ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ​នេះ នៅមាន​ប៉ូលិស​ចរាចរណ៍ ដាក់​ពង្រាយ​កម្លាំង ស្ទាក់​ផាកពិន័យ​​អ្នកល្មើសច្បាប់ចរាចរណ៍។ ករណី​នេះ ត្រូវបាន​អ្នកលេងហ្វេសប៊ុក បង្ហោះថា «បុណ្យទានហើយ ល្មមយកតួនាទី…

ភ្នំពេញ៖ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ​នេះ នៅមាន​ប៉ូលិស​ចរាចរណ៍ ដាក់​ពង្រាយ​កម្លាំង ស្ទាក់​ផាកពិន័យ​​អ្នកល្មើសច្បាប់ចរាចរណ៍។ ករណី​នេះ ត្រូវបាន​អ្នកលេងហ្វេសប៊ុក បង្ហោះថា «បុណ្យទានហើយ ល្មមយកតួនាទី មកបំរើពលរដ្ឋ​ខ្លះ​ទៅ។ ផ្អាកចាប់ផាកមួយអាទិត្យ ហើយមកជួយសំរួលការធ្វើដំណើរពលរដ្ឋទៅស្រុក មិនបានអី អស់លោកមន្រ្តី? ទុកលុយផាកហ្នឹង ឱ្យ​ពួកគាត់ទៅស្រុក ជូនពុកម៉ែដូនតា​គាត់ទៅ»។​

សារ​របស់​ប្រជាពលរដ្ឋយើងដូច្នេះ នាំឱ្យមានការចោទ​សួរថា តើប៉ូលិស ត្រួតពិនិត្យ​ការអនុវត្តច្បាប់ចរាចរណ៍ រួមទាំង​ការ​​ផាកពិន័យ​អ្នកល្មើសច្បាប់ចរាចរណ៍ ជាការធ្វើបាប​ប្រជាពលរដ្ឋឬ?

តាមច្បាប់ចរាចរណ៍ អ្នកល្មើសច្បាប់ចរាចរណ៍ ត្រូវផាកពិន័យ​ទាបបំផុត ៦ម៉ឺនរៀល សម្រាប់​ម៉ូតូ និង​ឡាន ៨ម៉ឺនរៀល​។ លុយ​នេះ មានចំនួន​ច្រើន បើគ្រាន់តែជិះម៉ូតូ ១គ្រឿង គ្នា ៣នាក់ ឬក៏​អ្នកធ្វើដំណើរតាមម៉ូតូ មិនពាក់មួកសុវត្ថិភាព​ ឬក៏ពាក់មួកសុវត្ថិភាពហើយ តែមិនដាក់ខ្សែគន្លឹះ​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេនោះ​​។​

ក៏ប៉ុន្តែ​មែនទែនទៅ ចង់​ប៉ូលិសចរាចរណ៍ ដាក់កម្លាំង​ស្ទាក់ ត្រួតពិនិត្យតាមផ្លូវ​ និងនៅតាមភ្លើងស្តុប​យ៉ាងណាក៏ដោយ តែ​បើ​យើង​ ជាអ្នកបើកបរ និង​ធ្វើដំណើរតាមម៉ូតូ តាមឡាន គោរពច្បាប់ត្រឹមត្រូវ ដោយ​ម៉ូតូ​មានកញ្ចក់​មើលក្រោយ បើកបរ​មិនលឿនៗ រហូតដល់ហួស​ល្បឿនកំណត់ ហើយ​អ្នកបើកបរ​ និងអ្នករួមដំណើរ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ រួមទាំងគោរពភ្លើងស្តុប​ និងមិនបើកបរ​ក្នុងស្ថានភាពស្រវឹង​ ជាដើម​ ក៏មិនមានប៉ូលិសចរាចរណ៍ឯណា ហៅឃាត់ ដើម្បី​ផាកពិន័យ​ឡើយ។​

ដូចគ្នាដែរ ឡានផ្ទាល់ខ្លួន និងឡានតាក់ស៊ី បើសិនជា​បើកបរ​​តាមល្បឿនកំណត់ កុំលឿនៗពេក អ្នកបើកបរមិនស្រវឹងស្រា​ ហើយ​អ្នកអង្គុយកៅអីខាងមុខ ដាក់ខ្សែក្រវាត់​សុវត្ថិភាពត្រឹមត្រូវ  ឬក៏​អ្នកបើកបរ មិននិយាយទូរសព្ទ ដោយគ្មាន​កាស ជាដើម​នោះ ក៏មិនមានប៉ូលិស ហៅឈប់ ត្រួតពិនិត្យ ឬក៏ផាកពិន័យ​អ្វីទេ​។

ផ្ទុយទៅវិញ​ ការដាក់កម្លាំងប៉ូលិស ត្រួតពិនិត្យ​តាមផ្លូវ និងតាមភ្លើងស្តុប​នេះ ក៏​ដើម្បីតែសេចក្តីសុខ​​ សុវត្ថិភាពរបស់​អ្នកដំណើរប៉ុណ្ណោះ​ មិនថា អ្នកធ្វើដំណើរតាមម៉ូតូ និងតាមឡាននោះទេ​។ នៅពេលមានប៉ូលិស​ដូច្នេះ​ ម្នាក់​ៗរាង​ញញើត ហើយបន្ថយល្បឿន និងបើកបរ​ដោយប្រុងប្រយ័ត្ន​​។

ចូរកុំភ្លេច​ថា នា​ប៉ុន្មានថ្ងៃ​នៅមុនបុណ្យ​​ភ្ជុំបិណ្ឌនេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជាយើង​ ​បានសម្លាប់​មនុស្ស ១ថ្ងៃៗ ពី ៨នាក់ ទៅ ១០នាក់ រៀងរាល់ថ្ងៃ​ និងមានអ្នករបួសជាង ១០នាក់ផ្សេងទៀត​។ ចំណែក​ភ្ជុំបិណ្ឌឆ្នាំ​មុន រយៈ​ពេល ៣ថ្ងៃ នៅទូទាំងប្រទេស ​កើតមានគ្រោះថ្នាក់​ ៣៥លើក បណ្តាលឱ្យស្លា.ប់ ១៤នាក់ និងរបួស ៦៤នាក់។

ដូច្នេះ​វត្តមានរបស់​ប៉ូលិសចរាចរណ៍តាមផ្លូវ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងចាប់ឃាត់​ផាកពិន័យ​អ្នកដំណើរ​ល្មើសច្បាប់ គួរតែ​បង្កើន​វត្តមានឱ្យកាន់តែច្រើនថែមទៀត នៅពេលបុណ្យទាន ហើយ​អាចដាក់ឱ្យបានគ្រប់ឃុំ​សង្កាត់ មិនថា នៅផ្លូវជាតិ ឬផ្លូវលំ​ ផ្លូវខេត្ត និងតាមភូមិឃុំ ស្រុកស្រែចំការនោះទេ​។

ប៉ុន្តែ​អំឡុងពេលបុណ្យទានដូច្នេះ គួរតែ​ប៉ូលិសចរាចរណ៍​​ ​ជ្រើសយក​វិធានការ​អប់រំ​ ណែនាំនៅនឹងកន្លែង ហើយបើអ្នកបើកបរ​ម៉ូតូ មិនមានមួកសុវត្ថិភាព គឺត្រូវឱ្យរកមួក​​មកពាក់ ជាជាងការផាកពិន័យ ​ជាលុយជាកាក់។ ការធ្វើដូច្នេះ​ ដើម្បី​សុខសុវត្ថិភាព​ផង និងដើម្បីរីករាយក្នុងឱកាសបុណ្យទានផង​ ហើយ​ក៏ដើម្បី​កុំ​ឱ្យការសប្បាយ ក្លាយ​ជាទុក្ខ​​ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ