រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ សហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បើកការស្រាវជ្រាវរហូតតាមចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងការគាស់ផ្ទះ ចូលលួចទ្រព្យសម្បត្តិ កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ កញ្ញា ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅនៅចំណុចផ្ទះលេខ៣២០ ផ្លូវ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ ធ្វើឡើងនៅថ្ងៃទី២០ ខែឆ្នាំដដែលនេះ ពោល គឺក្រោយធ្វើសកម្មភាពបាន១យប់ប៉ុណ្ណោះ ក៏សមត្ថកិច្ចចាប់ឃាត់បានតែម្តង ។

ជនសង្ស័យទាំង៥នាក់ មានឈ្មោះ ទី១-ឈ្មោះ សេង គឹមហ៊ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ទី២ឈ្មោះ ស៊ឹម ភារុណ ហៅ រុណ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងទី៣-ឈ្មោះ វណ្ណ វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, ទី៤-ឈ្មោះ ញ៉ឹម មង្គល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងទី៥-ឈ្មោះ សៀង ហេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនទាំង៥សុទ្ធតែមានផ្ទុកសារធាតុញៀ.នផងដែរ ។

ក្នុងការឃាត់ខ្លួន ពួកគេទាំង៥នាក់ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន០២គ្រឿង ក្នុងនោះ ០១គ្រឿងម៉ាក ហុងដាឌ្រ៊ីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ – 3942 និង០១គ្រឿងទៀតម៉ាកឌ្រីមសង់ដូចគ្នា ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពត 1B – 1462 , អាយកូមចំនួន ០១គ្រឿង និងទូរស័ព្ទដៃម៉ាក OPPO ពណ៌ស ចំនួន ០១គ្រឿងទៀតផង
ដែរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ