ផ្លូវការ! UEFA សម្រេចហាមឃាត់រុស្ស៊ីពីការប្រកួតព្រឹត្តិការណ៍ Euro 2024
ស្វីស ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបញ្ជាក់ជាផ្លូវការថា រុស្សីត្រូវបានហាម
ស្វីស ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបញ្ជាក់ជាផ្លូវការថា រុស្សីត្រូវបានហាម
ស្វីស ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានបញ្ជាក់ជាផ្លូវការថា រុស្សីត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតក្នុងវគ្គជម្រុះព្រឹត្តិការណ៍ Euro 2024 ដែលជាទណ្ឌកម្មចំពោះការឈ្លានពានលើប្រទេសអ៊ុយក្រែន។
ដូចដឹងស្រាប់ហើយថា ក្រុមជម្រើសជាតិ និងក្លិបទាំងអស់របស់ប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់រួចទៅហើយពីការប្រកួតទាំងអស់របស់ UEFA និង FIFA ចាប់តាំងពីជម្លោះបានចាប់ផ្តើមឡើង កាលពីខែកុម្ភៈកន្លងទៅ។ ស្របពេលដែលការចាប់ឆ្នោតវគ្គជម្រុះពានរង្វាន់ Euro 2024 ដែលអាល្លឺម៉ង់ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅនៅទីក្រុង Frankfurt នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ ខណៈដែលនៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីមិនត្រូវបានរាប់បញ្ចូលក្នុងការចាប់ឆ្នោតវគ្គជម្រុះ Euro 2024។
រុស្ស៊ីបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមនេះ ទៅកាន់តុលាការអាជ្ញាកណ្តាលកីឡាហៅកាត់ថា (CAS) ប៉ុន្តែការទាំងនេះត្រូវបានច្រានចោលនៅក្នុងខែកក្កដា។ ខណៈការសម្រេចចិត្តដំបូងក្នុងការហាមឃាត់ក្រុមរុស្ស៊ីត្រូវបានធ្វើឡើងដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ហើយបន្ទាប់មកត្រូវបានតម្កល់ដោយតុលាការអាជ្ញាកណ្តាលកីឡានៅថ្ងៃទី១៥ ខែកក្កដា។
គួររំលឹកថា រុស្សីក៏ត្រូវបានហាមប្រាមពីការប្រកួតព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភលោក FIFA World Cup 2022 នៅប្រទេសកាតា។ ស្របពេលក្រុមនារីត្រូវបានដកសិទ្ធិចេញពីការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅនេះ ជំនួសដោយក្រុមព័រទុយហ្គាល់វិញ។
ដោយឡែកបណ្តាក្លិបអាជីពទាំងអស់របស់រុស្ស៊ី ក៏ត្រូវបានហាមប្រាមពីការប្រកួត Champions League, Europa League និង Europa Conference League រដូវកាលនេះផងដែរ ហើយក្រោយមក UEFA ថែមទាំងបានបញ្ចប់កិច្ចព្រមព្រៀងឧបត្ថម្ភរបស់ក្រុមហ៊ុន Gazprom ថាមពលរុស្ស៊ីផងដែរ។
បន្ថែមពីលើនេះទៀត ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League 2022 ដើមឡើយគ្រោងធ្វើឡើងនៅទីក្រុង St Petersburg ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងវិញ៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ