ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសទីម័រខាងកើត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​មន្ទីរ​ស្នាក់​ការ​អង្គការសហប្រជាជាតិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​មន្ទីរ​ស្នាក់​ការ​អង្គការសហប្រជាជាតិ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម José Ramos Horta ធានា​ធិ​បតី​នៃ​សាធារណៈរដ្ឋ​ទី​ម័​ខាងកើត​។​នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ក​ញ្ញ​ញា​នេះ​។

នៅ​ក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា សម្ដេច​ពិតជា​រីករាយ​ដែល​បាន​ជួប​ឯកឧត្តម​ប្រធានាធិបតី​នា​ពេល​នេះ​។ ក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ និង​ឯកឧត្តម​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត បាន​បង្ហាញ​នូវ​ក្តី​រីករាយ​បាន​ជួប​គ្នា​ជា​ថ្មី​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ឆ្លៀត​សម្តែង​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ​លើ​ការ​បោះ​ឆ្នោត​របស់​ឯកឧត្តម រ៉ា​ម៉ូ​ស ហ័​រ​តា ផង​ដែរ​។

បន្ទាប់​ពី​ការ​ស្វាគមន៍​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពាក់ព័ន្ធ​ការ​ស្នើ​សុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទី​ម័​រ​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មកនេះ ពោល​ចាប់តាំងពី​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​ប្រទេស​ទី​ម័​រ​ក្លាយជា​សមាជិក​អាស៊ាន​។
មក​ដល់​ពេល​នេះ សម្តេច​តេ​ជោ សង្ឃឹមថា នឹង​មានការ​គាំទ្រ​ប្រទេស​ទី​ម័​រ​ខាងកើត​ចូល​ជា​សមាជិក​អាស៊ាន ដែល​អាច​ប្រកាស​នៅ​ចុងឆ្នាំ​២០២២​នេះ ហើយនឹង​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៅ​ឆ្នាំ​២០២៣​។

ពាក់ព័ន្ធ​នឹង​ដំណឹង​នេះ​ផង​ដែរ​បាន​ធ្វើ​ឲ្យ​ឯកឧត្តម​ប្រធានាធិបតី​ប្រទេស​ទី​ម័​រ​ខាងកើត និង​គណៈប្រតិភូ សម្តែង​នូវ​ក្តី​រំភើប​យ៉ាង​ខ្លាំង ហើយ​សូម​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ឱ្យ​ប្រទេស​ទី​ម័​រ​ខាងកើត​ក្លាយជា​សមាជិក​អាស៊ាន​នា​ពេល​ខាង​មុខ​។ ឯកឧត្តម រ៉ា​ម៉ូ​ស ហ័​រ​តា បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រៀប​ដូច​ជា​ម្ចាស់​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​ផង​ដែរ​។

ក្រៅពី​បញ្ហា​ខាងលើ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម រ៉ា​ម៉ូ​ស ហ័​រ​តា ក៏​បាន​ជជែក​ពី​ការ​ពង្រឹងពង្រីក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​ឯកឧត្តម​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត បាន​បង្ហាញ​ក្តី​រំពឹង​ថា ទំនាក់ទំនង និង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទី​ម័​រ​ខាងកើត និង​កម្ពុជា នឹង​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ពេល​ខាង​មុខ​។ ឯកឧត្តម​ប្រធានាធិបតី បាន​គូសបញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម​នឹង​ពិនិត្យ​លើ​ការ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​។

ឯកឧត្តម​ប្រធានាធិបតី បាន​បង្ហាញ​ក្តី​សង្ឃឹម​ដែរ​ថា ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ស​ប្តា​ហ៍​ទី​៣​នៃ​ខែតុលា​ខាង​មុខ ឯកឧត្តម​នឹង​ខិតខំ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម កសិកម្ម និង​វិស័យ​ផ្សេង​ៗ​ទៀត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។
ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ទី​ម័​រ​ខាងកើត កាន់តែ​មាន​ភាព​រីក​ចម្រើន ដោយសារ​តែ​ការ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​កម្រិត តែ​កម្ពុជា និង​ទី​ម័​រ នៅ​តែ​មាន​សង្ឃឹម​ក្នុង​ការ​ពង្រីក​។

ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​កំពុង​ធ្វើ​ជាមួយ​ចិន និង​កូរ៉េ​ខាងត្បូង​។ ក្នុង​ន័យ​នេះ សម្តេច​តេ​ជោ​ចង់ឱ្យ​កម្ពុជា និង​ទី​ម័​រ​ខាងកើត ពិនិត្យ​លទ្ធភាព​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា ដើម្បី​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​បន្ថែម​ទៀត​។

ក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម រ៉ា​ម៉ូ​ស ហ័​រ​តា បាន​ជជែក​ពី​ការ​បើក​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ទំនាក់ទំនង ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ