ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​3​រូប​ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ស្អែកនេះ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ដែល​ត្រូវ​បាន​ផ្គូផ្គងឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀនទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​២៥ កុម្ភៈ ស្អែកនេះ ​មាន​កីឡាករ ចាន់ សំអាត មក​ពី​ក្លិប​អប់រំ​កាយ​

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ដែល​ត្រូវ​បាន​ផ្គូផ្គងឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀនទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​២៥ កុម្ភៈ ស្អែកនេះ ​មាន​កីឡាករ ចាន់ សំអាត មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង កីឡាករ យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម និង​កីឡាករ ពុធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​កីឡា ។

គូ​អន្តរជាតិ​ទី​១ កីឡាករ ចាន់ សំអាត ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ណ​ង​ដួង ស៊ី​តផេ​អេ​វ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។  ចាន់ សំអាត កម្ពស់​១,៦៥​ម៉ែត្រ ធ្លាប់​ប្រកួត​​បាន​៤៦​ដង ឈ្នះ​២៨​ដង ចាញ់​១៧​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ក្នុង​ពេល​កីឡាករ​ថៃ​មាន​កម្ពស់​១,៦៥​ម៉ែត្រ ធ្លាប់​ប្រកួត​៦៤​ដង ឈ្នះ​៥០​ដង ចាញ់​១២​ដង ស្មើ​១​ដង ។ ដោយសារ​កីឡាករ​ថៃ​រូប​នេះ​ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​នោះ គេ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ យ៉េន ឌី​ណា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម ក្នុង​ប្រភេទ​ទម្ងន់​៦១​គីឡូក្រាម ។ កីឡាករ យ៉េន ឌី​ណា កម្ពស់​១,៧០​ម៉ែត្រ ធ្លាប់​ប្រកួត​៦៩​ដង ឈ្នះ​៦០​ដង ចាញ់​៨​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ។ ចំណែក​កីឡាករ​ថៃ​មាន​កម្ពស់​១,៧៥​ម៉ែត្រ ធ្លាប់​ប្រកួត​១៨៤​ដង​ឈ្នះ​១៣១​ដង ចាញ់​៥១​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​រហូត​ដល់​ទៅ​៤០​ដង​ឯណោះ ។ ដូច្នេះ​កីឡាករ​ថៃ​រូប​នេះ​ពិតជា​មិនធម្មតា​នោះ​ទេ ម្យ៉ាងវិញទៀត កីឡា​ករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ​ទើប​គេ​គិត​ថា យ៉េន ឌី​ណា មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។

គូ​អន្តរជាតិ​ទី​៣ កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី ត្រូវជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​អា​ឡិច​ស៊ី​ត នឹង​ត្រា​កាន់ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ គូ​នេះ ពុទ្ធ ឆាយ​រិ​ទ្ធី មាន​កម្ពស់​១,៧៥​​ម៉ែត្រ ធ្លាប់​ប្រកួត​៧៥​ដង ឈ្នះ​៥៥​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៦​ដង ។ ចំណែក​កីឡាករ​ថៃ​វិញ​មាន​កម្ពស់​១,៦៨​ម៉ែត្រ ធ្លាប់​ប្រកួត​៤០​ដង ឈ្នះ​៣០​ដង ចាញ់​៨​ដង ស្មើ​២​ដង ។ គូ​នេះ​ប្រហែលជា​មិន​អាច​ទៅ​រួច​ជាមួយ ពុទ្ធ ឆាយ​រិ​ទ្ធី បាន​ទេ ព្រោះ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ប្រភេទ​ទម្ងន់​ធ្ងន់​នៅ​ស្រុក​ខ្មែរ​អត់​មាន​អ្នក​ណា​ស៊ូ​រួច​ជាមួយ​អ្នក​ប្រដាល់​មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​កីឡា​រូប​នេះ​បាន​ឡើយ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​ កីឡាករ ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ចាត ស៊ី​ចាន់ មក​ពី​ក្លិប​អប់រំ​កាយ ស្រុក​អន្លង់​វែង ។

សម្រាប់​ថ្ងៃអាទិត្យ ទី​២៦ កុម្ភៈ ខានស្អែក​វិញ នៅ​លើ​សង្វៀន​ដដែល ក៏​មានការ​ប្រកួត​ប្រដាល់លក្ខណៈ​មិត្តភាព​ដែល​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​ក្នុងស្រុក​ជា​ច្រើន​នាក់​ដូច​ជា កីឡាករ កេ​ត ចាន់​ឌី មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង រ៉ា​ម មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។

កីឡាករ សំខាន់ ប៉ាវ​ចិន មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ លឺ​ត ពិ​សិត មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​កីឡា ។

កីឡាករ ចាត សីហា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ ឈុ​ន បញ្ញា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ កីឡាករ ទី ព​ន្លែ​ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្ត​សៀម​រាប ប្រកួត​ជាមួយ​កីឡាករ រិ​ទ្ធ មុន្នី មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​គូ​ចុង​ក្រោយ​កីឡាករ ឈាង វ៉ែ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ យ៉ា​ម រ៉េ​ត មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ៕