ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ ណែនាំ​មន្ត្រី​ក្រោម​ឱវាទ បន្ត​បង្ក្រាប​ល្បែងក្នុង​មូលដ្ឋាន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​ណែនាំ​ដល់មន្ត្រី​គ្រប់​លំដាប់ថ្នាក់ ដែល​ស្ថិត​ក្រោម​ឱវាទ អោយ​បន្ត​យកចិត្តទុកដាក់ និង​ពង្រឹង​ប្រសិទ្ធិ​ភាព​អោយ​បាន​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ លោក​ ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​ណែនាំ​ដល់មន្ត្រី​គ្រប់​លំដាប់ថ្នាក់ ដែល​ស្ថិត​ក្រោម​ឱវាទ អោយ​បន្ត​យកចិត្តទុកដាក់ និង​ពង្រឹង​ប្រសិទ្ធិ​ភាព​អោយ​បាន​ខ្ពស់ លើ​កិច្ច​ការងារ​សន្តិសុខ ពិសេស​ការ​បង្ក្រាប​ល្បែងស៊ីសង នៅ​ក្នុង​មូលដ្ឋាន ស្រប​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​លើក​ឡើង​របស់​លោក​អភិបាល​ខណ្ឌ ថ្លែង​ឡើងនៅ​ក្នុង​កិច្ចប្រជុំ​គ​ណះ​បញ្ជាការ​ឯកភាពខណ្ឌ​ច្បារ​អំពៅ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពីអស់លោក​លោកស្រី​អភិបាលរង​ខណ្ឌ លោក​លោក​អធិការ​នគរបាល​ខណ្ឌ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ លោក​ លោកស្រី ជា​ចៅសង្កាត់ លោកនាយ​ប៉ុស្តិ៍​ទាំង​៨ និង​មន្ត្រី​ចំណុះ​ជំនាញ​ក្រោម​ឱវាទ ជា​ច្រើន​រូប​ទៀត ផង​ដែរ ។

នៅ​ក្នុង​កិច្ចប្រជុំ​ លោក​អភិបាល​ខណ្ឌ បាន​ដាក់​ចេញ​នូវ​ផែន​ការណ៍​មួយ​ចំនួន លើ​កិច្ច​ការងារ​សន្តិសុខ ដើម្បី​ជា​យុទ្ធសាស្ត្រ​ដល់​កងកម្លាំង​មន្ត្រី​ក្រោម​ឱវាទ យក​ទៅ​អនុវត្ត ក្នុង​គោលដៅ លុប​បំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្មេង​ទំនើង លុប​បំបាត់​គ្រឿងញៀន ក៏​ដូច​ជា​អំពើ​លួច​ឆក់​ប្លន់​ជាដើម ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ស្រប​ទៅ​នឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។

ក្នុង​ឱកាស​ដដែល​នោះ លោក​អភិបាល បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ទាំងអស់ ត្រូវ​បន្តសកម្មភាព​ចុះ ត្រួតពិនិត្យ តាម​គោលដៅ ហាង​លក់​កាហ្វេ​គុយទាវ ឬ​ទីកន្លែង​ប្រកប​អាជីវ​ភាព​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ប្រសិនបើ​រក​ឃើញ​ថា មានការ​លួចលាក់​បង្កប់ នូវ​ប្រភេទ​ល្បែង​អន​ឡាញ​ខុសច្បាប់ គឺ​ចាំបាច់​ត្រូវ​បង្ក្រាប ដោយ​មិន​បណ្តែតបណ្តោយ​អោយ​ម្ចាស់​ទីតាំង យក​អាជីវកម្ម​ស្របច្បាប់​មក​ជា​ខែល​ដែល​បាំង​អំពើ​ខុស​របស់​ខ្លួន​បាន​តទៅ​មុខ​ទៀត​នោះ​ឡើយ ។

ដោយឡែក ចំពោះ​ទីតាំង​កុងស៊ី​ទទួល​បញ្ចាំ​ទាំងអស់ លោក​អភិបាល ក៏​បាន​ណែនាំ អោយ​បន្ត​ចុះ​ពិនិត្យ​មើល​អោយ​បាន​ជាប់លាប់ ថា​តើ​ទីតាំង​ទាំងនោះ បាន​ប្រកប​អាជីវកម្ម​ខ្លួន ​ស្រប​ទៅ​នឹង​ច្បាប់​ដែរ​ឬទេ ជៀសវៀង​ការ​ដែល​ទទួល​បញ្ចាំ​យានយន្ត យាន​ជំនិះ ឬ​ទ្រព្យ​ផ្សេង​ដោយ​មិន​មាន​ឯកសារ ដែល​ជា​អំពើ​ខុស​នឹង​ច្បាប់ ឬជា​ការ​ទទួលផល​ចោរកម្ម ជាដើម ។

ស្រប​ទៅ​នឹងពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ លោក​អភិបាល ក៏​បាន​ដាក់​ចេញ​នូវ​ផែនការ ឲ្យ​កម្លាំងគណៈ​បញ្ជាការ​ឯកភាព​ទាំងអស់ ត្រូវ​ពង្រឹង​បន្ថែម​លើ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​តាម​វត្ត​អារាម​ដោយ​ធ្វើ​យ៉ាងណា ត្រូវ​រក្សា​អោយ​បាន​នូវ​សុខ​សុវត្ថិភាព ជូន​ពួក​គាត់ ។

ក្រៅពី​កិច្ច ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ហើយ​នោះ លោក​អភិបាល​ក៏​បាន​ណែនាំ​មន្ត្រី អោយ​បន្ត​ការ​យកចិត្ត​លើ​កិច្ច​ការងារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ ដូច​ជា ៖ ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​តម្លាភាព រហ័ស និង​ប្រកបដោយ​ប្រសិទ្ធ​ភា, ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ការ​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ, ព​ន្លឿ​ន​សិក្សា​គម្រោង​អភិវឌ្ឍន៍​សង្កាត់​និង​ខណ្ឌ និង​ការ​កែសម្រួល​សមាសភាព​គណៈកម្មាធិការ​នានា​ឲ្យ​ស្រប​នឹង​ស្ថានភាព​ជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ