ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ប្រគល់​ផ្ទះ​ទី​៧​ជូន​គ្រួសារ​ក្រីក្រ​រស់​ជា​ជន​កំព្រា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លំនៅ​ដ្ឋា​ន​ថ្មី មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី តម្កល់​លើ​ជើង​តាង​កម្ពស់​ពី​ដី​១,៥​ម៉ែត្រ ក្រាល​ក្តារ ជញ្ជាំង​ក្ដារ ត្រូវ​បាន​លោក​ឧកញ៉ា លី ហុង …

ខេត្តសៀមរាប ៖ លំនៅ​ដ្ឋា​ន​ថ្មី មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី តម្កល់​លើ​ជើង​តាង​កម្ពស់​ពី​ដី​១,៥​ម៉ែត្រ ក្រាល​ក្តារ ជញ្ជាំង​ក្ដារ ត្រូវ​បាន​លោក​ឧកញ៉ា លី ហុង និង​លោក​ជំទាវ ម្ចាស់​សណ្ឋាគារ​អង្គរ ផា​លែស ខេត្តសៀមរាប ផ្តល់​តាម​រយៈ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប ប្រគល់​ជូន​ក្រុម​គ្រូ​សារ​ក្រីក្រ​ខ្លាំង នៅ​ភូមិ​ដាក់​ផ្កា ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​វត្ត​របស់​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀម​ម​រាប ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ ដែល​ជា​អំណោយ​សប្បុរសធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ជា​ច្រើន​ទៀត ។

បន្ទាប់​ពី​កិច្ច​ស្វាគមន៍​របស់​លោក ម៉ក់ ប្រុស ប្រធាន​អនុ​សាខា​កាកបាទក្រហម​ស្រុក​សូទ្រនិគម និង​តាម​សេចក្តីរាយការណ៍​របស់​លោក ស៊ុំ សំ​អន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​ឪពុក​ម្តាយ​របស់​ក្មួយ​ប្រុស យី បញ្ញា បាន​ស្លាប់​ចោល​មក ក្មួយ យី បញ្ញា រស់នៅ​ស្ថិត​ក្នុង​ភាព​ឯក​ការ ហើយ​ត្រូវ​បាន​ខិតខំ​ទៅ​ធ្វើ​កម្មករ​ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​ប្អូន​ៗ២​នាក់​របស់​ខ្លួន ព្រមទាំង​ឲ្យ​ប្អូនស្រី​បាន​ចូល​សិក្សា​រៀនសូត្រ​ដែល​មានការ​គាំទ្រ​ពី​អាជ្ញាធរ​ឃុំ​-​ស្រុក​ផង​ដែរ ។

ក្រោម​ការ​អំពាវនាវ​របស់​សាខា​កាកបាទក្រហម​ខេត្ត ទើប​មាន​សប្បុរសជន​ដែល​មាន​លោក​ឧកញ៉ា លី ហុង និង​លោក​ជំទាវ ម្ចាស់​សណ្ឋាគារ​អង្គរ ផា​លែស ខេត្តសៀមរាប បាន​ជួយ​ឧបត្ថម្ភ ទើបបាន​សាងសង់​លំនៅ​ដ្ឋា​ន​នេះ​ឡើង ជូន​ដល់​ក្មួយ​ប្រុស យី បញ្ញា ឲ្យ​បាន​រស់នៅ​បាន​សមរម្យ ហើយ​ក៏​ជា​ផ្ទះ​ទី​២ របស់​លោក​ឧកញ៉ា និង​ជា​ផ្ទះ​ទី​៧ របស់​សាខា​កាកបាទក្រហម​ខេត្ត ក៏​ដូច​ជា​ផ្ទះ​ទី​២ ក្នុង​ឆ្នាំ​២០១៧​នេះ ត្រូវ​សាងសង់​អស់​ថវិកា​សរុប​១.២០០​ដុល្លារ ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀម​ម​រាប ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។

លោក​ជំទាវ ក៏​បាន​បន្ត​ថា ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ក្រុម​គ្រួសារ​ប្អូនប្រុស ទើប​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​សម្រេច​សាងសង់​ផ្ទះ​មួយ​ខ្នង​ជូន​ក្រុម​គ្រួសារ​ប្អូន​នា​ពេល​នេះ  ក្រោម​ការ​ជួយ​ឧបត្ថម្ភ របស់​លោក​ឧកញ៉ា លី ហុង និង លោក​ជំទាវ ជា​សប្បុរសជន​ក្នុង​ខេត្ត ហើយ​ក៏​ជា​ការ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែល​បាន​លើក​ឡើង​ថា កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​ៗ​គ្នា ហើយ​ទីណា​មានទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទក្រហម កម្ពុជា ។

លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង ក៏​បាន​បន្ត​ថា សូម​ប្អូន​កុំ​អស់សង្ឃឹម ត្រូវ​មើល​ប្អូន​ៗ​បន្ត​ឲ្យ​គាត់​បាន​រៀនសូត្រ ទោះបីជា​យ៉ាងណា​យើង​អាច​ធ្វើ​អ្វី​ៗ​បាន​ច្រើន​ណាស់​សម្រាប់​ខ្លួនឯង និង​គ្រួសារ ហើយ​សង្គម​ក៏​មិន​បោះបង់​ចោល​ប្អូន​ឡើយ ។
សូម​បញ្ជាក់​ថា អំណោយ​សង្កត់​ផ្ទះ​នា​ពេល​នោះ រួម​មាន មុង​១ ភួយ​១ សារុង​១ ក្រមា​១ កន្ទេល​១ អង្ករ​៥០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ និង​ទឹកបរិសុទ្ធ​៥​យួរ ចានស្រាក់​១​ស្រាក់ ឆ្នាំង​២ ខ្ទះ​១ វែក​ឆា​១ វែក​បាយ​១ ចាន​៥ ស្លាបព្រា​៥ ឡាំង​ទឹក​២ ផ្តិល​ជ័រ​១ កញ្ច្រែង​១ កំសៀវ​១ ចានដែក​២ និង​ថវិកា​២០​ម៉ឺន​រៀល ៕