រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីងសងមួយកន្លែងដែលមានយីហោ « ពិនហ្វាទុងម៉ានឆឹង» ដែលមានម្ចាស់ជាជនជាតិចិន ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌ បានបើកការចុះឆែកឆេរពិនិត្យ កាលពីវេលាម៉ោង១៤រសៀល ថ្ងៃទី២០ ខែកញ្ញានេះ។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានអោយដឹងថា ៖ មុនឈានចុះទៅពិនិត្យក៏ដូចជា បង្ក្រាបកម្លាំងអាជ្ញាធរបានទទួលព័ត៌មានអំពីការលួចលាក់លេងល្បែងស៊ីសងនៅទីតាំងខាងលើ ដែលភាគច្រើន គឺជាជនជាតិចិនទើបនៅវេលាខាងលើកម្លាំងចម្រុះមាននគរបាល និងកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោកអភិបាលរងខណ្ឌបើកការចុះទៅបង្ក្រាបតែម្តង។
ប៉ុន្តែជាលទ្ធផលចំពោះមុខ នៅពេលដែលកម្លាំងអាជ្ញាធរចុះដល់ទីតាំង គឺម្ចាស់ទីតាំង និងក្រុមអ្នកលេងបានរត់គេចខ្លួនបាត់អស់ទៅហើយ នៅឡើយតែសន្តិសុខម្នាក់ប៉ុណ្ណោះដែលអង្គុយយាមទ្វារនៅខាងក្រៅទីតាំង។
បន្ទាប់ពីពិនិត្យឃើញថា មិនមានអ្នកលេង ហើយមានតែវត្ថុតាងតិចតួចប៉ុណ្ណោះពាក់ព័ន្ធនឹងល្បែង កម្លាំងអាជ្ញាធរក៏បានត្រឡប់ចេញមកវិញដោយមិនមានបិទទីតាំងខាងលើនោះឡើយ ហើយបុរសជាសន្តិសុខក៏មិនបានឃាត់ខ្លួននោះដែរ ព្រោះគាត់គ្រាន់តែយាមផ្ទះអោយគេប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ