ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lewandowski មាន​មោទកភាព​ដែល​នឹង​ពាក់​ស្លាក​ប្រធាន​ក្រុម​អ៊ុយ​ក្រែ​ន​នៅ World Cup 2022

1 ឆ្នាំ មុន

ប៉ូ​ឡូញ ៖ លោក Andriy Shevchenko អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន បាន​ប្រគល់​

ប៉ូ​ឡូញ ៖ លោក Andriy Shevchenko អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន បាន​ប្រគល់​ស្លា​កដៃ​ប្រធាន​ក្រុម​មាន​ពណ៌​ជា​ទង់ជាតិ​ប្រទេស​អ៊ុយ​ក្រែ​ន​ដល់​កំពូល​ខ្សែប្រយុទ្ធ​ប៉ូ​ឡូញ Robert Lewandowski ដើម្បី​ពាក់​ប្រកួត​នៅ​ព្រឹត្តិការណ៍ World Cup 2022 នៅ​កា​តា ដែល​នឹង​ចាប់​ដំណើរការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ចុងឆ្នាំ​នេះ​។

នៅ​អំឡុង​ពេល​ចូលរួម​កម្មវិធី​មួយ​នៅ​ឯ​កីឡដ្ឋាន PGE Narodowy នៅ​ក្នុង​ទីក្រុង Warsaw ប្រទេស​ប៉ូ​ឡូញ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ខ្សែប្រយុទ្ធ​ដ៏​ល្បីល្បាញ​ទាំង​២​រូប​បាន​សម្តែង​ការ​គួរសម​ដាក់​គ្នា មុន​ពេល​លោក Shevchenko អាយុ​៤៥​ឆ្នាំ បច្ចុប្បន្ន​មាន​អាជីព​ជា​គ្រូបង្វឹក និង​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន​ផង​នោះ បាន​ប្រគល់​ស្លា​កដៃ​ប្រធាន​ក្រុម​មាន​ពណ៌​ខៀវ និង​លឿង​នៃ​ពណ៌​ទង់ជាតិ​ប្រទេស​អ៊ុយ​ក្រែ​ន​ដល់​ខ្សែប្រយុទ្ធ Lewandowski ក្នុង​នាម​រូបគេ​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ​។

ក្រោយ​ទទួល​ស្លា​កដៃ​ប្រធាន​ក្រុម​ពី​លោក Shevchenko រួច​មក Lewandowski វ័យ​៣៤​ឆ្នាំ ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Barcelona បាន​ថ្លែង​ថា «​ខ្ញុំ​មាន​មោទកភាព​ណាស់ ព្រោះ​ខ្ញុំ​ដឹង​ពី​អត្ថន័យ​នៃ​ការ​គាំទ្រ​ប្រជាជន​អ៊ុយ​ក្រែ​ន​។ ខ្ញុំ​ដឹង​ពី​អត្ថន័យ​នៃ​ការ​តស៊ូ​ដើម្បី​សេរីភាព យើង​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ពួក​គេ និង​របស់​យើង នោះ​ហើយ​ជា​មូលហេតុ​ក្នុង​ការ​ជួយ​ប្រទេស​ជិតខាង​របស់​យើង និង​ដើម្បី​ជួយ​ប្រជាជន​អ៊ុយ​ក្រែ​ន​។ ជា​ថ្មី​ម្តងទៀត ខ្ញុំ​ពិតជា​មាន​មោទកភាព​ណាស់​ដែល​បាន​ពាក់​ស្លាក​ប្រធាន​ក្រុម​នេះ ហើយ​ខ្ញុំ​ពិតជា​រីករាយ និង​ដឹងគុណ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​គ្រប់យ៉ាង​»​។

គួរ​រំលឹក​ថា ក្នុង​នាម​ជា​ប្រទេស​ជិតខាង និង​មាន​ទំនាក់ទំនង​ដ៏​រឹង​មាំ​ជា​ប្រវត្តិសាស្ត្រ ប្រទេស​ប៉ូ​ឡូញ​បាន​ទទួលយក​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ជាង​១​លាន​នាក់ ដែល​ភៀសខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២២​។

ទន្ទឹម​ជាមួយ​គ្នា​នោះ ខ្សែប្រយុទ្ធ Lewandowski ស្ថិត​ក្នុង​ចំណោម​អ្នកគាំទ្រ​ប្រជាជាតិ​អ៊ុយ​ក្រែ​ន​យូរ​មក​ហើយ ដោយ​បាន​អំពាវនាវ​ប្រទេស​កំណើត​របស់​ខ្លួន​ធ្វើ​ពហិការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 ទល់​នឹង​រុ​ស្ស៊ី ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សង្គ្រាម​បាន​ចាប់ផ្តើម​។ ហើយ​អំឡុង​ពេល​រូបគេ​នៅ​ប្រកប​អាជីព​ជាមួយ​ក្លិប Bayern Munich និង​ការ​ប្រកួត​ជាមួយ​ប៉ូ​ឡូញ​កន្លង​មក ខ្សែប្រយុទ្ធ​កម្ពស់​១,៨៥​ម៉ែត្រ​រូប​នេះ ធ្លាប់​បាន​ពាក់​ស្លាក​ប្រធាន​ក្រុម​អ៊ុយ​ក្រែ​ន​ផង​ដែរ​៕ (​ប្រភព​ពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ