ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ចុះ​រដ្ឋបាល ពិនិត្យ​ទីតាំង​កុងស៊ី​ទទួល​បញ្ចាំ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ​លោក​ញាណ ច័ន្ទ​សោភា អភិបាលរង​ខណ្ឌ តំណាង​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ​លោក​ញាណ ច័ន្ទ​សោភា អភិបាលរង​ខណ្ឌ តំណាង​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព បាន​បន្តសកម្មភាព​ចុះ​រដ្ឋបាល ត្រួតពិនិត្យ​ទីតាំង​កុងស៊ី​ទទួល​បញ្ចាំ​ចំនួន​០២​ទីតាំង នៅ​សង្កាត់​ចំនួន​០២ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ ដើម្បី​ពិនិត្យ​ក្រែង​មានការ​លួចលាក់​លើ​ការ​ទទួល​បញ្ចាំ​ដោយ​ខុសច្បាប់ ឬ​ទទួលផល​ចោរកម្ម​ជាដើម​។

ការ​ចុះ​ពិនិត្យ​ខាងលើ​នេះ​ធ្វើ​ឡើង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ និង​សង្កាត់​ព្រែក​ប្រា ។ ក្នុង​នោះ​ផង​ដែរ ទីតាំង​ទី​១ ហាង​បញ្ចាំ​យីហោ «​ដា​រ៉ា​រិ​ទ្ធី ផនស​ប​» ដែល​មាន​ម្ចាស់​ហាង​ឈ្មោះ ចាន់ ប៊ុ​ន​ថេ​ន និង​ទី​២ ហាង​បញ្ចាំ​យីហោ «​រ៉ា​ម៉ា​ណែ​ត ព្រែក​ប្រា​» មាន​ម្ចាស់​ហាង​ឈ្មោះ ញ៉​ក់ ធា​រ៉ា​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា កម្លាំង​ចម្រុះ​បាន​ពិនិត្យ​លើ​ទីតាំង​ទាំង​០២​នោះ រក​ឃើញ​មាន​ម៉ូតូ​សរុប​ចំនួន​៩២​គ្រឿង ដោយ​ទីតាំង​ទី​១ នៅ​សង្កាត់​ច្បារ​អំពៅ​២ មាន​ចំនួន​២៦​គ្រឿង និង​ទីតាំង​ទី​២ នៅ​សង្កាត់​ព្រែក​ប្រា មាន​ចំនួន​៦៦​គ្រឿង ដោយ​ម៉ូតូ​ទាំង​អស់នោះ​សុទ្ធតែ​មាន​ឯកសារ​ត្រឹមត្រូវ​ទាំងអស់ មិន​មាន​អ្វី​ខុស​ប្រក្រតី​ឡើយ​។

ទន្ទឹម​នឹង​នោះ​ដែរ ចំពោះ​អាជីវកម្ម​វិញ អាជ្ញាធរ​ពិនិត្យ​ឃើញ​ថា ទីតាំង​ហាង​ទាំង​០២ ក៏​មាន​ប័ណ្ណ​ពន្ធ​ប៉ាតង់ និង​អាជ្ញា​បណ្ណ​មាន​សុពលភាព​ត្រឹមត្រូវ​ផង​ដែរ ។

លោក​ញាណ ច័ន្ទ​សោភា អភិបាលរង​ខណ្ឌ បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ហាង​ទទួល​បញ្ចាំ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អ្នក​ដែល​យក​មធ្យោបាយ​ផ្សេង​ៗ​មក​ដាក់បញ្ចាំ ជា​ពិសេស​ត្រូវ​ពិនិត្យ​ទៅ​លើ​ឯកសារ​ពាក់ព័ន្ធ​ជាមួយ​មធ្យោបាយ​ទាំងនោះ​អោយ​បាន​ហ្មត់ចត់​ជា​មុន​សិន បើ​ត្រឹមត្រូវ​ហើយ​ចាំ​ទទួល​បញ្ចាំ​។ ហើយ​ក្នុង​ករណី​សង្ស័យ​ថា​មិន​ប្រក្រតី ត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជា​បន្ទាន់ ដើម្បី​មាន​វិធានការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ