ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​៣៩០​នាក់​ ផ្ទុះ​ការ​ត​វ៉ា ​ម្ចាស់​គម្រោង​សាងសង់​មិន​ផ្តល់​ប្រាក់​ឈ្នួល​ នៅ​ក្រុង​បា​វិត

1 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ ​ក្រុម​កម្មករ​សំណង់ ​២​ក្រុម មាន​ចំនួន​៣៩០​នាក់​ បាន​ផ្ទុះ​ការ​តវ៉ា ម្ចាស់​គម្រោង​សាងសង់​អគារ​ក្រុមហ៊ុន រេ​ឌា​ន ភើ​ល អិន​វេស​មេន…

ខេត្តស្វាយរៀង​ ៖ ​ក្រុម​កម្មករ​សំណង់ ​២​ក្រុម មាន​ចំនួន​៣៩០​នាក់​ បាន​ផ្ទុះ​ការ​តវ៉ា ម្ចាស់​គម្រោង​សាងសង់​អគារ​ក្រុមហ៊ុន រេ​ឌា​ន ភើ​ល អិន​វេស​មេន លី​មី​ធី​ត (​ឡឹ​ហ្សឹ​ង​) មិន​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ ។

​ករណី​ផ្ទុះ​ការ​តវ៉ា​នេះ​ កើតឡើង​រយៈពេល​២​ថ្ងៃ​មក​ហើយ ​គឺ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១១ ​កុម្ភៈ​ ២០២៦​នេះ ​នៅ​ក្នុង​ការដ្ឋាន​សាងសង់​អគារ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ថ្នល់កែង ​សង្កាត់​បាទី ក្រុង​បា​វិត ​។

​ទាក់ទិន​ករណី​នេះ​ដែរ ​លោក ​អ៊ូ សា​ខឿន ប្រធាន​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​ បាន​មាន​ប្រសា​សន៍​ថា កម្មករ​​សំណង់ ដែល​ផ្ទុះ​ការ​តវ៉ាទាមទារ​បើកប្រាក់​ឈ្នួល​នេះ ​មាន​ចំនួន​០២​ក្រុម ក្រុម​ទី​១ មាន​ចំនួន​១៥០​នាក់ ​និង​ក្រុម​ទី​២ មាន​ចំនួន​២៤០​នាក់ ​សរុប​៣៩០​នាក់ ​។

​លោក​ អ៊ូ​ សា​ខឿន​ បន្ត​ថា ក្រុមការងារ​ ​បាន​ចុះ​ទៅ​ចូលរួម​សម្របសម្រួល​ដោះស្រាយ ​ក្នុង​គោលបំណង​រក្សា​ នូវ​អត្ថប្រយោជន៍​ស្របច្បាប់​របស់​បងប្អូន​កម្មករ និង​ធានា​ នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ ដោយ​លោក ម៉ែ​ន អេ​ង អភិបាលរង តំណាង​លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ថុ​ល សុធី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​នគរបាល​ខេត្ត លោក​វរសេនីយ៍ឯក ឡឹ​ក ចំរើន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត រួម​ជាមួយ​លោក អ៊ូ សុ​ខឿន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត លោក ​ដាំ ឃុន​ពិសី ប្រធាន​ស្តីទី​មន្ទីរ​ព័ត៌មាន​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ បាន​ចុះ​អន្តរាគមន៍ ​ដោះស្រាយ​វិវាទ​ការងារ​រវាង​ភាគី​កម្មករ អ្នកម៉ៅការ និង​ភាគី​ម្ចាស់​ការដ្ឋាន​អគារ និង​សម្រប​សម្រួលការ​បើកប្រាក់​ឈ្នួល កម្មករ​សំណង់ របស់​ក្រុមហ៊ុន ស្ថិត​នៅ​ភូមិ​ថ្នល់កែង សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង ។​

ជា​លទ្ធផល ​នៃ​កិច្ច​សម្របសម្រួល​ជា​ច្រើន​ម៉ោង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​បាន​ធ្វើការ​ព្រមព្រៀង​គ្នា​លើ​ចំណុច​សំខាន់​ៗ មាន​ដូច​ជា ​៖
-​ភាគី​ក្រុមហ៊ុន រេ​ឌា​ន ភើ​ល អិន​វេស​មេន លី​មី​ធី​ត (​ឡឹ​ហ្សឹ​ង​) យល់ព្រម​ផ្តល់​ប្រាក់​ចំនួន ១១០,០០០ USD (​មួយ​រយ ដប់​ពាន់ ដុល្លា​អា​មេ​រិ​ក​គត់​) ជូន​ក្រុមហ៊ុន ឃ្យូ​.​អេស ដេ​ខ័​រ​រេ​សិន អេ​ន​ជឺ​នា​រីង ឯ​.​ក នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលាម៉ោង១០និង​៣០នាទី​ព្រឹក ដើម្បី​បើកប្រាក់​ឈ្នួល​ជូន​អ្នកម៉ៅការ​បន្ត និង​បងប្អូន​កម្មករ​សំណង់​ក្រុម​ទី​១ ​ចំនួន​១៥០​នាក់ ​ទៅ​តាម​ចំនួន​ភាគរយ (​ដូច​មាន​បញ្ជី​ជូន​ភ្ជាប់​) ។ ចំពោះ​ទឹកប្រាក់ ៥% ស្មើរនឹង​ទឹកប្រាក់​ចំនួន ៣៩២,៥៨៥ USD ក្រុមហ៊ុន រេ​ឌា​ន ភើ​ល អិន​វេស​មេន លី​មី​ធី​ត (​ឡឹ​ហ្សឹ​ង​) នឹង​បើក​ជូន​ក្រុមហ៊ុន​សាងសង់ ឃ្យូ​.​អេស ដេ​ខ័​រ​រេ​សិន អេ​ន​ជឺ​នា​រីង ឯ​.​ក នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ២០២៦​ ។

-​ចំពោះ​ទឹកប្រាក់​ចំនួន ១១០,០០០ USD (​មួយ​រយ​ដប់​ពាន់ ដុល្លា​អា​មេ​រិ​ក​គត់​) ក្រុមហ៊ុន រេ​ឌា​ន ភើ​ល អិន​វេស​មេន លី​មី​ធី​ត (​ឡឹ​ហ្សឹ​ង​) និង​កាត់កង់​ត្រឡប់​មក​វិញ​ពី​ទឹកប្រាក់ ៥% លើក​ទី​២ ដែល​ត្រូវ​បើក​នៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០២៦ ដោយ​ត្រូវ​ទទួល​បាន​ចំនួន ២៨២,៥៨៥ USD (​ទឹកប្រាក់​ត្រូវ​បើក​បន្ទាប់​ពី​កាត់កង​រួច​) ។​ ចំពោះ​ក្រុម​ទី​២ ដែល​កម្មករ​ចំនួន​២៤០​នាក់ គឺ​មិន​ទាន់​ឈាន​ដល់​កិច្ចព្រមព្រៀង​ទេ ដូច្នេះ​ក្រុមការងារ​បន្ត​សម្របសម្រួល​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ ​២០២៦​នេះ​ទៀត សង្ឃឹមថា ក្រុមហ៊ុន​ម្ចាស់​គម្រោង​សាងសង់​អគារ​ព្រមព្រៀង​បើកប្រាក់​ឈួ​ល​ឲ្យ​កម្មករ​ទៅ​ចុះ​ ។​

លោក​ អ៊ូ ​សា​ខឿន ​បន្ត​ទៀត​ថា ក្នុង​កិច្ច​សម្របសម្រួល​នេះ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត និង​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា បាន​ផ្តល់​អនុសាសន៍​យ៉ាង​ម៉ឺងម៉ាត់​ថា “​ការ​អភិវឌ្ឍ​ ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​គោរព​សិទ្ធិ និង​ច្បាប់​”​។ អាជ្ញាធរ​ខេត្ត​មិន​ត្រឹមតែ​ការពារ​នូវ​អត្ថប្រយោជន៍​ស្របច្បាប់ និង​ក្រពះ​របស់​បងប្អូន​កម្មករ ​ដែល​ជា​កម្លាំងច​លករ ​នៃ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ការពារ នូវ​បរិយាកាស​វិនិយោគ​ប្រកបដោយ សុវត្ថិភាព និង​ភាព​យុត្តិធម៌​សម្រាប់​ម្ចាស់​អាជីវកម្ម​ផង​ដែរ​ ។

លោក​អភិបាលរង​ខេត្ត និង​លោក​ព្រះរាជអាជ្ញា ក៏​បាន​ក្រើនរំលឹក​ដល់​ម្ចាស់​អាជីវកម្ម និង​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​ទាំងអស់ ត្រូវ​តែ​គោរព​ច្បាប់​ស្តី​ពី​ការងារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ។

លោក​អភិបាលរង​ខេត្ត ក៏​បានអំពាវនាវ​ដល់​បងប្អូន​កម្មករ និយោជិត​ទាំងអស់​ ត្រូវ​បន្ត​ជឿជាក់​លើ​ការ​ដោះស្រាយ​តាម​រយៈ​យន្តការ​ច្បាប់ និង​អាជ្ញាធរ​ដែនដី​។ រដ្ឋបាល​ខេត្ត សូម​បញ្ជាក់​ជំហរ​ថា នឹង​មិន​អត់ឱន​ចំពោះ​បុគ្គល ឬ​ក្រុមហ៊ុន​ណា ដែល​រំលោភ​លើ​សិទ្ធិ ជា​មូលដ្ឋាន​របស់​កម្មករនិយោជិត ឬ​ធ្វើ​សកម្មភាព​ណា ​ដែល​បង្ក​ឱ្យ​មាន​អសន្តិសុខ ក្នុង​សង្គម​។ ក្នុង​ករណី ​ដែល​មានការ​រឹងរូស​ មិន​អនុវត្ត​តាម​កិច្ចព្រមព្រៀង ឬ​បន្ត​រំលោភច្បាប់​ការងារ អាជ្ញាធរ មាន​សមត្ថកិច្ច​នឹង​ប្រើប្រាស់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​តាម​រយៈ​តំណាង​អយ្យការ ដើម្បី​ចាត់ការ តាម​នីតិវិធី​ ជា​ធរមាន ​ដោយ​គ្មាន​ការ​លើកលែង​។ ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ នា​ពេល​នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ប្រសិទ្ធភាព​ នៃការ​ដោះស្រាយ​វិវាទ ដែល​មានការ​ចូលរួមពី​កម្លាំង​ចម្រុះ និង​មន្ទីរ​ជំនាញ ដើម្បី​ប្រែក្លាយ​ជម្លោះ​ឱ្យទៅ​ជា​ការ​យោគយល់ និង​ការ​បន្ត​កិច្ចសហការ​គ្នា ឡើង​វិញ ក្រោម​ដំបូល​នៃ​សន្តិភាព និង​ស្ថិរភាព​សង្គម ​។

មុន​នឹង​បញ្ចប់ ​នៃ​ការ​ចុះ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការងារ​នេះ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត ក្នុង​នាម​លោក ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ក្នុង​នាម​រដ្ឋបាល​ខេត្តស្វាយរៀង សូម​ថ្លែងអំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ​ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ រហូត​ឈាន​ដល់ ការ​បញ្ចប់​វិវាទ​ដោយ​សន្តិវិធី និង​ឈ្នះ​-​ឈ្នះ ទាំង​សងខាង​។ ​ហើយ​ចំណែក​កម្មរ ​និយោជិត​ ២៥០​នាក់​ទៀត​ក្រុមការងារ​ បន្ត​សម្របសម្រួល​រហូត​ឈាន​ដល់​បញ្ចប់​វិវាទ ​ដោយ​សន្តិវិធី​ និង​ឈ្នះ​-​ឈ្នះ​ ទាំង​សងខាង​ នៅ​ថ្ងៃ​ទី​១១​កុម្ភៈ​នេះ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ