រាជធានីភ្នំពេញ ៖ អន្ទិតម្នាក់ទើបសឹកចាកសិក្ខាបទបានរយៈពេល២ថ្ងៃប៉ុណ្ណោះ ហើយនឹកចង់ដើរលេង និងភ្លក្សរសជាតិម៉ាស្សាផងនោះ ក៏បានបើករថយន្តម៉ាកកាមរីគូប៉ោង១គ្រឿង ដែលជារថយន្តរបស់ព្រះគ្រូចៅអធិការវត្តអូរគគី ធ្វើដំណើរមកភ្នំពេញតែម្នាក់ឯង ហើយបន្ទាប់ពីដើរលេងអស់ចិត្តបានចូលទៅកាន់ហាងម៉ាស្សាកោសជប់មួយកន្លែង ដើម្បីឲ្យនាងៗនៅទីនោះ ជួយម៉ាស្សាឲ្យយ៉ាងមានសេចក្ដីសុខ។ ប៉ុន្តែពេលនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញមានការសង្ស័យថា ជាសង្ឃក្លែងក្លាយ ឬជនក្លែងខ្លួនជាសង្ឃ ព្រោះតែនៅក្នុងរថយន្តនោះមានបាត្រ និងស្បង់ចីវរ ព្រមទាំងសម្ភារសង្ឃ ហើយថែមទាំងអន្ទិតម្នាក់នោះ មានសក់ដុះខ្លីទៀតផងនោះ ទើបរាយការណ៍ប្រាប់ឲ្យនគរបាលចុះទៅធ្វើការចាប់ខ្លួននាំទៅសាកសួរទាំងយប់តែម្ដង។
ការចាប់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង១និង៣៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះម៉ាស្សាកោសជប់ ស្ថិតនៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អន្ទិតដែលជាប់ការសង្ស័យខាងលើនោះ ឈ្មោះ ជា សុវណ្ណាត អាយុ៣៥ឆ្នាំ បួសជាសង្ឃជាច្រើនវស្សានៅក្នុងវត្តអូគគីរ ដែលមានទីតាំងស្ថិតនៅភូមិអូរគគី ឃុំសុពណ៌មាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅក្នុងភូមិថ្មី សង្កាត់កណ្តោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជិះរថយន្ត១គ្រឿងម៉ាកកាមរីគូទប៉ោង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្ដាល 2A-0807 ដែលជារថយន្តរបស់គ្រូចៅអធិការវត្តខាងលើ ហើយនៅក្នុងរថយន្តនោះ មានបាត្រ រួមជាមួយស្បង់ចីវររបស់ព្រះគ្រូចៅអធិការផងដែរ។
នគរបាលបានឲ្យដឹងថា អន្ទិតសក់ខ្លីរូបនេះជាអតីតសង្ឃដែលធ្លាប់នៅក្នុងវត្តអូរគគីរនោះជាច្រើនឆ្នាំមកហើយ ប៉ុន្តែកាលពី២ថ្ងៃមុនពេលដែលត្រូវឃាត់ខ្លួននោះ បានសឹកចាកសិក្ខាបទ ហើយក្រោយពេលសឹកបាន២ថ្ងៃ មានអារម្មណ៍ចង់ដើរលេងនៅភ្នំពេញ ព្រោះរវល់តែប្រតិបត្តិព្រះធម៌វិន័យនៅក្នុងវត្តយូរមកហើយនោះ ក៏នឹកចង់សប្បាយម្ដង។ លុះដល់វេលាយប់ថ្ងៃទី២៨ កុម្ភៈ អន្ទិតខាងលើនោះ បានបើករថយន្តរបស់ព្រះគ្រូចៅអធិការវត្តចេញដើរលេងនៅក្នុងរាជធានីភ្នំពេញតែម្នាក់ឯង ហើយរហូតដល់វេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ មីនា ក៏បានចូលទៅក្នុងហាងម៉ាស្សាកោសជប់មួយកន្លែងនៅក្នុងបុរីញូវថោន មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះចង់ភ្លក្សរស់ជាតិម៉ាស្សនោះយូរមកហើយដែរ។
ប្រភពដដែលបានបន្តថា ខណៈនោះប្រជាពលរដ្ឋប្រទះឃើញមានការសង្ស័យថា បុរសនោះគឺជាសង្ឃក្លែងក្លាយ ឬក៏ជាជនក្លែងខ្លួនជាសង្ឃដែលពេលថ្ងៃដើរបិណ្ឌបាត្រ ហើយពេលយប់ដើរលេងចូលកន្លែងមិនសមគួរនាំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ព្រោះឃើញគាត់មានសក់ដុះខ្លីដូចព្រះសង្ឃ មិនតែប៉ុណ្ណោះនៅក្នុងរថយន្តមានទាំងបាត្រ និងចីវរថែមទៀតផង។ បន្ទាប់មកប្រជាពលរដ្ឋក៏បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើលជាក់ស្ដែង ពេលនោះប៉ូលិសឲ្យចុះទៅពិនិត្យមើល និងធ្វើការឃាត់ខ្លួននាំទៅសាកសួរ ទើបដឹងថា គាត់ជាអតីតសង្ឃដែលទើបសឹកចាកសិក្ខាបទបាន២ថ្ងៃមុននេះប៉ុណ្ណោះ។ ដោយសារមានការអផ្សុកពេក បែកគំនិតនឹកចង់ដើរលេង និងភ្លក្សរសជាតិម៉ាស្សា ទើបយករថយន្តព្រះគ្រូចៅអធិការវត្តបើកដើរលេង និងចូលទៅឲ្យនាងៗម៉ាស្សាឲ្យ ហើយខណៈពេលកំពុងមានសេចក្ដីសុខ ស្រាប់តែនគរបាលបានចុះទៅដល់ចាប់ខ្លួនតែម្ដង។
ប្រភពខាងលើបានបន្តទៀតថា ប៉ុន្តែក្រោយពេលសាកសួរដឹងសាច់រឿង នគរបាលបានទាក់ទងទៅកាន់ចៅអធិការវត្តអូរគគីរ ហើយរហូតដល់វេលាព្រឹកថ្ងៃទី១នេះ ទើបព្រះគ្រូចៅអធិការវត្តខាងលើនិមន្តពីវត្តនៅឯខេត្តកំពង់ស្ពឺ ទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ហើយព្រះអង្គបានអះអាងថា អន្ទិតម្នាក់នោះទើបនឹងសឹកចាកសិក្ខាបទបានរយៈពេល២ថ្ងៃមុននេះប៉ុណ្ណោះ ចំណែករថយន្តកាមរីគូទប៉ោងនោះ គឺជារបស់ព្រះអង្គ ហើយត្រូវបានអន្ទិតខាងលើខ្ចីជិះ បន្ទាប់ពីមានការធានាអះអាងពីព្រះគ្រូចៅអធិការបែបនេះ ទើបនគរបាលដោះលែងទៅវិញ និងប្រគល់រថយន្តនោះទៅឲ្យព្រះគ្រូចៅអធិការវត្តវិញហើយដែរ៕
ចែករំលែកព័តមាននេះ