវិញ ក្រោយបើកបានត្រឹមតែ១០ថ្ងៃ ហើយជំរុញឱ្យបិទចោល ។ លោកថា ខ្លួនចំណាយអស់ខ្ទង់ពាន់ដុល្លារលើការចាត់ចែងទិញចាន ទិញឆ្នាំង និងកាត់ទូតូចធំៗប៉ុន្តែមិនសោកស្ដាយទេដោយសារតែពេលថ្ងៃក្រោយលោក និងភរិយាគង់តែរកទីតាំងថ្មី ដើម្បីបើកហាងលក់បាយជាថ្មី ។ លោកនិយាយថា អាជីវកម្មក្រោយបើកដំណើរការអត់មានថ្ងៃខាតនោះទេ ដោយបើកបានតែប៉ុន្មានថ្ងៃក៏ស្គាល់ចំណេញតែម្ដង ទើបលោកសប្បាយចិត្ត ហើយមានគម្រោងពង្រីកមុខរបរមួយនេះឱ្យរឹងមាំ ។
លោកសម្ដែងការសោកស្ដាយដែលការលក់ដូរចាប់ផ្ដើមមានម៉ូយ ហើយការចំណាយដើមទិញចូលថែមនេះថែមនោះមានជាប់រហូត ប៉ុន្តែចុងក្រោយលោក និងភរិយាមិនចង់មើលមុខមិនចំជាមួយម្ចាស់ផ្ទះដោយសារតែខាងសណ្ដាប់ធ្នាប់ធ្វើការព្រមាន ទើបសម្រេចចិត្តបិទចោល ។ លោកស្រឡាញ់ទីតាំងដែលខ្លួនបើកជួល ហើយបើកុំតែមានបញ្ហាប្រហែលជាមុខរបរដែលលោកបើកដំណើរការរីកចម្រើនខ្លាំងក្លាទៅហើយ ។ លោកនិយាយថា៖«មុខរបរហ្នឹងបើកភ្លាមចំណេញភ្លែត មួយថ្ងៃៗចំណេញមិនក្រោម១៥ម៉ឺនទេ ព្រោះយើងជួលចំកន្លែងអ៊ូអរ តែវាស៊យត្រង់កន្លែងខ្ញុំជួលហ្នឹងចំគេដេញទើបខ្ជិលបិទចោលតែម្ដងទៅ ព្រោះតែខ្ញុំក៏មិនចង់មានបញ្ហាជាមួយខាងម្ចាស់ផ្ទះដែលសុទ្ធតែអ្នករាប់អានគ្នាដែរហ្នឹង!»។ លោកថា បើតាមគោលការណ៍ ម្ចាស់ផ្ទះមិនអាចដកផ្ទះនោះឈប់ជួលបានទេ ប៉ុន្តែមកពីលោកមិនចង់ឱ្យមានបញ្ហា ហើយក៏គិតថាការចំណាយដើមទុនកន្លងមកក៏អាចបានរបស់សម្រាប់បើកថ្ងៃក្រោយទើបសម្រេចចិត្តបិទចោល ។ លោកទើបតែបានបិទហាងកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ក្នុងពេលដែលតំបន់ផ្សារដីហុយធ្វើថ្នល់ និងជីកប្រព័ន្ធលូ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាបក្នុងការលក់ដូរ ។
លោកថា ការបង្ខំឱ្យបិទហាងចោលមិនធ្វើឱ្យលោកខាតដើមនោះទេ ដោយសារតែលោកគង់តែស្វែងរកផ្ទះបើកហាងថ្មី ដើម្បីបង្កើតមុខរបរនេះដដែល ។ លោកថា ក្រៅពីប្រដាល់មានតែមុខរបរលក់បាយប៉ុណ្ណោះដែលលោកសម្លឹងឃើញ អ៊ីចឹងហើយទើបលោកអត់ខ្វល់រឿងត្រូវគេដេញ ហើយសល់អីវ៉ាន់ពេញផ្ទះនោះ ។
លោកនិយាយថា៖«តាំងពីបើកមកយើងអស់ច្រើន តែអត់ខាតទេព្រោះយើងសល់អីវ៉ាន់ អីុចឹងទៅកន្លែងថ្មីគ្រាន់តែរៀបរយចំណាយខ្លះទៀតគឺបានហើយ!» ។
យ៉ាងណាមិញ លោកថា ខ្លួនមិនទាន់មានគម្រោងស្វែងរកកន្លែងថ្មីដើម្បីជួលបើកលក់ទៀតនោះទេ ដោយសារតែលោកហាក់មានអារម្មណ៍នឿយណាយ និងចាត់ទុកថាចាំស្វែងរកបានទីតាំងច្បាស់លាស់ជាងហ្នឹងចាំបើកដំណើរការ ។ លោកថា សម្ភារក្រោយការទុកចោលពិតជាខូចខាតច្រើន ប៉ុន្តែមិនមានជម្រើសនោះទេ ទើបលោកទទួលប្រដាល់ឱ្យបានច្រើនលើកទប់ពេលអាជីវកម្មបិទចោលអត់ប្រាក់ចំណូល ។ លោកបានទទួលការប្រដាល់រហូតដល់៣ទៅ៤ដងក្នុងមួយខែ សម្រាប់ខែកុម្ភៈកន្លងទៅ និងសម្រាប់ខែមីនានេះ ។
កីឡាករ ឡុង សុភី មិនទាន់មានគម្រោងទទួលប្រកួតខ្សែក្រវាត់ជាថ្មីនោះទេ ដោយសារតែលោកប្រកាសថាចង់ប្រកួតមិត្តភាពៗច្រើនជាង ព្រោះបានប្រកួតញឹកហើយបានលុយច្រើន ។ លោកទទួលស្គាល់ថា ការប្រកួតតែទទួលញឹកញាប់ គឺពិតជាមិនសូវបានល្អ ប៉ុន្តែមិនមានជម្រើសនោះទេក្នុងពេលដែលហាងបាយលោកទើបនឹងត្រូវបិទចោល ហើយទទួលបន្ទុកជាថ្មីក្នុងពេលដើមទុនក៏កល់លើមុខរបរអស់ ហើយការរកចំណូលក៏មិនមានទាំងស្រុងក្រោយបើកហាងបាយបានតែ១០ថ្ងៃ ៕
ចែករំលែកព័តមាននេះ