រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ចោទប្រកាន់ថា លោកវរសេនីយ៍ត្រី កុសល្យ សុខហួច នាយផ្នែកបញ្ជាចរាចរណ៍ទី២ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើសកម្មភាព យកដុំថ្ម គប់កញ្ចក់រថយន្ត ១គ្រឿង នៅចំណុចអនន្ត១ ខណ្ឌដូនពេញ ។
យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស ធ្វើការស្រាវជ្រាវ និងកោះហៅ លោកវរសេនីយ៍ត្រី កុសល្យ សុខហួច មកសួរនាំ ។
បន្ទាប់ពីសួរនាំរួច គឺលោកវរសេនីយ៍ត្រី កុសល្យ សុខហួច នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ពិតជាបានធ្វើសកម្មភាពយកដុំថ្មទៅគប់កញ្ចក់រថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ Toyota Land Criuser ដែលចតនៅចំណុចអនន្ត១ ស្ថិតនៅផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយសារស្រវឹងស្រាជោគជាំ។ ពិនិត្យអំពីសកម្មភាពខុសឆ្គង ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ ដោយប្រព្រឹត្តខុសវិន័យកងកម្លាំងនគរបាលជាតិ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើរបាយការណ៍ស្នើសុំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់បទវិន័យនគរបាលជាតិកម្ពុជា ។
បច្ចុប្បន្ន ត្រូវផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកវសេនីយ៍ត្រី កុសល្យ សុខហួច ហើយតម្រូវឲ្យមកបង្ហាញ វត្តមាន នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចរបស់ថ្នាក់លើ ៕

ចែករំលែកព័តមាននេះ