ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវរថយន្តបុកប៉ើងធ្លាក់ស្រែទាំងរថយន្ត បង្កទាំងមនុស្សបណ្ដាលឱ្យស្លាប់ដែលទំនងពេលព្យាយាមជិះម៉ូតូឆ្លងផ្លូវ ។ ហើយត្រូវអ្នកបើករថយន្ត ដែលទំនងមានគ្នាច្រើនផង បាននាំគ្នាអូសសាកសពទៅកប់ចោលក្នុងដីក្បែរនោះ ថែមទាំងយកម៉ូតូជនរងគ្រោះទៅលាក់ក្នុងគុម្ពោធព្រៃ ក្នុងចេតនាបំបាត់ភស្ដុតាង ។ ហើយអ្នកបើកបររថយន្ត និងបក្សពួកក៏បាននាំគ្នារត់គេចខ្លួនអស់ភ្លាមៗពីចំណុចកើតហេតុ បន្សល់ទុកតែរថយន្តខូចខ្ទេចផ្នែកខាងមុខធ្លាក់ចូលកណ្ដាលស្រែ ។

បើតាមព័ត៌មានដែលសមត្ថកិច្ចទទួលបានពីអ្នកដំណើរបានឲ្យដឹងថា គេបានប្រទះឃើញរថយន្តនោះធ្លាក់ចេញពីផ្លូវទៅនៅកណ្ដាលស្រែ ចម្ងាយពីផ្លូវ«ហាយវេ» ប្រហែល៤០ម៉ែត្រ នៅវេលាម៉ោងប្រហែល៥ព្រឹកថ្ងៃទី១១ កុម្ភៈ ត្រង់ចំណុចផ្លូវបំបែកជា៤ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាតដំបង ។ រថយន្តនោះ ម៉ាកស៊ីណា ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2AT-9750 ដែលមានស្នាមបុកខូចខាតស្ទើរទាំងស្រុងផ្នែកខាងមុខ ។ សមត្ថកិច្ចនិយាយថា ពេលមន្ត្រីមូលដ្ឋានចុះទៅពិនិត្យដំបូង គេឃើញរថយន្តមានស្លាមបុក តែគេមិនបានដឹងថា រថយន្តនោះបុកជាមួយអ្វីទេ ។ លុះបន្តិចក្រោយមក ស្រាប់តែសមត្ថកិច្ចប្រទះឃើញបំណែកម៉ូតូធ្លាក់រាយប៉ាយក្នុងស្រែ ជាមួយនឹងកាបូបស្ពាយមួយផង ។

ដោយមានការសង្ស័យ សមត្ថកិច្ចក៏ដើរពិនិត្យថែមទៀត ក៏ប្រទះឃើញសាកសពមនុស្សម្នាក់ដែលត្រូវគេកាយដីកប់ក្នុងប្រឡាយដែលគ្មានទឹកចេញម្រាមជើងម្ខាង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។ ជាមួយនិងការប្រទះឃើញសាកសព និងបំណែកម៉ូតូរប៉ាត់រប៉ាយ សមត្ថកិច្ចក៏ដើររុករកក្បែរៗនោះ ក៏ប្រទះឃើញម៉ូតូមួយគ្រឿងនៅក្នុងគុម្ពោធព្រៃ ដែលខូចខ្ទេចខ្ទីរ និងមានគ្រប់មែកឈើពីលើផង ។ ម៉ូតូនោះម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Z-4335 ។ នៅក្បែររណ្ដៅកប់សាកសព គេឃើញមានកាបូបស្ពាយមួយនៅក្នុងការបូបនេះ មានចំពាមកៅស៊ូ និងវត្ថុផ្សេងៗ រីឯនៅជាប់នឹងម៉ូតូគេឃើញមានខ្សែភ្លើងមួយដុំផងដែរ ។

ស្ថិតក្នុងស្ថានភាពដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ គេឃើញមានមន្ត្រីមូលដ្ឋាន មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីនគរបាលបច្ចេកទេស និងមន្ត្រីនគរបាលព្រហ្មទពណ្ឌ បានចុះទៅកាន់ចំណុចកើតហេតុព្រមៗគ្នា ដើម្បីពិនិត្យកន្លែងកើតហេតុ វត្ថុតាង និងពិនិត្យសាកសពកប់ក្នុងដី ។ សាកសពនោះ ត្រូវបានគេស្គាល់ភ្លាមៗ តាមរយៈឯកសារទិញម៉ូតូបង់រំលស់ ដែលរក្សាទុកនៅក្នុងកាបូបមួយ ហើយត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅមន្ត្រីមូលដ្ឋាន ស្វែងរកឃើញសាច់ញាតិជនរងគ្រោះនោះភ្លាមៗដែរ ។

សាច់ញាតិជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ហើយបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ ពេញ ឆានុន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ។ ប៉ុន្តែសាច់ញាតិ ហាក់មិនបានដឹងពីគោលដៅ ឬការធ្វើដំណើររបស់ជនរងគ្រោះទៅណាមកណាទេ ? ហើយក៏មិនបានដឹងថា តើបច្ចុប្បន្នជនរងគ្រោះធ្វើការអ្វីឲ្យប្រាកដ ? តើស្នាក់នៅកន្លែងណា ? ព្រោះជនរងគ្រោះរូបនេះ ភាគច្រើនមិនសូវនៅស្រុកទេ ។ សាច់ញាតិដែលបានមកមើលសាកសព គ្រាន់តែបញ្ជាក់ថា ពួកគេពិតជាសាច់ញាតិជនរងគ្រោះ ហើយមុនពេលកើតហេតុ គេមិនដឹងពីរឿងរ៉ាវឡើយ រហូតទាល់តែសមត្ថកិច្ចផ្ដល់ព័ត៌មានទើបពួកគេដឹង ហើយនាំគ្នាមកមើល ។

ពាក់ព័ន្ធនឹងករណីនេះ ក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានចោមរោមមើលកន្លែងកើតហេតុ មានប្រភពខ្លះនិយាយថា ជនរងគ្រោះត្រូវរថយន្តខាងលើនេះបុក នៅម៉ោងប្រហែលជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ កុម្ភៈ ទៅហើយ លុះនៅម៉ោង៥ភ្លឺព្រាលៗ អ្នកដំណើរក៏ប្រទះឃើញរថយន្តនៅក្នុងស្រែ ទើបគេផ្ដល់ព័ត៌មានទៅសមត្ថកិច្ច ។ ដោយឡែក សាក្សីដទៃទៀតដែលទំនងជាអ្នកបើកបររថយន្តផង បានចុះមើលរថយន្តធ្លាក់ស្រែនោះ ហើយបានបង្ហើបយ៉ាងខ្លីថា គេបានប្រទះឃើញរថយន្តនេះឈប់កន្លែងហាងលក់បាយនៅទឹកដីខេត្តកំពង់ឆ្នាំង មុនពេលជួបគ្រោះថ្នាក់នៅទឹកដីបាត់ដំបង ។
គេឃើញមានមនុស្សប្រហែលពី៦ទៅ៧នាក់ ភិនភាគដូចមានជនបរទេសខ្លះផង តែប្រភពនេះ មិនបាននិយាយអ្វីលើសពីនេះទេ ។ មន្ត្រីចរាចរណ៍ដែលចុះវាស់វែងនៅចំណុចគ្រោះថ្នាក់បាននិយាយថា បើតាមការពិនិត្យ រថយន្តធ្វើដំណើរពីទិសខាងកើត ឆ្ពោះទៅលិចលើកំណាត់ផ្លូវហាយវេ ហើយបានបុកអ្នកជិះម៉ូតូនៅចំណុចផ្លូវបែកជា៤ ដែលទំនងអ្នកជិះម៉ូតូព្យាយាមជិះឆ្លងកាត់ ពីទិសខាងជើងទៅខាងត្បូង ។ ពេលនោះ ទាំងរថយន្ត ទាំងអ្នកជិះម៉ូតូប៉ើងធ្លាក់ក្នុងស្រែទាំងអស់គ្នាតែម្ដង ។

នាយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការខេត្ត លោក ចាន់ សុធី បានបញ្ជាក់ដែរថា បើតាមការពិនិត្យជាក់ស្ដែង ព្រឹត្តិហេតុដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ គឺផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ។ លោកបានបញ្ជាក់បន្ថែមថា ភាគីម៉ូតូជិះចេញពីផ្លូវតូច ហើយព្យាយាមឡើងលើផ្លូវហាយវេ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តដែលបើកបរក្នុងល្បឿនលឿនបុកពេញទំហឹង រហូតជ្រុលធ្លាក់ផ្លូវទាំងព្រមបែបនេះ ។ ក្រោយកើតហេតុ ភាគីរថយន្តបានព្យាយាមអូសសពជនរងគ្រោះទៅកប់ និងអូសម៉ូតូជនរងគ្រោះទៅលាក់ក្នុងព្រៃ ដើម្បីបំពាត់ភស្ដុងតាង ។ ប៉ុន្តែនេះ ជាបទល្មើសបន្ថែមមួយទៀត ដែលមន្ត្រីចរាចរណ៍ទុកឲ្យមន្ត្រីព្រហ្មទណ្ឌដោះស្រាយចុះ ។
ដោយឡែក ពាក់ព័ន្ធនឹងវត្ថុតាងនានា ដែលមាននៅខាងភាគីជិះម៉ូតូ ។ ជាពិសេស «ខ្សែភ្លើង»មួយដុំ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដែលមាននៅក្នុងកាបូបស្ពាយ និងនៅជាប់លើខ្លួនសាកសព ដែលមន្ត្រីជំនាញសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងអំពើ «ចោរកម្ម» និង «គ្រឿងញៀន» ។

ត្រង់ចំណុចនេះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង ដែលបានដឹកនាំកម្លាំងជំនាញចុះពិនិត្យវត្ថុតាង នៅចំណុចកើតហេតុនោះដែរ បាននិយាយថា បើពិនិត្យករណីនេះ ដំបូងផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងអ្នកជិះម៉ូតូ ។ ប៉ុន្តែក្រៅពីបទល្មើសបង្កគ្រោះថ្នាក់ចរាចរណ៍ ភាគីរថយន្តក៏អាចជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌផងដែរ ដែលព្យាយាម«លុបបំបាត់ភស្ដុតាង» ។ ចំពោះភាគីម៉ូតូវិញ បើយោងលើវត្តុតាងនានា ដែលរកឃើញមាននៅជាមួយជនរងគ្រោះ ក៏អាចជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មផងដែរ ។
លោក ឈឿង គឹមសុង បានបញ្ជាក់ថា ខ្សែភ្លើងមួយដុំដែលជនរងគ្រោះដឹកតាមម៉ូតូ មានស្នាមកាត់ថ្មីៗ ហើយថែមទាំងមានកម្ទេចថ្នាំញៀនមួយកូនកញ្ចប់ជាប់ខ្លួនទៀត ។ ដូច្នេះជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផងដែរ ។

យ៉ាងណាក្ដី ក្រោយពីមន្ត្រីជំនាញសួរនាំបឋមទៅលើក្រុមគ្រួសារជនរងគ្រោះ និងពិនិត្យយ៉ាងល្អិតល្អន់នូវវត្ថុតាងនានាលើទីតាំងកើតហេតុ មន្ត្រីជំនាញគ្រប់ស្ថាប័ន ចូលរួមផង កម្លាំងចម្រុះក៏បានគាស់យកសាកសពចេញពីដី ដើម្បីធ្វើកោសល្យវិច័យ ដែលមានវត្តមានតំណាងអយ្យការអមសាលាដំបូងខេត្ត ចូលរួមត្រូតពិនិត្យយ៉ាងហ្មត់ចត់ផង ។
ហើយមន្ត្រីជំនាញ ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយការធ្វើកោសល្យវិច័យត្រូវបានបញ្ចប់ ៕
ចែករំលែកព័តមាននេះ