ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំ​ឆ្នាំ​នេះ! ចរាចរណ៍​លើ​ស្ពាន​អ្នក​លឿង ពុំ​មានការ​កកស្ទះ​ទេ តែ​កាក​សំណល់​សំរាម​មាន​ច្រើន

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​លើ​ស្ពាន ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង បានអោយ​ដឹង​ថា

ខេត្ត​ព្រៃវែង ៖ សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​លើ​ស្ពាន ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង បានអោយ​ដឹង​ថា រដូវ​ភ្ជំ​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត និង​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​ ក្រោយ​ចប់​បុណ្យ​ភ្ជំ គឺ​មាន​ចំនួន​ច្រើន​ដូច​ឆ្នាំ​មុន​ៗ​ដែរ ប៉ុន្តែ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​1 ពិសេស​នៅ​លើ​ស្ពាន​ត្សឹ​បា​សា គឺ​ពុំ​មានការ​កកស្ទះ​នោះ​ទេ ដោយសារ​មានការ​ជួយ​អន្តរា​គម​សម្រួល​ចរាចរណ៍ ពី​សមត្ថកិច្ច​ទាំង​2​ខេត្ត គឺ​សមត្ថកិច្ច​ស្រុក​លើក​ដែក ខេត្តកណ្តាល និង សមត្ថកិច្ច​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ប្រភព​ដដែល​នេះ​បាន​បន្ត​​ថា បើ​ទោះបីជា​មិន​មាន​បញ្ហា​រឿង​ចរាចរណ៍​មែន ប៉ុន្តែ​នៅ​លើ​ស្ពាន​ត្សឹ​បា​សា បាន​កើតឡើង​នៅ​បញ្ហា​​មួយ​​ទៀត នោះ​គឺ​បញ្ហា​សំរាម ដោយសារ​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់ បាន​នាំ​គ្នា​ឈប់​នៅ​លើ​ស្ពាន ដោយ​អ្នកខ្លះ​នាំ​គ្នា​ថតរូប​ទុក​មើល អ្នកខ្លះ​ឈរ​មើល​ទេសភាព​និង​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ហើយ​អ្នកខ្លះ​ទៀត​នាំ​គ្នា​ទិញ​នំចំណី​ទទួលទាន​នៅ​លើ​ស្ពាន ហើយ​កាក​សំណល់​ដែល​ទទួលទាន​រួច គឺ​ទុក​ចោល​នៅ​លើ​ស្ពាន​តែ​ម្តង ដោយ​មិន​បាន​ប្រមូល​វិច​ខ្ចប់​យក​ទៅ​ចោល​នោះ​ទេ​។

ក្រុម​សមត្ថកិច្ច​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា ក្រុម​អ្នក​ទទួលទាន​នំចំណី​លើ​ស្ពាន​នេះ ខាង​សមត្ថកិច្ច​បាន​ដើរ​ដេញ​រហូត តែ​ដេញ​មិន​ឈ្នះ អ្នកខ្លះ​ចោទ​ខាង​សមត្ថកិច្ច​វិញ​ថា​ចិត្តអាក្រក់​ម៉្លេះ​គ្រាន់​ឈប់​អង្គុយ​លេង​បន្តិច​មិន​បាន ចំណែក​អ្នកខ្លះ​ណែនាំ​អោយ​វិច​ខ្ចប់​សំរាម​ដែល​ហូប​ហើយ​យក​ទៅ​ចោល​ផង ពួក​គាត់​ឆ្លើយ​បាទ-​ចាស​ដឹង​ហើយ តែ​ពេល​ហូប​ហើយពួក​​គាត់​នាំ​គ្នា​ទៅ​បាត់ ទុក​សំរាម​ចោល​លើ​ស្ពាន​ដដែល ចំណែក​ក្រុម​អ្នកលក់​វិញ​ក៏​ដូច​គ្នា​ដែរ នាំ​គ្នា​មក​លក់​លើ​ស្ពាន ដេញ​មិន​ឈ្នះ ពេល​ដេញ​ខ្លាំង​ចោទ​សមត្ថកិច្ច​ថា​ធ្វើបាប​រាស្ត្រ​ក្រីក្រ​។

ទោះជា​យ៉ាងណា​ក៏​ដោយ បាតុភាព​បែប​នេះ គេ​សង្កេត​ឃើញ​កើត​មាន​តែ​ក្នុងអំឡុងពេល​រដូវ​បុណ្យ​ទាន​ប៉ុណ្ណោះ ព្រោះ​ពេលវេលា​នោះ មាន​អ្នកដំណើរ​ច្រើន ដូច្នេះ​គេ​សង្ឃឹមថា ខាង​សមត្ថកិច្ច​ក៏​ដូច​ជា​អាជ្ញាធរ​នៃ​ខេត្ត​ទាំង​2 អាច​និង​មាន​វិធានការ​សម​ស្រប​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ