ខេត្តតាកែវ ៖ ពលរដ្ឋជាអាជីវករដែលមានតូបលក់ដូរជាន់ក្រោមនៃផ្សារណាត់ ក្រុងដូនកែវ ខេត្តតាកែវ ជាច្រើននាក់ថ្ងូរដូចព្រាបបានលើកឡើងប្រាប់កោះសន្តិភាពថា ពួកគាត់នៅតែមិនទាន់បានចូលលក់ដូរដូចការគ្រោងទុក ដែលលោកថៅកែផ្សារកំណត់ ខណៈមានការពន្យារពេលពីមួយខែទៅមួយខែមួយដងជាពីរទៅហើយ ។

លោក ឡោ ជំនិត ប្រធានវិនិយោគផ្សារណាត់ធ្លាប់បាននិយាយកន្លងមកបញ្ជាក់ថា ផ្សារណាត់ថ្មីនេះ គឺមានទំហំ១៥ម៉ែត្រ គុណ៨០ កំពស់៣ជាន់ និងមានតូបជាង៤០០តូប ដែលត្រូវចំណាយពេលសាងសង់ជាងមួយឆ្នាំ ដោយចាប់ផ្តើមបុកគ្រឹះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ការសាងសង់ចុងឆ្នាំ២០២២ ។

លោកបន្ថែមថា ផ្សារណាត់នេះ គ្រោងនឹងបញ្ចប់ការសាងសង់មុនគម្រោង ហើយសម្រាប់ជាន់ផ្ទាល់ដី នៅដើមឆ្នាំ២០២២ បងប្អូនអាជីវករអាចចូលមកលក់ដូរបានវិញជាធម្មតា ។ ប៉ុន្តែជាក់ស្តែង លោកបានពន្យារពេលឲ្យអាជីវករចូលលក់ម្តងនៅខែមេសាម្តងនៅខែកក្កដា ឆ្នាំ២០២២ តែមកដល់ពេលនេះ ជាងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ទៅហើយ អាជីវករជាន់ក្រោមនៅតែមិនអាចចូលលក់ដូរបានដដែល។ សួរថា តើពេលណាទើបក្រុមអាជីវករជាន់ក្រោមចូលលក់ដូរបាន?

សូមបញ្ជាក់ថា ផ្សារណាត់ដែលល្បីថានិងក្លាយជាផ្សារទំនើបទីមួយក្នុងខេត្តតាកែវ គឺមានទីតាំងស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ បានចាប់ផ្តើស្ថាបនាតាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ គឹតមកត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ គឺមានរយៈពេល១៩ខែមកហើយ នៅតែពន្យារពេលគឺទាញយឺតដូចស្ករកៅស៊ូទៅហើយ មិនដឹងពេលណាទើបអាជីវករបាត់កំហឹងទេ ព្រោះលុយបានឱ្យចាយមុនអស់ហើយ ៕

ចែករំលែកព័តមាននេះ